ជ័យ កុសល ទម្លាយរឿងឈ្មួញទិញទឹកចិត្ត១ពាន់ដុល្លារពេលប៉ះ នួន សូរិយា
- 2015-01-16 22:21:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ័យ កុសល ទម្លាយរឿងឈ្មួញទិញទឹកចិត្ត១ពាន់ដុល្លារពេលប៉ះ នួន សូរិយា
ចន្លោះមិនឃើញ
អតីតជើងខ្លាំង ជ័យ កុសល ទម្លាយឲ្យដឹងថាធ្លាប់ត្រូវបានឈ្មួញប្រដាល់ទិញឧត្តមគតិក្នុងតម្លៃ១ពាន់ដុល្លារសហរដ្ឋអាមេរិកម្តងក្នុងអាជីពប្រដាល់របស់ខ្លួន ប៉ុន្តែលោកមិនបានលក់ឡើយ។
បន្ទាប់ពីចូលនិវត្តពីអាជីពប្រដាល់កាលពីដើមឆ្នាំ២០១៤ និងកំពុងក្លាយជាអាជ្ញាកណ្ដាល ចៅក្រម និងគណៈកម្មការប្រកួតនៅសង្វៀនទូរទស្សន៍ប្រដាល់អាស៊ីអាគ្នេយ៍ ជ័យ កុសល បានរំលឹកថា កាលពីឆ្នាំ២០០៥ លោកធ្លាប់មានឈ្មួញភ្នាល់ប្រដាល់ម្នាក់បានបញ្ចុះបញ្ចូលរូបគេឲ្យលក់ការប្រកួត។ សម្រាប់ការទិញទឹកចិត្តនៃការប្រកួតនេះគេឲ្យតម្លៃចំនួន១០០០ដុល្លារអាមេរិក។
លោកថា ៖«ព្រោះចង់រក្សាជាកីឡាករល្អ ជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ ទោះជីវភាពគ្រួសារខ្ញុំមិនធូរធារ ក៏ខ្ញុំមិនលក់ឧត្តមគតិដែរ។ ខ្ញុំមិនលក់កដាច់ខាត ព្រោះលុយប៉ុណ្ណឹងមិនអាចចិញ្ចឹមខ្ញុំបានមួយជីវិតទេ»។
លោកបានបញ្ជាក់ថា លោកបានចងចាំយ៉ាងច្បាស់ថា ឈ្មួញប្រដាល់បានព្យាយាមបញ្ចុះបញ្ចូលទិញការប្រកួតរបស់លោកជាមួយ នួន សុរិយាក្នុងវគ្គផ្ដាច់ព្រ័ត្រនៃដណ្ដើមជើងឯកមួយ។ ទីបំផុតលោកបានជ័យជំនះលើ នួន សូរិយា និងជាជើងឯកដែលទទួលខ្សែក្រវាត់១រួមទាំងប្រាក់រង្វាន់ ១លាន៥សែនរៀល និងម៉ូតូ Hongda Dream ២០០៥ មួយគ្រឿង។
លើសពីនេះទៀត ជ័យ កុសល បានប្រាប់ទៀតថា សំរាប់ការប្រកួតរបស់លោកកន្លងមក លោកមិនធ្លាប់លក់ឧត្ដមគតិរបស់ខ្លួនឡើយ ព្រមទាំងនិយាយថា ៖«បើតាំងចិត្តជាកីឡាករហើយមិនខំប្រឹងហ្វឹកហាត់ និងហ៊ានលក់ការប្រកួតទៀតនោះមុខជាអស់ល្បីហើយ»។
ក្នុងមានលោកជាកីឡាករដែលមានបទពិសោធន៍ច្រើន និងជាកីឡាករមួយរូបដែលទទួលបានជោគជ័យលោកបានផ្ដល់ដំបូលមានថា បើចង់ក្លាយខ្លួនជាកីឡាករល្បីត្រូវ ថែរក្សាខ្លួន កុំដើរលេងច្រើនពេក ហើយប្រឹងប្រែងហ្វឹកហាត់ឲ្យបានទៀងទាត់ ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា