គេ​ថា​ស្រីៗ​សក់​ក្រហម​អត់​ល្អ?

  • 2014-09-15 18:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ក្នុង​មួយ​ថ្ងៃ​ៗ​ម៉េច​ក៏​មាន​អ្នក​មក​ដូរ​ពណ៌​សក់​ពី​ ២ ទៅ​ ៣ នាក់​ដែរ ហើយ បើ​ថ្ងៃ ណា​ដាច់​វិញ គឺ​អាច​មាន​រហូត​ដល់ ​១០ នាក់​ ជាង​ ក៏​មាន" ។ នេះ​ជា​ការ​ប្រាប់​អោយ​ដឹង​របស់​បងស្រី ឡាយ ធីតា ម្ចាស់​ហាង​អ៊ុតសក់​នៅ​ផ្សារ​កណ្ដាល។ ហេតុអ្វី​ការ​ប្ដូរ​ពណ៌​សក់​ពេញ​និយម​ម្ល៉េះ​ក្នុង​ចំណោម​យុវវ័យ?

សូមចុចអាន៖ វ័យ​ក្មេង​សោះ​ !​​​ រៀន​អនុបណ្ឌិត​​នៅ​ជប៉ុន ​ប្រាប់​​គន្លឹះ​ទទួល​បាន​​អាហារូបករណ៍​​​​​​

 
 

យុវនារី​ ទី ជាតា ​បម្រើការ​នៅ​ហាង​ខាង​លើ​លើក​ឡើង​ប្រាប់ Sabayថា៖ “ខ្ញុំ​យល់​ថា​ តួ​កូរ៉េ​ជា​អ្នក​នាំ​អោយ​មាន​ស្ទិល​ដូរ​ពណ៌ សក់ ប៉ុន្តែ​សម្រាប់​គំនិត​ខ្ញុំ​មិន ត្រឹម​តែ​យុវវ័យ​ទេ នៅ​ស្រុក​ខ្មែរ​យើង​សូម្បី​ចាស់ៗ​ក៏​និយម​ដួរ​ដែរ កម្រ​មាន​អ្នក​ទុក​សក់​ខ្មៅ​ណាស់! តម្លៃ​មាន​ចាប់ពី​ ៥ ដុល្លារ​ដល់ ៦០ ដុល្លារ​ តាម​ទឹក​ថ្នាំ​ដូច្នេះ​អ្នក​ចូល​មក​ដូរ​ពណ៌ សក់​ គឺ​មាន​គ្រប់​លំដាប់​ទាំង​អ្នក​ក្រ​ និង ​អ្នកមាន”។

 

ប៉ុន្តែ​នៅ​ផ្សារ​ចុង​កាត់​មាត់​ញក​វិញ​តម្លៃ​លាប​ពណ៌សក់​អាច​មាន​ថោក​រហូត​ដល់ ២​ ដុល្លារ​ផង។ បងស្រី បម្រើ​ការ​​ផ្នែក​​អ៊ុត​សក់​នៅ​ផ្សារ​គគីរ​និយាយថា គាត់​អាច​លាប​សក់​អោយ​អតិថិជន​ក្នុង​តម្លៃ ២ ដុល្លារ ហើយ​ពណ៌​គឺ​មាន​គ្រប់​សម្រាប់ រើស។ ទឹក​ថ្នាំ​ទាំង​នោះ​ត្រូវ​បាន​នាំ​ចូល​ពី​ថៃ ចិន​ និង​ វៀតណាម។

 

“ដាច់​ណាស់​អូន ស្រី​មាន​ប្រុស​មាន​ចាស់​ក៏​គេ​លាប គ្រាន់​តែ​ពណ៌​និយម​ខុសគ្នា​ទៅ​តាម វ័យ! បើ​​យុវវ័យ​វិញ​ជួនកាល​លាប​បាន​មួយ​អាទិត្យ​មក​ដូរ​យក​ពណ៌​ផ្សេង​ក៏​មាន​ដែរ​ដោយសារ​តម្លៃ ថោក ហើយ​គេ​និយម​លេង​ពណ៌​សក់”។

