"សារ​​​នឹក​គុណ​គ្រូ​​ ​” ​​ជា​ច្រើន​ត្រូវ​បាន​ផ្ញើ​យ៉ាង​​​​​ផុលផុស​មិន​ធ្លាប់​មាន​ មុន​ថ្ងៃ​ទិវា​គ្រូ​បង្រៀន​មក​ដល់​

  • 2014-10-02 23:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម​ដោយ​​រូប​​ថត​​ជា​មួយ ​គ្រូ​របស់​ខ្លួន​ជា​ច្រើន​​សន្លឹក​​​ និង​ខ្លះ​​ទៀត​​បាន​ផលិត​ជា​វីដេអូ​​គ្លីប​ផង​ ត្រូវ​​គេ​សង្កេត​ឃើញ​បង្ហោះ​យ៉ាង​​​ព្រោង​ព្រាត​​មិន​ធ្លាប់​មាន​លើ​បណ្តាញ​សង្គម​ ពិសេស​​លើ​ទំព័រ​ Facebook របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​តែ​ម្តង​។​ សារ​អរគុណ​ និង​នឹក​​ដល់​​គុណ​បំណាច់​​​របស់​គ្រូ​ទាំង​នេះ​​ ​ឃើញ​​មាន​ច្រើន​​​នៅ​មុន​​ការ​មក​ដល់​នៃ​ថ្ងៃ​ទិវា​គ្រូ​បង្រៀន​​​​ពិភពលោក​ថ្ងៃ​ទី​៥ ខែ​តុលា​។

 

យុវជន​ តាន ហ័រ​ឆាយ​(ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​) ក្នុង​សារ​របស់​ខ្លួន​​បាន​ប្រៀប​ប្រដូច​លោក​​គ្រូ​-អ្នក​គ្រូ​​ ជា​ឪពុក​ម្តាយ​ ដ៏​ល្អ​ ដែល​រូប​គេ​មិន​អាច​បំភ្លេច​បាន​។ "​លោក​គ្រូ ​ពិត​ ប៊ុន​ណា ​បង្រៀន​ ​គណិត​វិទ្យា​ និង​លោកគ្រូ​-​អ្នកគ្រូ​ ទាំង​អស់​ ដែល​បង្រៀន​នៅ​វិទ្យាល័យ ​ហ៊ុនសែន បល័ង្ក​ គាត់​គឺ​ជា​គ្រូ​ ក៏​ដូច​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ ដែល​ពួក​យើង​ចង់​ចាំ​មិន​អាច​បំភ្លេច​បាន”។

 

 

​យុវតី វត្តី​ ហេង​ ​​​បាន​សរសេរ​ថា ​"ក្នុង​នាម​យើង​ខ្ញុំ​​ជា​សិស្ស​របស់​លោក​គ្រូ ​ប៉ឹក​ ប៊ុន​បញ្ញា​ ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​គ្រូ​ ដែល​បាន​ជួយ​បង្ហាត់​បង្រៀន​ ឲ្យ​ពួក​ខ្ញុំ​មាន​ចំណេះ​ដឹង​ ហើយ​ថែម​ទាំង​ផ្តល់​បទ​ពិសោធន៍​ល្អ​ៗ​ ជា​ច្រើន​ដល់​ពួក​យើង​។​ ក្នុង​ឱកាស ទិវា​គ្រូ​បង្រៀន​នេះ​ពួក​យើង​ដែល​ជា​សិស្ស​ថ្នាក់​ទី​១២​ក ​នៃ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ សូម​ជូនពរ​ឲ្យ​លោក​គ្រូ​មាន​សុខភាព​ល្អ​ រក​ទទួល​ទាន​មាន​បាន​គ្រប់​ទិន​ទិវា​រាត្រី”។​

 

