Khedira អាចទៅ Arsenal និង Chelsea បើ Real លក់ចេញមែននោះ
- 2014-10-03 18:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Khedira អាចទៅ Arsenal និង Chelsea បើ Real លក់ចេញមែននោះ
ចន្លោះមិនឃើញ
Sami Khedira នឹងត្រូវលក់ចេញនៅខែមករានេះ ប្រសិនបើការចរចាកុងត្រាថ្មីនៅ Real Madrid មិនត្រូវគ្នាទេនោះ ហើយក្លឹបដែលកីឡាករអាល្លឺម៉ង់នេះអាចទៅ រួមមានតោខៀវ Chelsea និងកាំភ្លើងធំ Arsenal។
Khedira ធ្លាប់ចង់ចាកចេញម្ដងហើយនៅក្នុងទីផ្សារដោះដូរកីឡាករកន្លងទៅ ខណៈពេលនោះមានក្លឹប៣ចង់បានគឺ Arsenal, Chelsea និង Bayern Munich ប៉ុន្តែត្រូវបរាជ័យដោយសារលោក Carlos Ancelotti មិនព្រមលក់។
មកទល់ពេលនេះ ទាំង Khedira និងភ្នាក់ងាររបស់គេ សុទ្ធតែមិនសូវខ្វល់រឿងបន្តកុងត្រាថ្មី បើទោះបីជាកុងត្រាចាស់នឹងចប់នៅដំណាច់រដូវកាលនេះទៅហើយក្ដី។ ដោយសារតែបែបនេះហើយ ទើប Real នឹងត្រូវបង្ខំចិត្តលក់ចេញក្នុងទីផ្សារដោះដូរខែមករាខាងមុខ ដើម្បីកុំឲ្យបាត់បង់ដោយគ្មានតម្លៃខ្លួនពេលកុងត្រាចប់។
លោក Carlos Ancelotti នឹងទាក់ទងទៅកាន់ក្លឹបធំៗនៅអឺរ៉ុបដើម្បីសាកល្បងដាក់តម្លៃខ្លួន Khedira។ ក្លឹបទាំងនោះ អាចមាន Aarsenal, Chelsea និង Manchester United។ Man Utd អាចមានភាគរយខ្ពស់ ដោយសារមានទំនាក់ទំនងល្អជាមួយ Real Madrid ក្រោយការដោះដូរ Angel di Maria និង Javier Hernandez នាពេលកន្លងមក ប៉ុន្តែការមិនបានទៅលេងនៅ Champions League អាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់កីឡាករ។
មួយវិញទៀត ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់រូបនេះ ហាក់ដូចចាប់អារម្មណ៍ Chelsea និង Arsenal ជាង ដោយសារធ្លាប់មានទំនាក់ទំនងល្អជាមួយលោក Jose Mourinho រីឯរបៀបលេងរបស់កាំភ្លើងធំក៏ទាក់ចិត្ត Khedira នោះដែរ។ យ៉ាងណាក្ដី Arsenal ទំនងជាមិនចាយលុយលើថ្លៃកម្លាំងពលកម្មដល់ទៅ ២០ម៉ឺនផោន ឬជាង៣២ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍នោះទេ (តម្លៃប៉ាន់ស្មាន)។ ចំពោះតម្លៃខ្លួនលក់ចេញវិញ គឺប្រហែល ១០លានផោន (១៦.១៣៣៨លានដុល្លារអាមេរិក)។
ខ្សែបម្រើដែលជាប់ជម្រើសជាតិអាល្លឺម៉ង់តាំងពី U17 រូបនេះ បានចូលលេងនៅ Real Madrid ក្នុងឆ្នាំ២០១០ ហើយអាចជួយក្រុមនេះឈ្នះពានជាច្រើនដូចជា UEFA Champions League ១ដង, UEFA Super Cup ១ដង, La Liga ១ដង, Copa del Rey ២ដង និង Spanish Super Cup ១ដង៕
ចុចអាន៖ Messi ថាមិនចង់ប្រជែងនឹង Ronaldo ទេ គ្រាន់តែចង់ឈ្នះពានប៉ុណ្ណោះ
អត្ថបទ៖ សុខ មុន្នីរម្យ
ប្រភព៖ dailymail