ជីវិតពិត​ក្នុង​​ព្រៃ​អាម៉ាហ្សូន ដែល​លោក​អ្នក​កម្រ​បាន​ឃើញ

  • 2015-01-28 22:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាម៉ាហ្សូន គឺ​ជា​តំបន់​ព្រៃ​ដាច់​ស្រយាល​មួយ ដែល​ស្ទើរ​តែ​គ្មាន​ទំនាក់​ទំនង​ជាមួយ​ពិភពលោក​ខាង​ក្រៅ គ្មាន​បច្ចេកវិទ្យា​ទៅ​ដល់ គ្មាន​របស់​ទំនើប​ប្រើប្រាស់ និង​រស់នៅ​តាម​របៀប​ប្រពៃណី​ជនជាតិ​ដើម​សុទ្ធសាធ។ តំបន់​ព្រៃ​រង​ទឹក​ភ្លៀង​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ៥,៥​លាន​គីឡូម៉ែត្រក្រឡា នៅ​អាមេរិក​ខាង​ត្បូង។

 

 

មនុស្ស​តិច​តួច​បំផុត​ដែល​ចូល​ទៅ​ដល់​តំបន់​ព្រៃអាម៉ាហ្សូន ហើយ​អ្នក​រស់​នៅ​ក្នុង​តំបន់​នោះ​ក៏​មិន​ងាយ​រសាត់​អណ្ដែត​កាយ​មក​ដល់​ពិភព​ខាង​ក្រៅ​ដែរ។ យ៉ាងណាមិញ យូរ​ៗ​ម្ដង​គេ​ឃើញ​ជនជាតិ​ដើម​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន ភៀស​​ខ្លួន​រត់​ចោល​ជម្រក ធ្លាយ​មក​ដល់​ប្រទេស​នានា​នៅ​ជាប់​នោះ ដូចជា​ប្រេស៊ីល ​កូឡុំប៊ី វេណេហ្ស៊ុយអេឡា និង​អេក្វាឌ័រ​ជាដើម ដោយសារការយាយីពីអ្នក​កាប់​ព្រៃខុស​ច្បាប់។

 

ពួក​គេ​ហាក់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ចេញ​មក​ដល់​ទឹក​ដី​ខាង​ក្រៅ ដែល​ខុស​គ្នា​ដាច់​ស្រលះ​ពី​តំបន់​​ខ្លួន​រស់នៅ និង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រក​ផ្លូវ​វិល​ត្រលប់​ទៅ​កាន់​កន្លែង​ដើម​វិញ​ឡើយ។ សព្វថ្ងៃ តំបន់​ដែល​ជនជាតិ​ដើម​ទាំង​នោះ​កំពុង​រស់នៅ បាន​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ ត្រូវ​ឈ្មួញ​ទុច្ចរិត​បំពាន​យាយី​បាត់​បង់​ទី​ជម្រក​ រត់​ខ្ចរខ្ចាយ​បែក​បាក់​គ្នា​អស់​យ៉ាង​ច្រើន។

 

 

យ៉ាង​ណា​ក៏​ដោយ អ្នក​ថត​រូប​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់​ឈ្មោះ Daniel Rodrigues បាន​ជម្នះ​ឧបសគ្គ​សម្រេច​ក្ដី​សុបិន ចូល​ទៅ​ក្នុង​ព្រៃ​រង​ទឹក​ភ្លៀង​តំបន់​អាម៉ាហ្សូន ដើម្បី​ផ្តិត​យក​រូបភាព​ពិតៗ។ ក្ដី​ស្រមៃ​របស់​លោក Daniel បាន​សម្រេច​ចេញ​ជា​ផ្លែផ្កា​កាល​ពី​ឆ្នាំ​មុន​នេះ។ ពេល​ចូល​ទៅ​ដល់​ទី​នោះ លោក​បាន​ប្រទះ​ឃើញ​កុលសម្ព័ន្ធ​មួយ​ឈ្មោះ Awa-Guaja ត្រូវ​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​អ្នក​កាប់​ព្រៃ​ខុស​ច្បាប់។ ពួក​ឈ្មួញ​ទុច្ចរិត បាន​ផ្លាស់​ប្ដូរ​កន្លែង​ស្ងប់​ស្ងាត់​ដែល​ធ្លាប់​រស់នៅ​ដោយ​មាន​ក្ដី​សុខ​របស់​ជនជាតិ​ដើម​ទាំង​នោះ ជាមួយ​សំឡេង​កាប់​ឈើ​លាន់​ឮ​រំពង ព្រម​ទាំង​ស្នូរ​កាំភ្លើង និង​វាតទី​បំផ្លាញ​ទីលំនៅ​របស់​ពួក​គេ​ផង។ ទាំង​នេះ គឺ​ជា​ជីវិត​ពិត​នៃ​អ្នក​រស់នៅ​តំបន់​ព្រៃ​អាម៉ាហ្សូន ដែល​កំពុង​រង​ការ​គំរាម​កំហែង៕

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ ជាង​១០​សន្លឹក បង្ហាញ​ការ​បំពុល​បរិស្ថាន​នៅ​ចិន ឃើញ​ហើយ​ខ្លោច​ចិត្ត​

 

ដោយ៖ គង់ វិសាល ប្រភព៖ CNN