ឡាច វុទ្ធី អាជ្ញាកណ្ដាលយូដូអន្តរជាតិ របស់កម្ពុជា
- 2014-12-30 21:42:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាច វុទ្ធី អាជ្ញាកណ្ដាលយូដូអន្តរជាតិ របស់កម្ពុជា
ចន្លោះមិនឃើញ
លោក ឡាច វុទ្ធី បានចូលបម្រើការងារជានាយកបច្ចេកទេសនៅក្នុងខេមរៈសហព័ន្ធកីឡាយូដូកម្ពុជាតាំងពីឆ្នាំ២០០០។ បន្ទាប់មក លោកបានជាប់ឆ្នោតជាអគ្គលេខាធិការ នៅក្នុងខេមរៈសហព័ន្ធកីឡាយូដូក្នុងឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន។
អ្វីដែលគួរឲ្យកោតសរសើរនោះ លោកបានប្រឡងជាប់ជាអាជ្ញាកណ្ដាលយូដូអន្តរជាតិIJF(International Judo Federation)ក្នុងឆ្នាំ២០០៣នៅប្រទេសវៀតណាម។ លោកបានចេញទៅធ្វើជាអាជ្ញាកណ្ដាលនៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអន្តរជាតិជាច្រើនដង។ លើសពីនេះទៅទៀត លោកបានចេញទៅហ្វឹកហាត់នៅឯបរទេសជាញឹកញាប់ជាពិសេសប្រទេស ជប៉ុន។
តើខ្សែជីវិតរបស់អាជ្ញាកណ្ដាលអន្តរជាតិរូបនេះប្រព្រឹត្តទៅបែបណា មុនឈានដល់សព្វថ្ងៃ?
លោកឡាច វុទ្ធីហក់ពីលើកីឡាករពីរនាក់
ជីវិតផ្ទាល់ខ្លួន លោក ឡាច វុទ្ធី កើតថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៦៨នៅសង្កាត់លេខ៣ រាជធានីភ្នំពេញ។ លោកមានបង ប្អូន៨នាក់ក្នុងនោះស្រី៤ នាក់ប្រុស៤នាក់។ លោកគឺជាកូនទី៣នៅក្នុងក្រុមគ្រួសារដែលមានលោកឪពុក ឈ្មោះ ឡាច សេងសាន និងម្ដាយឈ្មោះ តាន់ លីណា។
ការជម្លៀសខ្លួន ឆ្នាំ១៩៧៥ គ្រួសាររបស់លោកត្រូវបានជម្លៀសទៅកាន់ទឹកដីស្រុក លើកដែក ខេត្តកណ្ដាលដោយសាររបបខ្មៅងងឹត ប៉ុលពត។ លោក ឡាច វុទ្ធីសុំមិនរំលឹកពីរបបប្រល័យពូជសាសន៍នេះទេ តែលោកគ្រាន់តែនិយាយថា គឺគ្មានអ្នកណាម្នាក់រស់ដោយស្រួលនោះ ឡើយក្នុងគ្រានោះ។
ឆ្នាំ១៩៧៩ លោក និងក្រុមគ្រួសារបានត្រឡប់មកទីក្រុងភ្នំពេញវិញដោយចាប់យកផ្ទះនៅផ្ដុំផ្សារចាស់ ពីព្រោះមិនសូវជាមានមនុស្សរស់ នៅច្រើនកាលជំនាន់នោះ។ លោករំលឹកថា លោកអាយុប្រហែលជា៧ឆ្នាំប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ដោយសំណាងល្អ សមាជិកគ្រួសាររបស់លោកគ្មានអ្នកណាម្នាក់ស្លាប់ក្នុងបនប្រល័យ ពូជសាសន៍នោះឡើយ។
ការសិក្សាមុនឆ្នាំ១៩៧៥ លោកបានសិក្សាត្រឹមថ្នាក់ទី៣ (ត្រូវនឹងថ្នាក់ទី៩ពីដើម) ប៉ុណ្ណោះនៅសាលាភ្នំដូនពេញ (បច្ចុប្បន្នសាលាស៊ីសុវត្ថិ) តែចូលរៀននៅថ្នាក់ទី៨នៅឆ្នាំ១៩៨១នៅសាលាដដែល។ ការចូលរៀនថ្នាក់ទី៨នេះគឺផ្លោះរហូតដល់៥ថ្នាក់។ កាលនោះ លោកគ្រូក៏អនុញ្ញាតឲ្យលោកចូលរៀនដោយសារតែលោកពូកែមុខវិជ្ជា គណិតវិទ្យា ហើយការរៀននៅក្នុងថ្នាក់ទៀតសោតក៏មិនចាញ់អ្នកឡើងថ្នាក់ តាមលំដាប់លំដោយដែរ។ ក្រោយមកលោកបានប្រលងជាប់ មធ្យមសិក្សាទុតិយភូមិ(BacII)នៅក្នុងឆ្នាំ១៩៨៤។ ក្រោយបញ្ចប់ការសិក្សា លោកបានចូលបម្រើការងារជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃដល់ បច្ចុប្បន្ន។
