ប្រទេសមួយនៅអាហ្វ្រិកលុបចោលបុណ្យណូអែល ព្រោះអេបូឡា
- 2014-12-15 16:17:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសមួយនៅអាហ្វ្រិកលុបចោលបុណ្យណូអែល ព្រោះអេបូឡា
ចន្លោះមិនឃើញ
ប្រទេសសេរ៉ាឡេអូន ដែលរងគ្រោះខ្លាំងជាងគេដោយមេរោគអេបូឡា បានប្រកាសកាលពីថ្ងៃសុក្រ ហាមឃាត់រាល់ការប្រារព្ធពិធីបុណ្យណូអែល ព្រោះព្រួយបារម្ភមេរោគកំណាចនេះរីករាលដាលកាន់តែខ្លាំងឡើង។
ទាហានរបស់រដ្ឋាភិបាល នឹងត្រូវដាក់ពង្រាយតាមដងវិថីនានាអំឡុងពេលមានពិធីបុណ្យណូអែល ដើម្បីបង្ខំប្រជាជនដែលចេញមកអបអរសាទរ ឲ្យត្រលប់ចូលទៅក្នុងផ្ទះវិញ។ លោក Palo Conteh ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺអេបូឡា បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានី Freetown ថា "គ្មានបុណ្យណូអែលទេ ហើយក៏គ្មានការអបអរពិធីចូលឆ្នាំថ្មីដែរ ក្នុងឆ្នាំនេះ"។ លោកបានបន្ថែមទៀតថា "យើងនឹងធានាអ្នកគ្រប់គ្នាឲ្យនៅក្នុងផ្ទះ ដើម្បីការពារខ្លួនពីមេរោគអេបូឡា... ទាហាននឹងដាក់ពង្រាយតាមផ្លូវ ដើម្បីបញ្ឈប់អ្នកអបអរបុណ្យណូអែល និងចូលឆ្នាំថ្មី"។
ប្រជាជនសេរ៉ាឡេអូនភាគច្រើនប្រតិបត្តិសាសនាអ៊ីស្លាម ប៉ុន្តែប្រហែល ១ភាគ៤ ទៀត គឺជាអ្នកគោរពសាសនាគ្រិស្ត ហើយអ្នកទាំងនោះតែងចេញមកប្រមូលផ្ដុំគ្នាតាមទីសាធារណៈ ដើម្បីរៀបចំការកម្សាន្ត កំឡុងពេលមានពិធីបុណ្យផ្សេងៗ។
អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសេរ៉ាឡេអូន មានអ្នកឆ្លងមេរោគអេបូឡា ១៨១៨៨ករណី ហើយចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥៨៣នាក់។ ប្រទេសសេរ៉ាឡេអូន រងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេបំផុត ស្មើនឹង ៣ដងនៃប្រទេសហ្គីណេ និងលីបេរីយ៉ាបូកបញ្ចូលគ្នា៕
តាមដានព័ត៌មានជាច្រើនទៀតទាក់ទងនឹងមេរោគអេបូឡា៖ សូមចុចទីនេះ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ dailymail