ឆ្នាំ​ថ្មី​ ឆ្នាំ​សាកល​ គំនិត​ច្នៃ​ប្រឌិត​ថ្មី​ បង្កើត​ក្តី​ស្រមៃ​ជា​មួយ​គ្នា!

  • 2014-12-19 16:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មួយ​ឆ្នាំ​ៗ​ តើ​ប្រិយមិត្ត​មាន​កត់​សម្គាល់​ទេ​ថា​ ជីវិត​របស់​អ្នក​គឺ​ពោរពេញ​ដោយ​ការ​ស្ថាបនា​ ឬ​កសាង​ឲ្យ​មាន​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ?

 

ជាក់​ស្ដែង​នៅ​ពេល​ធំ​ដឹង​ក្ដី​បន្តិច​ ប្រិយមិត្ត​ទាំង​អស់​ត្រូវ​បាន​ប៉ា​ម៉ាក់​បញ្ជូន​ទៅ​សាលា​ ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជា​ផ្សេង​ៗ។ នៅ​ក្នុង​ថ្នាក់​ អ្នក​មិន​ត្រឹម​តែ​សិក្សា​ពី​ចំណេះ​ដឹង​ទូទៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​​រៀន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ ដែល​មាន​វ័យ​ស្របាល​គ្នា​ផង។ ពេល​នោះ​ហើយ​ អ្នក​ចាប់​ផ្ដើម​កសាង​មិត្តភាព​ ហើយ​មិត្ត​រួម​ថ្នាក់​ខ្លះ​អាច​នឹង​កំដរ​អ្នក​តាំង​ពី​សាលា​មត្តេយ្យ​ ឬ​បឋម​សិក្សា​រហូត​ដល់​បញ្ចប់​ការ​សិក្សា​ក៏​មាន។

 

 

ក្នុង​វ័យ​សិក្សា​នេះ​ដែរ​ រឿង​មួយ​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​មិន​អាច​ចៀស​ផុត​ ជា​ពិសេស​នៅ​ពេល​ដល់​​វ័យ​ជំទង់​ នោះ​គឺ​ទំនាក់ទំនង​ស្នេហា។ អ្នក​អាច​នឹង​ចាប់​ចិត្ត​លើ​មិត្ត​រួម​ថ្នាក់​របស់​អ្នក​ ឬ​នរណា​ម្នាក់​នៅ​ក្នុង​សាលា​នោះ។ ថា​មិន​ត្រូវ ​សិស្ស​ច្បង​ ឬ​សិស្ស​ប្អូន​អ្នក​អាច​លួច​ស្រលាញ់​​អ្នក​ផង​ក៏​មិន​ដឹង។ ពេល​នេះ​ អ្នក​បាន​វិវឌ្ឍ​ពី​ការ​កសាង​មិត្តភាព​ឆ្ពោះ​ទៅ​ការ​កសាង​ទំនាក់​ទំនង​ស្នេហា​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ក៏​អាច​កើត​ទុក្ខ​ព្រោះ​បរាជ័យ​ក្នុង​រឿង​ស្នេហា​ដែរ។

 

ការ​សិក្សា​មាន​រយៈពេល​វែង​ណាស់​ គឺ​ត្រូវ​ចំណាយ​ពេល​តាំង​ពី​អ្នក​ទើប​ចេះ​ដើរ​តេះតះ​រហូត​ដល់​ធំ​ពេញ​រូប​រាង។ ជួន​កាល​នៅ​ពេល​អ្នក​ចេញ​ពី​សាលា​ហើយ​ ក៏​ការ​កសាង​ចំណេះ​ដឹង​នៅ​តែ​បន្ត​ទៅ​ដល់​កន្លែង​ធ្វើ​ការ​របស់​អ្នក​ទៀត។ ការ​កសាង​សមត្ថភាព​នេះ​គឺ​គ្មាន​ទី​បញ្ចប់​ទេ​ មិន​ថា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​ឡើយ។

 

 