តើ​គេ​និយម​លាប​ពណ៌​សក់ ​ដោយសារ​តែ​ប្រុសៗ​ចូលចិត្ត​ស្រីៗ​លាប​ថ្នាំ​សក់​រឺ? ដើម្បី​អោយ​យុវនារី​អស់​ចម្ងល់ Sabay បាន​ជួប​វិរៈ​ និង ​កេន។

 

“ខ្ញុំ​ស្អប់​បំផុត​បង​ស្រី​ណា​មាន​សក់​ក្រហម គិត​ទៅ​មិន​ដឹង​ស្អាត​ត្រង់​ណា ប៉ុន្តែ​ ឥឡូវ​ហ្នឹង​ស្រីៗ​លាប​ទាំង​អស់​គ្នា​ហើយ គ្រាន់​តែ​ខ្លះ​គេ​លាប​តិចៗ​យើង​ពិបាក​ដឹង តែ​ខ្លះ​លាប​ម៉ា​អស់ដៃ​ គឺ​ឡើង​ពណ៌​ដូច​សក់​ពោត គេ​ចង់​ធ្វើ​ជា​ស្រី​បារាំង​មើល​ទៅ ខ្ញុំ​នៅ​តែ​ថា​សក់​ខ្មៅ​​រលោង​ស្អាត​ជាង! ”។ កេន​អាយុ ២៣ ឆ្នាំ​មុខរបរ​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ គគីរ​និយាយ។

 

ចំណែក ​វិរៈ​ ជា​គ្រូ​បណ្ដុះបណ្ដាល​​សាលា​កុំព្យូទ័រ មួយ​​លើក​ឡើង​ថា គេ​គ្មាន​បញ្ហា​ចំពោះ​នារី​លាប​ពណ៌​សក់​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា​ ពណ៌​ខ្លះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ចរិត​មនុស្ស​ដែរ។

 

“កាល​ពីមុន​ពេល​ខ្ញុំ​នៅ​ជំទង់​​អោយ​តែ​ឃើញ​ស្រី​ណា​លាប​សក់​លឿង​ពេក ខ្ញុំ​ម៉ៃ​ថា ​មិនល្អ​តែ​ម្ដង តែ​ឥឡូវ​សង្គម​យើង​ទៅ​អញ្ចឹង​ទៅ​ហើយ ប្រុសៗ​ក៏​លាប​ដែរ ប៉ុន្តែ​មិនមែន​មានន័យ​ថា​ អ្នក​លាប​សុទ្ធ​តែ​មិនល្អ​ទេ​បង សំខាន់​អោយ​សមរម្យ​នឹង​ការងារ​គាត់! បើ​គាត់​ធ្វើការ​នៅ​ជា​ពេទ្យ ជា​គ្រូ រឺក៏​កន្លែង​អប់រំ​ផ្សេងៗ​ដូចជា ​NGOអី គាត់​លាប​សក់​លឿង​ពេក​នាំ​អោយ​គេ​វាយ​តម្លៃ ទេ! បើ​លាប​គួរ​តែ​ល្មមៗ​កុំ​ឆើតឆាយ​ពេក! ចំណែក​អ្នក​លក់ដូរ​អី គេ​តារា​រឺ​​ហ្វ្រេស​ស៊ី ចង់​លាប​យ៉ាងម៉េច​ក៏​អត់​អី ដែរ តែ​ចេញ​មក​គឺ​គេ​ដឹង​ថា ​អ្នក​ហ្នឹង​ជា​អ្នក​សិល្បៈ​តែ​ម្ដង! សំខាន់ បើ​មាន​សង្សារ​សក់​អញ្ចឹង​បាន​ត្រឹម​បណ្ដើរ​ក្រៅ​ផ្ទះ​ទេ អត់​ហ៊ាន​នាំ​ជួប​ម៉ែ​ទេ!”។

សូមចុចអាន៖ ធ្លាប់​ប្រើ​ស្រោម​អនាម័យ​​គ្រើម​អត់? ល្បី​ថា​ ស្រោម​ប្រភេទ​នេះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន

 
ចុះ​អ្នក​វិញ​យល់​យ៉ាងណា​ដែរ​ចំពោះ​យុវវ័យ​សក់​ក្រហម?

 

អត្ថបទ៖ វិបុត្រ

រូបថត៖ បរទេស