ពាន​បាល់​ទះ​​សម្រាប់​សិស្ស​វិទ្យាល័យ​ប្រចាំ​ភ្នំ​ពេញ​​បើក​ជា​ផ្លូវការ​ថ្ងៃ​នេះ​

  • 2015-01-06 00:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់​បាល់ទះ​ធំ​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​​មាន​ឈ្មោះ​ថា​សកលវិទ្យាល័យ​វេស្ទើន​ ឆ្នាំ​ ២០១៥ (Western Cup 2015) បាន​ចាប់​ផ្ដើម​ប្រកួត​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី ៥ ខែ មករា ឆ្នាំ ២០១៥ នេះ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​​ដោយ​​ក្រុម​ភាគ​ច្រើន​មក​ពី​​តាម​​វិទ្យាល័យ​នានា ​ក្នុង​តំបន់។

 

 

ពិធី​បើក​រសៀល​នេះ​រៀបចំ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ

  ឯកឧត្ដម​ ស៊ាន​ បូរ៉ាត​​ រដ្ឋ​លេខាធិការ​ក្រ​សួង​អប់​រំ​ យុវជន​ និង​កីឡា​ និង ​ឯក​ឧត្ដម​ តែ​ ឡូរិន​ សកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ​​វេស្ទើន បាន​អញ្ជើញ​ជា​អធិបតីភាព​​ក្នុង​ពិធី​បើក​នេះ​។ លោក​ ស្រេង​​ សេង​ ប្រ​ធាន​ការិយាល័យ​អប់​រំ​កាយ​និង​កីឡា​នៃ​មន្ទីរ​អប់​រំ​យុវជន​និង​កីឡា​ រាជធានី​ភ្នំ​ពេញ​​បាន​​ធ្វើ​របាយការណ៍​ ស្ដី​ពី​ដំណើរ​ការ​ និង​បច្ចេកទេស​នៃ​ការ​ប្រ​កួត​បាល់​ទះ​យុវជន​សិស្ស​វិទ្យាល័យ​ដណ្ដើម​ពាន​រង្វាន់​ Western Cup ឆ្នាំ​នេះ។

 

ពាន ​រង្វាន់​នេះ​ត្រូវ​បាន​​​ចូល​រួម​ដណ្ដើម​ដោយ​វិទ្យាល័យ​ចំនួន​ ២៣​ ក្នុង​នោះ​ក្រុម​ដែល​​​ដណ្ដើម​បាន​ជ័យ​លាភី​នឹង​ទទួល​បាន​ ពាន​មួយ​, ទង់​អនុស្សាវរីយ៍​ចំនួន​មួយ, ​​អាហារូបករណ៍​ ៥០​ភាគរយ​ និង​ប្រាក់​រង្វាន់​ ចំនួន​ ​១០​​លាន​រៀល​ សម្រាប់​ក្រុម​​ចំណាត់​ថ្នាក់​លេខ​២​ទទួល​បាន​​ទង់​អនុស្សាវរីយ៍​មួយ​,  អាហារូបករណ៍​ ៥០​ភាគ​រយ​ និង ​ប្រាក់​រង្វាន់​ ៦ លាន​រៀល​ ស្រប​ពេល​ក្រុម​លេខ​ ៣​  ត្រូវ​ទទួល​ចំណែក ​ទង់​អនុស្សាវរីយ៍​មួយ, ​អាហារូបករណ៍​៥០​​ ភាគរយ ​និង ​ប្រាក់​រង្វាន់​ ៣​លាន​រៀល​។ ចំណែក​ក្រុម​លេខ​៤​ ទទួល​បាន​ទង់​អនុស្សាវរីយ៍​មួយ, ​អាហារូបករណ៍​៥០​ភាគ​រយ​ និង​ប្រាក់​រង្វាន់​៣​លាន​រៀល។

 

ព្រម ​​ជាមួយ​គ្នា​នោះ​ដែរ​ឯក​ឧត្ដម​ ស៊ាន បូរ៉ាត បាន​ប្រ​កាស​​បើក​​ដំណើរ​ការ​នៃ​ការ​ ប្រ​កួត​កីឡា​បាល់​ទះ​យុវជន​ Western Cup 2015 ជា​ផ្លូវការ ព្រម​ទាំង​ជូនពរ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគ​ជ័យ។ មន្រ្តី​មក​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ រូប​នេះ​បាន​ផ្ដល់​​ទស្សន​ទាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖​

 

១)​ប្អូន ​ៗ​និង​ក្មួយ​ៗ​ជា​កីឡាករ​ទាំង​អស់​ សូម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​ការ​ចូល​រួម​ប្រ​កួត​ ក្នុង​នោះ​ផ្ដោត​ជា​សំ​ខាន់​លើ​លក្ខណៈ​បច្ចេកទេស​​ សីលធម៌​យុត្តិធម៌​​និង​ប្រ​កប​ដោយ​ឆន្ទៈ​មុត​មាំ​ហើយ​ត្រូវ​ចេះ​គោរព​ដៃគូ​ ប្រ​កូត​របស់​ខ្លួន​ឲ្យ​បាន។

 

២) ​ប្រតិភូ ​ដឹក​នាំ​ទាំង​អស់​ ត្រូវ​​រក្សា​ឲ្យ​បាន​នូវ​មនសិការ​វិជ្ជា​ជីវៈ​របស់​ខ្លួន​ ហើយ​ជួយ​ពន្យល់​ណែ​នាំ​ដល់​កីឡាករ​របស់​ខ្លួន​ឲ្យ​ពួក​គេ​ចេះ​ទទួល​យក​ នូវ​លទ្ធផល​នៃ​ការ​ប្រ​កួត​ ក៏​ដូច​ជា​ការ​សម្រេច​របស់​អាជ្ញា​កណ្ដាល​។​

 

 

ឯកឧត្តម ស៊ាន បូរ៉ាត ថ្លែង​ក្នុង​ពិធី​បើក

 

៣)​ ចំ ​ពោះ​អាជ្ញា​កណ្ដាល​​ ចៅ​ក្រម​ ដែល​ជា​អ្នក​រៀប​ចំ​និង​ដឹក​នាំ​ការ​ប្រ​កួត​​សូម​រក្សា​និង​ប្រ​កាន់​នូវ​ អព្យា​ក្រិត​ភាព​មនសិការ​វិជ្ជាជីវៈ​ហើយ​ផ្ដល់​ភាព​យុត្តិធម៌​​ ទៅ​តាម​កម្រិត​បច្ចេកទេស​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រ​សិទ្ធ​ផល​ខ្ពស់​ របស់​កីឡាករ។​

  ៤)​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់​ បន្ត​រួម​ចំណែក​ធ្វើ​ឲ្យ​ចលនា​កីឡាករ​នេះ​ក្លាយ​ទៅ​ជា​ចលនា​សង្គម​ជាតិ​ទាំង​មូល​ តាម​ទិស​ស្លោក​ "កីឡា​សម្រាប់​ទាំង​អស់​គ្នា​ ទាំង​អស់​គ្នា​ដើម្បី​កីឡា"។  

ដំណាល​គ្នា​នេះ​ ក្រុម​បាល់ទះ​មក​ពី​វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ និង​ក្រុម​វិទ្យាល័យ ហ៊ុន សែន កោះដាច់ មក​ពី​ពូល B បាន​ប្រកួត​បើក​ឆាក​ជា​និមិត្តរូប​ផង​ដែរ។

  Western Cup 2015 រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ក្រោម​ការ​ឧបត្តម្ភ​ដោយ​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​ដូចជា M-150, រោងភាព​យន្ត​លេជេន​ ស៊ីធីម៉ល, ផ្សា​ទំនើប Cambodian, Superstore, ភេសជ្ជ​កម្ពុជា, សាលា​វេស្ទើន​អន្តរជាតិ, មជ្ឍមណ្ឌល​បណ្ដុះបណ្ដាល​វេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay៕  
 
  ​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា