យុវជនមួយក្រុមឈ្មោះ Future Pioneers បានបង្កើតគម្រោង «Green Sphere» ដើម្បីផ្សាភ្ជាប់យុវជនទៅនឹង សហគមន៍និងបរិស្ថានធម្មជាតិ

  • 2025-03-20 06:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០៧ មីនា ២០២៥ ដល់ ០៩ មីនា ២០២៥ យុវជនមួយក្រុមឈ្មោះ Future Pioneers បានបង្កើតគម្រោង «Green Sphere» ដោយបានជ្រើសរើសយុវជន ១១នាក់ ដើម្បីចូលរួមសកម្មភាព ការស្វែងយល់អំពីសហគមន៍ និងបរិស្ថានធម្មជាតិ នៅឯសហគមន៍នេសាទទេសចរណ៍កំពង់សាមគ្គី ខេត្តកំពត។ យុវជនដែលបានជ្រើសរើសចូលរួមកម្មវិធីមានអាយុចន្លោះពី ១៨ ទៅ ២២ ឆ្នាំ ហើយជានិសិ្សត ឆ្នាំទី១ ដល់ ឆ្នាំទី៤ ដែរមកពីសកលវិទ្យាល័យចំនួន ៨ ផ្សេងៗគ្នា។

បើយោងតាម លោក​ ពៀត វិឆៃ ដែលជាស្ថាបនិកនិងជាអ្នកដឹកនាំគម្រោង «Green Sphere» នេះផ្ទាល់ បានឱ្យដឹងថាគម្រោងនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “យុវជនផ្សាភ្ជាប់ទៅនឹងសហគមន៍និងបរិស្ថាន ធម្មជាតិ” ដែលក្នុងនោះមានគោលបំណង ៣​​​ គឺ ដើម្បីឲ្យយុវជនស្វែងយល់អំពី ការរស់នៅក្នុងសហគមន៍ ចូលរួមក្នុងការដាំដើមកោងកាង និងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ សហគមន៍នេសាទទេសចរណ៍ កំពង់សាមគ្គី។

គម្រោង «Green Sphere» មិនត្រឹមតែបានចូលរួមសកម្មភាពបរិស្ថានធម្មជាតិប៉ុណ្ណោះទេ តែសកម្មភាព ទាំងនេះបានចូលរួមចំណែកជាចំណូលមួយផ្នែកទៅសហគមន៍ផងដែរតាមរយៈ ការស្នាក់នៅ ម្ហូបអាហារ ​ដាំដើមកោងកាង ជិះទូកកម្សាន្ត និងសកម្មភាពផ្សេងៗទៀត។

យុវជនដែលចូលរួមទាំងអស់ទទួលបាននូវបទពិសោធន៍ការរស់នៅជាសហគមន៍ដូចជាការធ្វើការបង្គាក្រៀមដែលបានបង្រៀននិងណែនាំដោយអ្នកនៅក្នុងសហគមន៍ផ្ទាល់ និងការរាវងាវដែលជាមុខរបរប្រចាំថ្ងៃ អ្នកនៅក្នុងសហគមន៍។​ ក្រៅពីនេះ យុវជនទាំងអស់បានដាំដើមកោងកាងចំនួន ១៥០ដើម ដោយម្នាក់ដាំ បានចំនួន ១០ដើម។