អាពាហ៍ពិពាហ៍ លោកបានរៀបការជាមួយអ្នកស្រីចាន់ ជៀនក្នុងឆ្នាំ១៩៨៩ ក្រោយពីបានស្វែងយល់ចិត្តគ្នាតាំងពីឆ្នាំ១៩៨៣។ ការដឹងចិត្តដឹងថ្លើមគ្នារវាងអ្នកទាំងពីរបានកើតឡើងដោយសារតែ អ្នកស្រីហាត់កីឡាយូដូជាគ្នាកាលឆ្នាំ១៩៨៣។ បច្ចុប្បន្នអ្នកស្រីក៏ជាគ្រូបង្វឹកកីឡាយូដូថ្នាក់ខ្សែក្រវាត់ ខ្មៅ៣ដាន់ផងដែរនៅក្លិបយូដូអូឡាំពិក។ ក្នុងចំណងអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម និងប្រកបដោយសុភមង្គលនេះ អ្នកទាំងពីរបានបន្សល់ទុកចំណងដៃដោយមានបុត្រាបុត្រីពីរ នាក់ក្នុងនោះស្រីម្នាក់ និងប្រុសម្នាក់។ កូនស្រីច្បងឈ្មោះ ឡាច វង្សច័ន្ទរស្មី មានអាយុ១៥ឆ្នាំ និងកូនប្រុសពៅឈ្មោះ ឡាច វង្សសុភ័ក្រ្តា អាយុ ១០ឆ្នាំ។ការប្រឡូកក្នុងកីឡាយូដូ ឆ្នាំ១៩៨៣ បានចាប់ផ្ដើមហ្វឹកហាត់នៅម្ដុំអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។ ដល់ឆ្នាំ១៩៨៤ លោកបានចូលហ្វឹកហាត់កីឡាSAMBOជាមួយលោកសញ្ជាតិរុស្សី។ កីឡានេះដូចទៅនឹងកីឡាយូដូដែរ ពីព្រោះក្បាច់ស្រដៀងគ្នា។ ដោយឡែកក្នុងឆ្នាំ១៩៨៦-១៩៩១ លោកបានទៅបំពេញកិច្ចការនៅប្រទេសវៀតណាមដោយផ្អាកការហាត់ យូដូមួយរយៈរហូតដល់ឆ្នាំ១៩៩១។ ចុងឆ្នាំ១៩៩១ទើបលោកអាចបន្តការហ្វឹកហាត់វិញក្រោយពី ត្រឡប់ពីប្រទេសវៀតណាម។ ក្រោយពីបានខិតខំប្រឹងប្រែងហ្វឹកហាត់មិនខ្លាចនឿយហត់ លោកត្រូវបានកោះហៅឲ្យចូលលេងក្នុងក្រុមជម្រើសជាតិក្នុងឆ្នាំ ១៩៩២។
ឆ្នាំ ១៩៩៧ លោកបានចេញដំណើរទៅហ្វឹកហាត់នៅទីក្រុង Chiba ប្រទេស ជប៉ុនរយៈ៦ខែតាមរយៈអង្គការ JICA។ ឆ្នាំ១៩៩៨លោកបានទៅចូលរួមសិក្ខាសាលាយូដូមួយខែនៅ វិទ្យាស្ថានយូដូ Kodokan ប្រទេសជប៉ុន និងបានប្រឡងជាប់ខ្សែក្រវាត់ខ្មៅ២ដាន់ នៅទីនោះ។
លោកឡាច វុទ្ធី(កណ្ដាល) កាល រៀន នៅ OSAKA៣ខែ
ឆ្នាំ១៩៩៩ លោកបានចេញដំណើរទៅហ្វឹកហាត់យូដូនៅទីក្រុង Osak ប្រទេសជប៉ុនទៀត បន្ទាប់ពីទទួលបានខ្សែក្រវាត់ខ្មៅ២ដាន់។ ដោយសារតែការតស៊ូគួបផ្សំនឹងទេពកោសល្យមិនអាចខ្វះបាន លោកបានប្រលងជាប់ខ្សែក្រវាត់ខ្មៅ៣ដាន់។ កាន់តែអស្ចារ្យជាងនោះទៅទៀតលោកបានលងជាប់ខ្សែក្រវាត់ខ្មៅ ៤ដាន់ក្នុងឆ្នាំ២០០៧។
លោកឡាច វុទ្ធី(ខាង ឆ្វេង)កាល រៀន នៅ Kodokan៦ ខែ