ដើម្បី​អាច​ឲ្យ​អ្នក​ធំឡើង​ក្លាយ​ជា​យុវជន​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ អ្នក​ចាំ​បាច់​ត្រូវ​កសាង​ជីវិត​របស់​អ្នក​ជាមួយ​នឹង​គោលដៅ​ច្បាស់​លាស់​ ចាប់​ពី​ឆ្នាំ​២០១៥​ខាង​មុខ​​នេះ​ទៅ​ ដូចជា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ឲ្យ​បាន​ប្រឡង​ជាប់​ឌីប្លូម​ ឬ​ជាប់​បាក់ឌុប​ទទួល​បាន​និទ្ទេស​ល្អ​ ដណ្ដើម​យក​អាហារូបករណ៍​ចូល​សាកលវិទ្យាល័យ។ សម្រាប់​អ្នក​ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​ ក៏​គួរ​​កំណត់​គោលដៅ​ ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​បាន​ការងារ​​​ធ្វើ​ក្នុង​ស្ថាប័ន​ណា​មួយ។ ចំពោះ​អ្នក​ដែល​មាន​ការងារ​ធ្វើ​ស្រាប់​ហើយ​ តែ​ត្រឹម​ជា​បុគ្គលិក​ថ្នាក់​ក្រោម​ ក៏​អាច​​ដៅ​ផែនការ​ផ្ទាល់​ខ្លួន​ ថា​តើ​ត្រូវ​ឆក់​យក​កៅអី​ និង​ប្រាក់ខែ​បុគ្គលិក​ថ្នាក់​លើ​ ដែល​ធ្វើ​ការ​ខ្ពស់​ជាង​អ្នក​មួយ​កម្រិត​ ឬ​ពីរ​កម្រិត​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០១៥​ដោយ​របៀប​ណា។ ដើម្បី​អាច​ចាប់​យក​តួនាទី​បាន​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ អ្នក​ត្រូវ​កសាង​ស្នាដៃ​​ល្អ​ៗ​ជា​ច្រើន​ សម្រេច​លទ្ធផល​ជា​ផ្លែ​ផ្កា​ ធ្វើ​ឲ្យ​ថ្នាក់​លើ​អ្នក​ភ្ញាក់ផ្អើល។ ជំហាន​បន្ទាប់​ ឡាន​មួយ​គ្រឿង​ ផ្ទះ​មួយ​ខ្នង​ល្មម​អាច​រស់​នៅ​បាន​ និង​គ្រួសារ​ដ៏​សមរម្យ​មួយ​ សុទ្ធ​សឹង​តែ​អ្នក​អាច​កសាង​ឡើង​បាន​ទាំង​អស់។

 

ទោះ​បី​យ៉ាងណា​​ការ​កំណត់​ផែន​ការ​ហាក់​គ្រាន់​ជា​បន្ទាត់​​ដ៏​ត្រង់​មួយ​ ងាយ​ស្រួល​គិត​ងាយ​ស្រួល​និយាយ​ ប៉ុន្តែ​ដល់​ពេល​អនុវត្ត​ជាក់​ស្ដែង​ អ្នក​ត្រូវ​ដើរ​ផ្លូវ​វាង​ ជួន​កាល​ត្រូវ​ចុះ​ទឹក​ ឬ​ឡើង​ភ្នំ។ ពេល​ខ្លះ​ អ្នក​ត្រូវ​បាត់​បង់​សេចក្ដី​​រីក​រាយ​ ខាត​អស់​ពេល​វេលា​ ឃ្លាត​ឆ្ងាយ​ពី​មិត្តភ័ក្ដិ​ សូម្បី​តែ​ដៃ​គូ​ជា​ទី​ស្រលាញ់​ក៏​អាច​របូត​បាត់​ដែរ។

 

 

 

 

 

 

 

តាម​រយៈ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ ដែល​ប្រិយមិត្ត​ទាំង​អស់​អាច​នឹង​ជួប​ប្រទះ​ គេហទំព័រ​ Sabay ​នឹង​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ ផ្ដល់​អ្នក​នូវ​ចំណេះ​ដឹង​សម្បូរ​បែប​ បំណិន​ជីវិត​ប្លែក​ៗ​ និង​ដំណោះ​​ស្រាយ​ផ្សេង​ៗ។ Sabay ​នឹង​បង្ហាញ​នូវ​គន្លឹះ​អំពី​ការ​អប់រំ​ អាហារូបករណ៍​នានា​ បទ​ពិសោធន៍​របស់​បុគ្គល​ជោគជ័យ​ ព្រឹត្តិការណ៍​ទាន់​ហេតុការណ៍​កើត​ឡើង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ កែ​ការ​អផ្សុក​របស់​អ្នក​ជាមួយ​នឹង​ព័ត៌មាន​កម្សាន្ត​ និង​កីឡា ​នាំ​មក​នូវ​ចំណេះ​ដឹង​បច្ចេកវិទ្យា​ជុំវិញ​ខ្លួន​អ្នក​ និង​គន្លឹះ​ដោះ​ស្រាយ​ពី​វិបត្តិស្នេហា ​ដូច្នេះ​មិត្ត​យុវវ័យ​ទាំង​អស់​អាច​យក​ទៅ​ប្រើប្រាស់​ ដើម្បី​ស្ថាបនា​ឆ្នាំ​២០១៥​របស់​អ្នក​ប្រកប​ដោយ​ជោគជ័យ៕

 

មាស រ័ត្ន​ និពន្ធ​នាយក​រង