លើសពីនេះ យុវជនយើងបានទទួលបានចំណេះដឹងថ្មីៗជាច្រើនទាក់ទងទៅនឹងសហគមន៍តាមរយៈ​ លោកអ៊ំ សុខ កៅ ដែលជាប្រធានសហគមន៍នេសាទទេសចរណ៍កំពង់សាមគ្គី​ដោយលោកអ៊ំបានលើក ឡើងអំពី ការដឹកនាំនិងអភិវឌ្ឍសហគមន៍ បញ្ហាប្រឈមផ្សេងៗរបស់សហគមន៍​ និងអត្ថប្រយោជន៍នៃព្រៃ កោងកាងនិងស្មៅសមុទ្រ។ ទន្ទឹមនឹងនេះ លោក រូ ម៉ានិត (Secretary-elect of The U.S. Ambassador's Youth Council) ដែលជាវាគ្មិនចែករំលែកទៅលើប្រធានបទ “ការអនុវត្តប្រកបដោយ និរន្តរភាពក្នុងសហគមន៍” ដោយលោកបានសង្កត់ធ្ងន់ទៅនិយមន័យនៃនិរន្តរភាព និងសសរស្តម្ភសំខាន់ទាំង 3 នៃនិរន្តរភាពគឺ បរិស្ថាន សង្គម សេដ្ឋកិច្ច។ លោកបានបន្ថែមទៀតថា ការអនុវត្តប្រកបដោយនិរន្តរភាព ដែលបុគ្គលម្នាក់ៗអាចធ្វើបានគឺមានច្រើនទម្រង់ ដែលក្នុងនោះមានដូចជាការសន្សំថាមពលក្នុងផ្ទះ ការប្រើ សម្ភារៈដែលកែច្នៃ និងការគាំទ្រអាជីវកម្មក្នុងស្រុកជាដើម។ ហើយលោកបានផ្តួចផ្តើមឲ្យយុវជនអ្នកចូលរួម កម្មវិធី បានធ្វើការងារជាក្រុម ដើម្បីបញ្ចេញគំនិតអំពីរបៀបជួយអោយសហគមន៍នេសាទទេសចរណ៍កំពង់ សាមគ្គី កាន់តែទទួលបានភ្ញៀវច្រើន ហើយនៅតែបន្តរក្សាវិធីសាស្រ្តប្រកបដោយនិរន្តរភាពផងដែរ។

យុវជន លាង លេវីត ដែលជាអ្នកចូលរួមមួយរូប បានរៀបរាប់ថា​ “ខ្ញុំបានសិក្សាពីជីវិតរស់នៅជាសហគមន៍ និងយល់ដឹងអំពីបរិស្ថាននៅជំវិញខ្លួនយើងដែលបានផ្ដល់អត្ថប្រយោជន៍ទៅកាន់ សហគមន៍និងប្រទេស កម្ពុជា តាមរយៈការចែករំលែកលោកអ៊ំដែលជាប្រធានសហគមន៍។​​ ហើយមួយវិញទៀតខ្ញុំបានរៀនអំពី មេរៀននិរន្តរភាពនិងយល់កាន់តែច្បាស់អំពីសកម្មភាពតូចៗដែលជះផលប៉ះពាល់ដល់បរិស្ថានក្នុងរយៈពេលវែង។​ កាន់តែពិសេសខ្ញុំបានបង្កើតមិត្តភាពថ្មីៗ រៀនអំពីការធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាពផងដែរ។”

រីឯយុវតី ហេង ហ្រ្គិចសួគ៌សួគ៌ ដែលជាអ្នកចូលរួមមួយរូបទៀត បានរៀបរាប់ថា​ “គម្រោង Green Sphere នេះបានផ្ដល់បទពិសោធន៍ថ្មីសម្រាប់ខ្ញុំ ដូចជាការរស់នៅលើទឹក រស់នៅដូចជាប្រជាពលរដ្ឋក្នុងតំបន់ ដោយបានស្វែងយល់ពីជីវិតប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។ សម្រាប់អ្នករៀបចំកម្មវិធី គាត់មានផែនការច្បាស់លាស់និងផ្ដល់ភាពងាយស្រួលឲ្យអ្នកចូលរួមទាំងអស់ត្រៀមខ្លួនពីសកម្មភាពមួយទៅសកម្មភាពមួយទៀត។ អ្វីដែរខ្ញុំកាន់តែសប្បាយចិត្តនោះគឺគម្រោង Green Sphere បានធ្វើឲ្យខ្ញុំ​ សម្រេចក្ដីស្រម៉ៃរបស់ខ្ញុំគឺការដាំដើមកោងកាងនិងការរស់នៅលើទឹក ដែលជាបទពិសោធន៍មួយមិនអាច បំភ្លេចបាន។”

គម្រោងនេះត្រូវបានចូលរួមដឹកនាំដោយ លោក ពៀត វិឆៃ កញ្ញា វិន អេឡែន កញ្ញា សុខ គីមអ៊ី កញ្ញា វ៉ាន់ ម៉ីស័ង និង កញ្ញា តេង លីហ្សា ដែលជាក្រុមស្នូលក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះទទួលបានជោគជ័យ។

តាមដាន Future Pioneers ដើម្បីទទួលបានព័ត៌មានថ្មីៗ https://www.facebook.com/profile.php?id=61572408001070