កម្ពុជា​នឹង​​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​រក្សា​ទុក​ទិន្នន័យ​អ៊ីនធឺណិត​ដំបូង​ឆាប់ៗ

  • 2015-02-07 00:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ezecom នឹង​នាំ​សេវា ibizCloud ជា​សេវា​រក្សា​ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ បច្ចេកវិទ្យា Cloud កន្លង​ទៅ​មាន​តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដែល​អាច​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្មុគស្មាញ​នេះ ប៉ុន្តែ​ក្នុង​ពេល​ឆាប់ៗ​នេះ​ក្រុមហ៊ុន​ក្នុង​ស្រុក​​នេះ​នឹង​នាំ​ប្រតិបត្តិការ​រក្សាទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទីផ្សារ​អ្នក​​ប្រើប្រាស់។

 

 

លោក សុខ យ៉េង ប្រធាន​ផ្នែក​ផលិតកម្ម VAS ក្រុមហ៊ុន​របស់ Ezecom បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Ezecom នឹង​បើក​​ដំណើរការ​សេវា​ទុកទិន្នន័យ​លើ​អ៊ីនធឺណិត​  ibizCloud នៅ​ដើម​ឆ្នាំ ២០១៥ នេះ។

 

សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​បច្ចេកវិទ្យា​ថ្មីៗ ប្រាកដ​ជា​ស្គាល់​បច្ចេកវិទ្យា Cloud។ Cloud ជា​បច្ចេកវិទ្យា​ដើម្បី​រក្សា​ទុក​ឯកសារ​និង​កម្មវិធី​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​បច្ចេកវិទ្យា​នេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ចូល​បើក​មើល ទាញ​យក និង​ប្រើប្រាស់​ឯកសារ​បាន​គ្រប់​ទីកន្លែង​ គ្រប់​ពេលវេលា​តាម​រយៈ​ឧបករណ៍​ផ្សេងៗ​គ្នា។

 

លោក​ថា ពី​មុន​ម្ចាស់​អាជីវកម្ម​បារម្ភ​ប្រសិន​បើ​ទិញ​សេវា​នេះ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​វា​មាន​តម្លៃ​ថ្លៃ ហើយ​បើ​មាន​បញ្ហា​ក៏​ពិបាក​ជួប​ដោះស្រាយ​។ ដូច្នេះ​ជាមួួយ​​ការ​ប្រើប្រាស់​សេវា ibizCloud អតិថិជន​កាន់​តែ​ងាយស្រួលនិង​កាត់​បន្ថយ​ការ​ចំណាយ​ជា​ច្រើន​ផង​ដែរ។

 

លោក ខឹម សុខែម ប្រធាន​គ្រប់គ្រង​គម្រោង​នៅ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក ដែល​មាន​គម្រោង​បង្កើត​សេវា​ទុក​ទិន្នន័យ​អនឡាញ​ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ធ្វើ​ឲ្យ​ការ​ដំណើរការ​អាជីវកម្ម​កាន់​តែ​ងាយស្រួល។

 

យ៉ាង​ណា លោក​ក៏​មាន​ការ​ព្រួយបារម្ភ​លើ​កត្តា​សុវត្ថិភាព ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន​​ក្នុង​ការ​​ជាវ​​យក​ទៅ​ប្រើប្រាស់។

 

"ដូច​ដឹង​ស្រាប់​ហើយ ក្រុមហ៊ុន​ធំៗ​ដូច​ពពួក​ធនាគារ​គេ​ត្រូវការ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​លើ​ការ​ទុក​ដាក់​ទិន្នន័យ ដើម្បី​អាច​បង្ការ​ហានិភ័យ​នានា។ បើ​ក្នុង​ករណី​មាន​បញ្ហា​កើត​ឡើង ពួកគេ​អាច​ស្វែង​រក​ដំណោះស្រាយ​បាន​ភ្លាមៗ និង​ប្រកប​ដោយ​ប្រសិទ្ធភាព"។

 

ឆ្លើយតប​ការ​បារម្ភ​នេះ លោក សុខយ៉េង បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ក្រុម​ការងារ​​​ក្នុង​ស្រុក​ដែល​មាន​សមត្ថភាព​និង​ប្រកប​ដោយ​ជំនាញ​ច្បាស់លាស់ ដើម្បី​អាច​ឆ្លើយតប​រាល់​បញ្ហា​ដែល​អតិថិជន​ព្រួយ​បារម្ភ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​នឹង​ធ្វើការ​ដើម្បី​វាយតម្លៃ​លើ​ការ​រៀបចំ​ប្រព័ន្ធ​រក្សាទុក និង​គ្រប់គ្រង​ដើម្បី​ឲ្យ​ស្រប​តាម​ស្តង់ដារ​សុវត្ថិភាព​អន្តរជាតិ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា