សំដីពិតគួរឲ្យអាសូរ ពីតួឯក “កូនមាសម្ដាយ” ឬ "Cambodian Son"!
- 2015-01-19 23:01:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំដីពិតគួរឲ្យអាសូរ ពីតួឯក “កូនមាសម្ដាយ” ឬ "Cambodian Son"!
ចន្លោះមិនឃើញ
លោក ខៀវ កុសល គឺជាតួអង្គក្នុងភាពយន្តឯកសារ "កូនមាសម្ដាយ" ឬ "Cambodian Son” ដែលនិយាយពីខ្សែជីវិតពិតរបស់លោកតែម្ដង។ លោក គឺជាអតីតជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក ក្រោយពីបានចាកចេញពីជំរុំទៅនៅប្រទេសនេះ តាំងពីអាយុ ១ឆ្នាំ។
ធំធាត់ក្នុងតំបន់ដែលសម្បូរដោយពួកបងធំ កុសល ក៏ធ្លាក់ខ្លួនចូលក្នុងសង្គមនោះដែរ។ ចុងក្រោយលោកត្រូវអាមេរិកបញ្ជូនមកកម្ពុជាកាលពីឆ្នាំ ២០១១ បន្ទាប់ពីមានទោសត្រូវជាប់ឃុំ។ កណ្ដោចកណ្ដែងម្នាក់ឯង កុសល កំពុងត្រួសត្រាយផ្លូវទៅអាមេរិកវិញ។ សូមតាមដានសំដីពិតរបស់លោក៖
Sabay ៖ លឺថា ភាពយន្តឯកសារ “កូនមាសម្ដាយ" ឬ “Cambodian Son” របស់លោក ទើបទទួលបានពានភាពយន្តឯកសារល្អបំផុតនៅក្នុងមហោស្រពមជ្ឈមណ្ឌល ប្រព័ន្ធផ្សព្វផ្សាយជនជាតិអាមេរិកដើមកំណើតអាស៊ី (CAAFest 2014)។ អនុញ្ញាតដឹងពីអារម្មណ៍ពិតរបស់លោក!
កុសល៖ អស្ចារ្យមែនទែន យើងឈ្នះពានភាពយន្តឯកសារល្អបំផុតនៅសាន់ហ្វ្រាន់ស៊ីស្កូ…ខ្ញុំសប្បាយចិត្ត…ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមទេ។
Sabay ៖ ភាពយន្តនេះ តើលោកជាអ្នកធ្វើឡើងដោយខ្លួនឯង ឬត្រូវស្នើឡើងដោយភាគីណាមួយ? ហើយដើម្បីអ្វី?
កុសល៖ ដំបូងខ្ញុំជួប Masahiro Sugano ដែលជាអ្នកនិពន្ធ និងដឹកនាំរឿងជនជាតិជប៉ុន ខ្ញុំរៀបរាប់ប្រាប់គាត់ពីជីវិតរបស់ខ្ញុំម្តងជាពីរដង គាត់ក៏ចាប់អារម្មណ៍ ហើយយើងក៏សម្រេចថាសហការគ្នាធ្វើ។ ខ្ញុំត្រូវគេនិរទេសមកស្រុកខ្មែរ តែម៉ាក់ខ្ញុំ និងបងប្អូនមួយចំនួននៅអាមេរិក ដូច្នេះហេតុផល គឺខ្ញុំចង់ទៅវិញ គឺទៅលេងពួកគេ តែខ្ញុំអត់ចង់ទៅនៅទេ នៅស្រុកខ្មែរខ្ញុំរស់នៅដោយសប្បាយចិត្តហើយ។
Sabay ៖ ត្រូវហើយការលំបាកលើទឹកដីថ្មី ក្រោយត្រូវនិរទេស ទើបបង្កើតឲ្យមានភាពយន្ត “កូនខ្មែរ”។ តើលោកជួបការលំបាកអ្វីខ្លះក្រោយត្រូវនិរទេស?
