ដើមចមឈ្មោះ “ហហ្មុក” ម្ហូបប្រវត្តិដ៏ចាស់ទុំរបស់ខ្មែរ
- 2014-12-26 17:21:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមចមឈ្មោះ “ហហ្មុក” ម្ហូបប្រវត្តិដ៏ចាស់ទុំរបស់ខ្មែរ
ចន្លោះមិនឃើញ
ជួបជាមួយ Sabay កន្លងទៅ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ អ៊ាន សុធាវី បានរៀបរាប់ពីប្រវត្តិមុខម្ហូបខ្មែរមួយមុខ ឈ្មោះថា “ហហ្មុក“។ ទោះបីជាមិនមានឯកសារណាមួយ ឬនរណាម្នាក់អាចបញ្ជាក់ច្បាស់ពីប្រវត្តិនៃមុខម្ហូបនេះ ក៏ពិតមែន តែលោកបានបង្ហាញប្រាប់ Sabay យោងតាមការសាកល្បងស្រាវជ្រាវ ដោយចុះសាកសួរចាស់ទុំមួយចំនួនធ្លាប់មានថ្វីដៃ និងបទពិសោធន៍ក្នុងការធ្វើម្ហូបនេះ។ លោកបានបញ្ជាក់ថា មានការលើកឡើងគួរចាប់អារម្មណ៍មួយចំនួនពាក់ព័ន្ធនឹងឈ្មោះម្ហូប ខ្មែរ “ហហ្មុក” ដ៏ចម្លែកនេះ។
ព្រឹទ្ធាចារ្យទាំង នោះបានបំភ្លឺប្រាប់លោកថា ចំពោះប្រវត្តិនៃគ្រឿងផ្សំ “ហហ្មុក” នេះមានច្រើនមុខណាស់ ទម្រាំបានចេញជាមុខម្ហូបមួយមុខនេះ។ ជាដំបូងត្រូវយកគ្រឿងផ្សំទាំងនោះមកបុកឲ្យម៉ដ្ឋនិងកូរលាយ បញ្ចូលគ្នា ទម្រាំចូលជាតិឆ្ងាញ់ ត្រូវការផ្អាប់ទុកមួយសន្ទុះទៀតផង។ មកពីគេគិតថាមុខម្ហូបនេះគឺ “ស្មុគស្មាញ“ ខ្លាំងណាស់ទើបគេ នាំគ្នាហៅថា ហហ្មុកនេះរហូតមក។
ចំណែក លោកយាយ ឯម ធាយ ព្រឹទ្ធាចារ្យគ្រូរបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈបានលើកឡើងថា មានការនិយាយតគ្នាថា មានពីរនាក់យាយតា ជាអ្នកលក់បាយម្ហូប ដោយយាយជាអ្នកធ្វើម្ហូប ហើយតាជាអ្នករែកដើរលក់។ ម្ហូបដែលគាត់លក់នោះគឺ ហហ្មុក នេះឯង ដែលនៅពេលនោះ មិនមាននរណាហៅឈ្មោះនេះទេ។ លោកយាយបានបន្តថា តែក្រោយមក តាមការស្មានរបស់ខ្លួន ប្រហែលជាដោយសារតែតាលក់ម្ហូបនោះមានឈ្មោះថា តាម៉ុក ទើបគេនាំគ្នាហៅមុខម្ហូបដែលមានរសជាតិនេះថា “ហហ្មុក“ៗ រហូតទៅ។
ចង់សាក អាចទៅហាងញ៉ាំអាហារលើអាកាសមួួយនេះ
ហហ្មុក (រូបភាពពី៖ khmerologie)
អង្គ ម្ចាស់ ស៊ីសុវត្ថិ សុជាតិ បុទុម វិញធ្លាប់មានព្រះបន្ទូលប្រាប់លោក អ៊ាន សុធាវីថា កាលដើមឡើយ សម្ភារៈប្រើប្រាស់របស់ប្រជាជនខ្មែរ គឺមិនទាន់មានការរីកចម្រើននៅ ឡើយទេ។ រាល់ការចម្អិនចំណីអាហារផ្សេងៗគឺគេយកស្មុកជាឧបករណ៍សម្រាប់ ចំហុយ។ តួយ៉ាង ដូចជាហហ្មុកនេះគឺ គេចំហុយនឹងស្មុគដោយគេយកស្លឹកចេកមកក្រាលជាទ្រនាប់ទើបគេយក កន្ទោង ដែលរៀបចំហើយនោះ ដាក់ចូលក្នុងស្មុកគ្របឲ្យជិតចំហុយតែម្ដង។ ធ្វើបែបនេះ មកពីការនោះគេចំហុយនឹងស្មុក តែក្រោយៗមក បាត់ពាក្យ “ស្មុក” ទៅចេញជា ហហ្មុកនេះទៅវិញ។
អ្វីដែលបានរៀបរាប់ខាងលើនេះ សុទ្ធជាការយល់ឃើញរបស់ចាស់ទុំមួយចំនួន ព្រោះមិនទាន់មានឯកសារណាមួយបញ្ជាក់ច្បាស់ដែរ។ ទោះបីជាចម្លើយនៃពាក្យហហ្មុកនេះសុទ្ធតែប្លែកៗគ្នា ក្រសួងវប្បធម៌ក៏បានសម្រេចឯកភាពយកតាមបន្ទូលអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សុជាតិបុទុម ធ្វើជាមូលដ្ឋានបន្ទាប់ពីមានការសិក្សាវែកញែកឃើញថាសមហេតុសមផល គឺ ហហ្មុក អាចក្លាយមកពីពាក្យថា ស្មុក ដែលជាឧបករណ៍សម្រាប់ចំហុយម្ហូបនេះ៕
អត្ថបទ៖ សួន ពលិកា