ការងារជាអាជ្ញាកណ្ដាល អ្វីដែលគួរឲ្យកោតស្ញប់ស្ញែងនោះគឺលោកបានប្រឡងជាប់ជាអាជ្ញាកណ្ដាលយូដូអន្តរជាតិIJF(International Judo Federation)ក្នុងឆ្នាំ២០០៣នៅប្រទេសវៀតណាម។ឆ្នាំ២០០៣ ២០០៥ ២០០៧ ២០០៩ លោកបានចេញធ្វើជាអាជ្ញាកណ្ដាល ស៊ីហ្គេម (SEA GAMES)និងអាជ្ញាកណ្ដាលថ្នាក់ជាតិរួមនឹងអន្តរជាតិជាច្រើន ទៀត។
លោក ឡាច វុទ្ធី ធ្វើ អាជ្ញា កណ្ដាល Sea Games ឆ្នាំ ២០០៥ នៅ វៀត ណាម
ដឹកនាំការប្រកួត
លោកឡាច វុទ្ធី(រូបទី២ពី ឆ្វេង ) កាល ដឹក នាំ Sea Games នៅ Qatar
ការងារជាអគ្គលេខាធិការ ក្នុងឆ្នាំ២០០០លោកបានចូលបម្រើការងារក្នុងខេមរៈសហព័ន្ធកីឡា យូដូដែលមានតួនាទីជានាយកបច្ចេកទេស។ កិច្ចខិតប្រឹងប្រែងនិងសមត្ថភាពរបស់លោកត្រូវបានបង្ហាញយ៉ាង ច្បាស់ដោយត្រូវបានតែងតាំងជាអគ្គលេខាធិការរងក្នុងឆ្នាំ២០០២។ កាន់តែមានភាពលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃដោយកើតចេញពី បទពិសោធន៍ និងការងារ លោកបានក្លាយជាអគ្គលេខាធិការតែម្ដងក្រោយពីការបោះឆ្នោតក្នុង ឆ្នាំ២០០៤។អាជីពជាគ្រូបង្វឹក លោកបានចាប់ផ្ដើមបង្ហាត់យូដូតាំងពីឆ្នាំ១៩៩៧ ពោលគឺ ហ្វឹកហាត់ខ្លួនឯងផងនិងបង្ហាត់កូនសិស្សផង។ ការបង្វឹកបង្ហាត់នេះគឺផ្ដើមដំបូងនៅក្នុងក្លិបយូដូអូឡាំពិក រហូតដល់បច្ចុប្បន្ន។
ជាមួយគ្នានោះដែរ លោកបានបង្ហាត់កីឡាយូដូនៅសាលាបារាំងLycee De Cart(លីហ្សេដេកាត)តាំងពីឆ្នាំ២០០៣រហូតដល់បច្ចុប្បន្នដែរ។ បច្ចុប្បន្នលោកក៏ជាគ្រូបង្វឹកកីឡាយូដូក្រៅម៉ោងនៅសាលា “I Can” តាំងពីឆ្នាំ២០០៤ រហូតដល់ពេលនេះដែរ។ លោកបានបញ្ជាក់ថាលោកមានកូនសិស្សប្រហែលជាជាង៥០០នាក់ហើយចាប់ តាំងពីឆ្នាំ១៩៩៧មក។
លោកឡាច វុទ្ធីទទួល សញ្ញាបត្រ នៅ ជប៉ុន
ស្នាដៃទទួលបាន
គោលបំណងទៅថ្ងៃអនាគត ក្នុងនាមជាអគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ និងគ្រូបង្វឹកកីឡាយូដូ លោកឡាច វុទ្ធីបានអះអាងថាលោកនឹងបន្តកិច្ចខំប្រឹងថែមទៀតដើម្បី ធ្វើយ៉ាងណាឲ្យកីឡាយូដូដែលមានប្រភពមកពីប្រទេសជប៉ុននេះ កាន់តែរីកចម្រើនទៅមុខនៅកម្ពុជា។ ជាពិសេសការបង្កើតទំនាក់ទំនងជាមួយសហព័ន្ធកីឡាយូដូអន្តរជាតិ បន្ថែមលើការសម្រេចបានជោគជ័យនាពេលកន្លងមក។
មួយវិញទៀត លោកនឹងព្យាយាមផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានជ្រាប “កីឡាយូដូជួយដល់សុខភាពប្រចាំថ្ងៃ”។ លើសពីនេះក្បាច់គុនអាចជួយការពារខ្លួននិងបង្ការការគ្រោះ ថ្នាក់ផ្សេងៗ៕
អត្ថបទ៖ ឆន ទិត្យ រូបថត៖ ផ្ដល់ឲ្យ