កុសល ៖ ខ្ញុំស្រណោះខ្លួនឯងណាស់…ខ្ញុំនៅតែម្នាក់ឯង…ដំបូងអត់ចេះភាសាខ្មែរ អត់មានផ្ទះទៀត បងអាចស្រមៃមើល៍…។ ប្រជាជនខ្មែរ អត់ហ៊ានរាប់អានខ្ញុំ ព្រោះខ្ញុំមានសាក់ពេញខ្លួន អីចឹងជាង១ខែខ្ញុំពាក់អាវដៃវែង និងនៅក្នុងផ្ទះរហូតកុំឲ្យគេឃើញ។ ខ្ញុំក្តៅស្អុះស្អាប់ណាស់…ខ្ញុំគិតថា នៅស្រុកខ្មែរខ្ញុំមិនមែនមកលេង១ថ្ងៃ២ថ្ងៃទេ គឺខ្ញុំនៅមួយជីវិត អីចឹងត្រូវរៀនរស់ជាមួយបរិយាកាសនេះ។ ដូច្នេះហើយខ្ញុំក៏ដោះអាវចេញដើរ...ជួបបងប្អូនខ្មែរ ខ្ញុំជម្រាបសួរ និងសួរថា “បងសុខសប្បាយទេ” ទីបំផុត ខ្ញុំអាចសម្របបានហើយ។
Sabay ៖ ដូច្នេះតើ លោក អត់មានសាច់ញាតិណាម្នាក់ស្រុកខ្មែរទេ ឬយ៉ាងណា?
កុសល៖ មាន…មានបងប្អូនមួយចំនួននៅបាត់ដំបង នៅស្រុកស្រែ…បន្ទាប់ពីត្រូវនិរទេសមកស្រុកខ្មែរ ដំបូងខ្ញុំបានទៅរស់នៅជាមួយពួកគេមួយរយៈ។ ពួកគេបង្ខំឲ្យខ្ញុំការ ការអី…ខ្ញុំមានអី…មានតែខ្លួនហ្នឹង…ខ្ញុំធ្លាប់គិតថានឹងនៅទីនោះរហូត ទោះធ្វើអីក៏ធ្វើដែរ…តែចុងក្រោយនៅអត់កើត ក៏ត្រឡប់មកភ្នំពេញវិញតែម្តង។
Sabay ៖ មករាជធានី លោកធ្វើកិច្ចការអ្វី ហើយបច្ចុប្បន្ន លោកប្រកបកិច្ចការអ្វីដែរ?
កុសល៖ មកដល់ភ្នំពេញនៅឆ្នាំ ២០១២ ខ្ញុំបានជួបមិត្តភ័ក្ដិខ្ញុំពីរបីនាក់ដែលត្រូវនិរទេសដែរ គេបានណែនាំឲ្យទៅធ្វើការនៅរោងភាពយន្ត Legend។ អីចឹងខ្ញុំបានទៅសុំគេធ្វើការ ខ្ញុំប្រាប់គេថា ខ្ញុំទើបត្រូវគេបញ្ជូនមកពីអាមេរិក អត់មានអីធ្វើទេ សុំធ្វើការផង ឲ្យធ្វើអីក៏ធ្វើដែរ ធ្វើអ្នកទទួលភ្ញៀវ អ្នកហៅភ្ញៀវ អ្នកបញ្ចាំងកុន ឬអីផ្សេងក៏បាន។ ចុងក្រោយគេឲ្យធ្វើជាអ្នកបញ្ចាំងកុន តែការងារនេះអត់មានថ្ងៃឈប់ទេ ថ្ងៃណាក៏នៅរោងកុនដែរ។ ធ្វើបានតែ៦ខែ ខ្ញុំសុំឈប់ ព្រោះខ្ញុំមានក្តីស្រមៃរបស់ខ្ញុំកាលនៅក្នុងមន្ទីរឃុំឃាំងអាមេរិក អីចឹងខ្ញុំត្រូវធ្វើតាមក្តីស្រមៃរបស់ខ្ញុំ។ ក្រោយមកខ្ញុំបានធ្វើជាគ្រូនៅតាមអង្គការមួយចំនួន អប់រំអូសទាញកុមារកុំឲ្យដើរផ្លូវខុស។ តែឥឡូវខ្ញុំធ្វើការគម្រោងនៅ Studio Revolt ក្រៅពីនេះ អត់មានធ្វើអីផ្សេងទេ។
Sabay ៖ លោក ថានៅក្នុងមន្ទីរឃុំឃាំង លោក មានក្តីស្រមៃមួយ តើនោះគឺជាអ្វី?
