វិទ្យាល័យ​ពងទឹក និង ឬស្សីកែវ ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ ៨ ក្រុម Western Cup

  • 2015-02-06 17:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាល័យ​ពងទឹក និង វិទ្យាល័យ​ឬស្សីកែវ ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់​បាល់ទះ​សម្រាប់​សិស្ស​វិទ្យាល័យ​ទូទាំងរាជធានីភ្នំពេញ Western Cup 2015 នៅ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្រុម​ខ្លាំងៗ ចាប់​ពី​ម៉ោង ២ រសៀល​តទៅ នៅ​ថ្ងៃ​ទី ៦ និង ៦ កុម្ភៈ ឆ្នាំ ២០១៥ នេះ។

 

 

នៅ​ថ្ងៃ​ទី ៦ កុម្ភៈ នេះ ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញថ្មី ត្រូវ​ជួប​ក្រុម​វិទ្យាល័យ​ព្រែកលៀប វេលា​ម៉ោង ២ នៅ​ទីលាន​វិទ្យាល័យ​ពងទឹក។ សម្រាប់​ក្រុម​ព្រែកលៀប ជា​ជើង​ខ្លាំង​មក​ពី​ពូល B ដោយ​ធ្លាប់​ឈ្នះ​ក្រុម​​វិទ្យាល័យ​ជា​ស៊ីម​ជ្រោយចង្វារ​ ដោយ​លទ្ធផល ៣ សិត ទល់ ០ និង បន្ត​ឈ្នះ​ក្រុម​​វិទ្យាល័យ​ឫស្សីកែវ ៣ សិត ទល់ ១ សិត កាល​ពី​វគ្គ​ជម្រុះ​តាម​ពូល។ ចំណែក​លោក លោក អ៊ុក វណ្ណៈ គ្រូ​បង្វឹក​ក្រុម​វិទ្យាល័យ​​ហ៊ុនសែន​ភ្នំពេញថ្មី មាន​សង្ឍឹម​ដល់​ទៅ ៨០% ដើម្បី​ការពាត​តំណែង​ជើង​ឯក​ឆ្នាំ​នេះ។

  នៅ​លើ​ទីលាន​ដដែល​ក្រុម​វិទ្យាល័យ​កោះដាច់ ត្រូវ​ជួប​ក្រុម​វិទ្យាល័យ​ព្រែកឯង នៅ​ម៉ោង ៤ រសៀល ដើម្បី​រក​កៅអី​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ។

 

ចំណែក​នៅ​រសៀល​ថ្ងៃ​ស្អែក​ក្រុម​វិទ្យាល័យ​ពង​ទឹក ត្រូវ​​ជួប​វិទ្យាល័យ​ជាស៊ីមសាមគ្គី នៅ​ម៉ោង ២ រសៀល លើ​ទឹកដី​វិទ្យាល័យ​ឬស្សីកែវ។ ចំណែក​ក្រុម​វិទ្យាល័យ​ដើមថ្កូវ ត្រូវ​ប៉ះ​ក្រុម​​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន្ត នៅ​ម៉ោង ៤ រសៀល។

 

ពាន​រង្វាន់​សម្រាប់​តែ​សិស្ស​វិទ្យាល័យ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៣២ ដោយ​បែងចែក​ទៅ​ជា​ ៤ ពូល ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ ចំនួន២ ក្រុម​មាន​កៅអី​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ទាប់ ដើម្បី​ប្រជែង​រង្វាន់​ប្រាក់​លាន។ ក្រុម​ជើង​ឯក​នឹង​ទទួល​ទឹក​ប្រាក់​ចំនួន ១០ លាន​រៀល ខណៈ​ក្រុម​ជើង​ឯក​រក​បាន​ ៦ លាន​រៀល ក្រុម​លេខ ៣ នឹង​ទទួល​បាន​ទឹក​ប្រាក់ ៤ លាន​រៀល និង​ក្រុម​លេខ ៤ ចំនួន ៣ លាន​រៀល។

 

Western Cup 2015 រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​ដូចជា ភេសជ្ជៈ M-150, រោងភាព​យន្ត​លេជេន​, ផ្សារ​ទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលា​វេស្ទើន​អន្តរជាតិ, មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។

 

សរុប​សាលា​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​តាំង​ពី​បង្កើត​មក​​មាន ឆ្នាំ ២០១០ បាន​ទៅ​វិទ្យាល័យ​ឬស្សកែវ ហើយ​ឆ្នាំ ២០១១ ធ្លាក់​ទៅ​វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន វិញ​ម្ដង។ ចំណែក​នៅ​ឆ្នាំ​ ២០១២ បាន​ទៅ​វិទ្យាល័យ​ព្រែកលៀប ប៉ុន្ដែ​នៅ​ឆ្នាំ ២០១៣ វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន ដណ្ដើម​បាន​មក​វិញ និង ចុង​ក្រោយ​​ឆ្នាំ ២០១៤ បាន​មក​វិទ្យាល័យ​ ហ៊ុនសែន ភ្នំពេញថ្មី៕

 

 

អត្ថបទ៖ ម៉ឺន រស្មី