តួលេខ​មិន​ធ្លាប់​មាន​ត្រឹម​ជាង​កន្លះ​ខែ​ដើម​ឆ្នាំ ​២០១៥ មាន​​ ១២​ រឿង​ស្នើ​សុំ​ទិដ្ឋាការ​ពី​នាយកដ្ឋាន​​ភាពយន្ត!

  • 2015-01-20 16:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខ​មិន​ធ្លាប់​មាន​​សម្រាប់​វិស័យ​ភាពយន្ត​ខ្មែរ ដោយ​ត្រឹម​តែ​ពាក់​កណ្ដាល​ខែ មករា ឆ្នាំ​ ២០១៥​ ប៉ុណ្ណោះ នាយកដ្ឋាន​ភាពយន្ត​ ចេញ​ទិដ្ឋាការ​ឱ្យ​ខ្សែ​ភាពយន្ត​ខ្មែរ ចំនួន ​១២​ រឿង។ ធៀប​នឹង​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​គឺ​​ចំនួន​កើន​ឡើង​ទ្វេដង​ គិត​ត្រឹម​រយៈ​ពេល​ដូច​គ្នា។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ស៊ិន ចន្ទ​សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

 

លោក​ប្រាប់​ Sabayថា​៖"យើង​មិន​​ធ្លាប់​មាន​តួលេខ​ណា​​ដូច​នេះ​ទេ​ពី​មុន​មក ព្រោះ​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ​ដើម​ឆ្នាំ​២០១៥ យើង​ចេញ​ទិដ្ឋាការ​ឱ្យ​ផលិតករ​ ១២​រឿង ខណៈ​ឆ្នាំ​មុនៗ​យើង​ផលិត​បាន​តែ​ជាង ២០​រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ពេញ។ ទិន្នន័យ​នេះ​គឺ​កើន​ឡើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែនទែន"។

 

លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋា​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ខាង​លើ​បន្ត​ថា ខ្សែ​ភាពយន្ត​ចំនួន ១២​រឿង​ដែល​​នាយកដ្ឋាន​របស់​លោក​បាន​ចេញ​ទិដ្ឋាការ​ឱ្យ​កាល​ពី​ពេល​ថ្មីៗ ​សុទ្ធសឹងតែ​ជា​រឿង​ដុំ​ប៉ុណ្ណោះ។ ដោយ​ឡែក​រឿង​ភាគ​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍ លោក​ប្រាប់​ថា​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​លោក​ឡើយ គឺ​ស្ថិត​ក្រោម​ក្រសួង​ព័ត៌មាន។

 

ការ​កើន​ឡើង​​ចំនួន​ទ្វេដង​​នៃ​ការ​ស្នើ​សុំ​ទិដ្ឋាការ​ផលិត​កុន​ពី​​ផលិតកម្ម​នានា​ត្រូវ​លោក ស៊ិន ចន្ទ​សាយ៉ា ប្រាប់​ថា​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​អាច​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​ខ្មែរ​បោះ​ជំហាន​ទៅ​មុខ​អាច​ប្រកួតប្រជែង​នឹង​ភាពយន្ត​បរទេស ក៏​ដូច​ជា​តម្រូវការ​ក្នុង​ស្រុក​គ្រប់គ្រាន់។ លោក​ជឿ​ជាក់​ថា​ឆ្នាំ​២០១៥ ចំនួន​ការ​ផលិត​ខ្សែ​ភាព​យន្ត​ខ្មែរ​អាច​លើស​ពី​ ៣០​រឿង តាម​រយៈ​ការ​ស្នើ​សុំ​ទិដ្ឋាការ​បន្តបន្ទាប់។

 

​ទន្ទឹម​នឹង​ការ​ឃើញ​វិស័យ​ភាពយន្ត​ងើប​ឡើង​វិញ​ ដោយ​មាន​ផលិតករ​ជា​ច្រើន​នាំ​គ្នា​ងាក​មក​ផលិត​កុន​​ច្រើន ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ផង​ដែរ។ បារម្ភ​នៅ​ត្រង់​ថា​ ខ្សែ​ភាពយន្ត​ខ្មែរ​ ១២​រឿង​ខាង​លើ​បាន​ស្នើ​សុំ​ទិដ្ឋាការ​ផលិត គឺ​ភាគ​ច្រើន​ជា​រឿង​បែប​កំប្លែង និង​រឿង​ខ្មោច។ កត្តា​នេះ​អាច​ធ្វើ​ឱ្យ​ទស្សនិកជន​លែង​ចង់​ទស្សនា​ខ្សែ​ភាពយន្ត​ខ្មែរ​តទៅ​ទៀត​នា​ពេល​​ខាង​មុខ។

 

“យើង​ឃើញ​ថា​ភាគ​ច្រើន​រឿង​ខ្មែរ​យើង​បច្ចុប្បន្ន​ធ្វើ​​ស្រដៀងៗ​គ្នា​មែន។ ខ្ញុំ​ខ្លាច​តែ​ទស្សនិកជន​គេ​ញ៉ាំ​សម្ល​​ហ្នឹង​ច្រើន​ដង​ហើយ គេ​លែង​ចង់​ញ៉ាំ​តទៅ​ទៀត។ ដូច្នេះ​ផលិតករ​យើង​គូរ​​ពិចារណា​បន្ថែម ត្រូវ​រក​អ្វី​ថ្មី​ពី​នេះ ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​មាន​ទីផ្សារ​ទៅ​មុខ​ទៀត"។ លោក ស៊ិន ចន្ទ​សាយ៉ា បន្ថែម។

 

ក្នុង​ឆ្នាំ​២០១៤​ កន្លង​ទៅ​ចំនួន​ខ្សែ​ភាពយន្ត​ខ្មែរ​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​មាន​តែ​ជាង ២០​​ប៉ុណ្ណោះ ខណៈ​ការ​នាំ​ចូល​ខ្សែ​ភាពយន្ត​បរទេស​មាន​ជាង ១៥០​រឿង​ក្នុង​មួយ​ឆ្នាំៗ។ ចំនួន​ខ្សែ​ភាពយន្ត​ទាំង​ខ្មែរ និង​បរទេស ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា ក្នុង​មួយ​ឆ្នាំ ចន្លោះ​ពី ១៣០ ទៅ ១៧០​រឿង៕

 

អានអត្ថបទបន្ត៖ ក្លាយ​ជា​តារា​ចម្រៀង​អាជីព ប្រុក ចាន់​ថន បារម្ភ​រឿង​សិក្សា

 

អានអត្ថបទបន្ត៖ ​តា​ចាស់​ចាក់​ក្បាច់​ Michael Jackson ​ធានា​ថា ​សើច!

 

អានអត្ថបទបន្ត៖ រូបថត​ស្លៀក Bikini សិចស៊ី Han Gaeun ធ្វើ​ឱ្យ Fan អត្ថបទ៖ អ៊ីង សុឡា

អត្ថបទពេញនិយម