កុសល៖ គឺខ្ញុំចង់ដើរទៅប្រទេសនានា អីចឹងខ្ញុំត្រូវធ្វើការងារណាដែលអាចចេញទៅប្រទេសផ្សេងៗបាន។ ឥឡូវខ្ញុំធ្វើបានហើយ ខ្ញុំបានទៅបារាំងដែលប៉ាខ្ញុំរស់នៅ និងទៅអង់គ្លេស តាមការអញ្ជើញទៅសូត្រកំណាព្យ…តែសំខាន់ គឺខ្ញុំចង់ប្រាប់ទៅអាមេរិកថា ប្រទេសផ្សេងៗគេទទួលខ្ញុំ ហេតុអីអ្នកមិនទទួលខ្ញុំវិញ ខ្ញុំមានម្តាយ មានបងប្អូន ក្មួយជាច្រើននៅទីនេះ ខ្ញុំចង់ទៅលេងពួកគេ។ តែដូចប្រាប់ពីខាងលើ ខ្ញុំអត់ចង់ទៅនៅទេ ខ្ញុំចង់នៅប្រទេសខ្មែរ បច្ចុប្បន្នខ្ញុំកំពុងធ្វើផ្ទះនៅកំពត អីចឹងខ្ញុំអត់ចង់ទៅនៅអាមេរិកវិញទេ គ្រាន់តែចង់ទៅលេងប៉ុណ្ណោះ ហេតុអីមិនឲ្យខ្ញុំទៅ។
Sabay៖ និយាយអីចឹង ហេតុអ្វីបានជាលោកត្រូវបញ្ជូនមកស្រុកខ្មែរ ហើយមូលហេតុអ្វីដែលនាំជាប់ឃុំឃាំងនៅអាមេរិក?
កុសល៖ មកពីខ្ញុំជាប់ឃុំ ខ្ញុំជាប់ឃុំ១៥ឆ្នាំ តាំងពីអាយុ ១៦ឆ្នាំ។ ចំពោះមូលហេតុ គឺយើងមានជម្លោះជាមួយគេ រហូតកើតជាអំពើហិង្សាបាញ់បោះទៅវិញទៅមក ចុងក្រោយខាងគេរបួសធ្ងន់។ អីចឹងហើយទើបគេចាប់ខ្ញុំដាក់ឃុំ ខ្ញុំសុំប្រាប់ថា ខ្ញុំមិនដែលធ្វើឲ្យនរណាម្នាក់បាត់បង់ជីវិតទេ ខ្ញុំមិនដែលទេ…។
ខ្សែភាពយន្តឯកសាររឿង “កូនមាសម្ដាយ” បានទទួលពានរង្វាន់ជាខ្សែភាពយន្តឯកសារល្អបំផុតប្រចាំឆ្នាំ ២០១៤ ពីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ អាមេរិក ក្នុងមហោស្រពភាពយន្តអន្តរជាតិរបស់មជ្ឈមណ្ឌលសម្រាប់ការផ្សព្វផ្សាយរបស់ប្រជាជន អាស៊ី-អាមេរិកលើកទី ៣២។
លោក ស្រី អានីដា យុអិ អាលី ជាផលិតករនៃស្ទូឌីយ៉ូរីវ៉ូល បានប្រាប់គេហទំព័រ Sabay ថា ខ្សែភាពយន្តនេះបានចំណាយពេលថតរហូតដល់ទៅ ២ ឆ្នាំ ឆ្លុះបញ្ចាំងអំពីជីវិតពិតរបស់ លោក ខៀវ កុសល ដែលមានដើមកំណើតនៅតំបន់ជំរំភៀសខ្លួនព្រំដែនកម្ពុជា-ថៃ។ លោកបានចាកចេញទៅ រស់នៅអាមេរិកអំឡុងឆ្នាំ ១៩៨១ ដែលគ្រានោះ លោកទើបតែមានអាយុ ១ ខួប ប៉ុណ្ណោះ។
“រឿងនេះចង់បង្ហាញសារសំខាន់មិនចង់ឲ្យមនុស្សគ្រប់គ្នាគិតថា គ្រប់មនុស្សនិរទេសខ្លួនមកប្រទេសកំណើតវិញសុទ្ធតែអាក្រក់នោះទេ គឺគាត់ (កុសល) រងការលំបាកច្រើន ប៉ុន្ដែ អ្វីៗមានហេតុនិងផលវា”។ អានីដានិយាយ។
"កូនមាសម្ដាយ" នឹងដាក់បញ្ចាំងលើកដំបូង គឺនៅរោងភាពយន្ត Major Cineplex by Cellcard នៅផ្សារទំនើប AEON នាថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៥ ចាប់ពីម៉ោង ៦ ល្ងាច។ នៅថ្ងៃបន្ទាប់ "កូនមាសម្ដាយ" ឬ "Cambodian Son" នឹងត្រូវចាក់បញ្ចាំងផ្លូវការជូនជាសាធារណៈទស្សនា នៅរោងភាពយន្ត Major Cineplex by Cellcard, Platinum Cineplex និងរោងភាពយន្ត Legend Cinema គ្រប់សាខា៕
អត្ថបទ៖ ទារិកា