ចំណែក​អតីត​សិស្ស​ ​វិទ្យាល័យ ​ប៊ុនរ៉ានី​ ហ៊ុន សែន ​មេមត់​​ ឯណោះ​វិញ​ក៏​បាន​​ ​សម្ដែង​នូវ​ការ​ដឹង​គុណ​ដ៏​ស្មោះ​ដល់​លោក​គ្រូ-អ្នកគ្រូ ​ទាំង​អស់ ​ដែល​លោក​បាន​ខិត​ខំ​បណ្ដុះបណ្ដាល​​ឱ្យ​មាន​ការងារ​ដូច​សព្វ​ថ្ងៃ​ និង​សូម​លោក​គ្រូ-អ្នកគ្រូ ​ទាំងអស់ ​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​​គឺ​ អាយុ ​វណ្ណៈ ​សុខៈ​ ពលៈ ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ។​

 

“នៅ​ពេល​ ដែល​យើង​ល្ងិត​ល្ងង់​ មិន​យល់​មេរៀន​ពិបាក​ចិត្ត​ ​អស់​សង្ឃឹម​ ​។ ​លោក​គ្រូ​ អ្នក​គ្រូ​តែង​តែ​មក​ក្បែរ​យើង​ជា​និច្ច​។​​ លោក​​ខិត​ខំ​បង្ហាត់​បង្រៀន ​ប្រៀន​ប្រដៅ​ណែនាំ​ យើង​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ ​តស៊ូ​ព្យាយាម​គ្រប់​ពេល​វេលា​។​ ​លោក​មិន​ ដែល​ទុក​យើង​ចោល​ ​ឲ្យ​ក្លាយ​ជា​ជន​ល្ងង់​ខ្លៅ​ទេ​​ លោក​តែង​តែ​មក​ក្បែរ​យើង​ ​លើក​ទឹក​ចិត្ត​ ​និង​ផ្តល់​នូវ​ស្នាម​ញញឹម ​ដល់​ពួក​យើង​ជា​និច្ច​”។ នេះ​គឺ​ជា​សំណេរ​របស់​​យុវជន​ ធិន ឌី​ម៉ង់ អតីត​សិស្ស​វិទ្យាល័យ​នេត​យ៉ង់​ ខេត្ត​បាត់​ដំបង ​​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​។ យុវជន​ដដែល​បាន​​បៀប​ប្រដូច​គ្រូ​ទៅ​​នឹង​​ គឺ​ជា​​ព្រះ​រស់​ទី​ពីរ​ ​ជា​ឪពុក​ម្តាយ​ទី​២ ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ ដើម្បី​ជួយ​ចម្លង​កូនៗ​ឲ្យ​ក្លាយ​ជា​កូន​ល្អ​ ​សិស្ស​ល្អ​ ​និង​ជា​ពលរដ្ឋ​ល្អ​នៅ​ ក្នុង​សង្គម​នេះ​។ ដូច្នេះ​​មិន​ភ្លេច​គុណគ្រូ​ ​ព្រម​​ទាំង​​​អនុស្សាវរីយ៍​ទាំង​ឡាយ ​ដែល​លោក​បាន​ផ្តល់​ឲ្យ​ឡើយ​​។

 

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​បាន​​អនុញ្ញាត​​​ឲ្យ​សិស្ស​ និង​អតីត​សិស្ស-​និស្សិត​ ផ្ញើ​រូប​ថត​គ្រូ​បង្រៀន​ និង​សារ​របស់​ខ្លួន​តាម​រយៈ​សារ​ហ្វេស​ប៊ុក​មក​កាន់​ទំព័រ​ Facebook ក្រសួង​អប់រំ​ ដើម្បី​​ត្រូវ​បង្ហោះ​​លើ​ទំព័រ​បណ្តាញ​សង្គម​ក្រសួង​៕ ​​​

 

អានអត្ថបទ៖ មែន​ក៏​អី​​គេ​ថាពេល​​​មាន​សង្សារ​​ដូច​ចាក់​សោ​ខ្លួន​ឯង​​? ចុច​ត្រង់​នេះ​

អត្ថបទ៖មៃ​ សុខលីម

អត្ថបទពេញនិយម