ចូល​មើល​ចម្លាក់​ពុទ្ធរូប​តាម​ជញ្ជាំង​ភ្នំ​ដ៏​មហិមា ចំណាយ​ពេល​សង់​ជាង ៤០០ឆ្នាំ

  • 2014-12-20 18:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Longmen Grottes គឺ​ជា​បណ្ដុំ​ប្រាសាទ​សម្រាប់​ព្រះពុទ្ធ​សាសនា​​ដែល​ត្រូវ​បាន​ឆ្លាក់​លុង​ចូល​ជញ្ជាំង​ភ្នំ តាម​ដង​ទន្លេ Li ភាគ​ខាង​ត្បូង​ទីក្រុង Luoyang ខេត្ត Henan ប្រទេស​ចិន។ នៅ​តំបន់​នេះ​មាន​រូងភ្នំ​ចំនួន ១៣៥០ និង​មាន​ប្រាសាទ​ចំនួន ៤០ ដែល​សម្បូរ​ទៅ​ដោយ​រូប​ចម្លាក់​ព្រះ​ពុទ្ធរូប​គ្រប់​សណ្ឋាន តាំង​ពី​ទំហំ​មួយ​អ៊ីញ រហូត​ដល់​កម្ពស់ ១៧​ម៉ែត្រ សរុប​ជាង ១សែន​ពុទ្ធរូប ឆ្លាក់​ចេញ​ពី​ថ្ម​ភ្នំ​សុទ្ធសាធ។ រូងភ្នំ​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​​ជា​គំរូ​សិល្បៈ​ពុទ្ធសាសនា​ល្អ​បំផុត​មួយ​នៅ​ប្រទេស​ចិន។

 

 

​រូងភ្នំ Longmen Grottoes លាត​សន្ធឹង​ប្រវែង ១២គីឡូម៉ែត្រ​នៅ​ទីក្រុង Luoyang ដែល​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ​របស់​ចិន។ សំណង់​នៅ​តំបន់​នេះ​បាន​ចាប់​ផ្ដើម​កសាង​​ឡើង​​នៅ​ឆ្នាំ​៤៩៣ ក្នុង​រជ្ជកាល​អធិរាជ Xiaowen និង​បាន​បន្ត​ចំនួន ៦​ជំនាន់​ជាប់​ៗ​គ្នា រួម​ទាំង​​​រាជវង្ស​ Tang និង​​រាជវង្ស​ Song ​​សរុប​ជាង ៤០០ឆ្នាំ។ ​​​​

 

រូងភ្នំ​ទាំង​នេះ​ចាប់​ផ្ដើម​រង​ការ​ខូចខាត​ក្នុង​សតវត្ស​ទី​៩ នៅ​ពេល​មាន​ចលនា​ប្រឆាំង​ព្រះ​ពុទ្ធ​សាសនា។ ការ​បំផ្លិចបំផ្លាញ​បាន​បន្ត​យ៉ាង​ខ្លាំង​ទៀត​ក្នុង​អំឡុង​សតវត្ស​ទី​១៩ និង​ទី​២០ ដោយ​ស្នាដៃ​ប្រមាញ់​របស់​​ជន​បរទេស។ ដូច្នេះ​ហើយ​ទើប​​បច្ចុប្បន្ន​គេ​ឃើញ​ចម្លាក់​ជា​ច្រើន​នៅ​តំបន់​នេះ​​ត្រូវ​គេ​យក​ទៅ​ទុក​នៅ​ប្រទេស​ផ្សេង​ៗ​រួម​មាន សារមន្ទីរ​សិល្បៈ Metropolitan នៅ​ទីក្រុង​ញីវយ៉ក សារមន្ទីរ Atkinson នៅ​ទីក្រុង Kansas និង​សារមន្ទីរ​ជាតិ​នៅ​ទីក្រុង​តូក្យូ​ជា​ដើម។

 

បច្ចុប្បន្ន Longmen Grottoes បាន​ក្លាយ​ជា​តំបន់​អភិរក្ស និង​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO កាល​ពី​ឆ្នាំ​២០០០ ៕

 

 
 
 
 
 
 
 
 
 
 
 

ចុច​ត្រង់​នេះ ដើម្បី​ទស្សនា​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖amusingplanet

អត្ថបទពេញនិយម