រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​វគ្គ១/២ ផ្ដាច់ព្រ័ត្រ Western Cup ហើយ

  • 2015-02-09 16:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ពាន​រង្វាន់​បាល់ទះ​ធំ​ប្រចាំ​រាជធានី​ភ្នំពេញ​​សម្រាប់​សិស្ស​វិទ្យាល័យ Western Cup 2015 បាន​ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រោយ​បញ្ចប់​យុទ្ធនាការ​ប្រកួត​វគ្គ ១/៤ រួច​រាល់​នា​ចុង​សប្ដាហ៍​កន្លង​ទៅ នៅ​ទីលាន​​វិទ្យាល័យ​ពងទឹក និង វិទ្យាល័យ​ឬស្សីកែវ។

 

 

ក្រុម​ដែល​មាន​កៅអី​ឡើង​ទៅ​វគ្គ ១/២ មាន​ វិទ្យាល័យភ្នំពេញថ្មី, វិទ្យាល័យ​ព្រែកឯង, វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី និង វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន្ត។ វគ្គ​នេះ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី ១៣ ខែ កុម្ភៈ ខាង​មុខ នៅ​​ទីលាន​​វិទ្យាល័យ​វត្តកោះ។ ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ឆ្នាំ ២០១៥ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

ពាន​រង្វាន់​សម្រាប់​តែ​សិស្ស​វិទ្យាល័យ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៣២ ដោយ​បែងចែក​ទៅ​ជា​ ៤ ពូល ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ ចំនួន២ ក្រុម​មាន​កៅអី​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ទាប់ ដើម្បី​ប្រជែង​រង្វាន់​ប្រាក់​លាន។ ក្រុម​ជើង​ឯក​នឹង​ទទួល​ទឹក​ប្រាក់​ចំនួន ១០ លាន​រៀល ខណៈ​ក្រុម​ជើង​ឯក​រក​បាន​ ៦ លាន​រៀល ក្រុម​លេខ ៣ នឹង​ទទួល​បាន​ទឹក​ប្រាក់ ៤ លាន​រៀល និង​ក្រុម​លេខ ៤ ចំនួន ៣ លាន​រៀល។

 

Western Cup 2015 រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​ដូចជា ភេសជ្ជៈ M-150, រោងភាព​យន្ត​លេជេន​, ផ្សារ​ទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលា​វេស្ទើន​អន្តរជាតិ, មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។

 

សរុប​សាលា​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​តាំង​ពី​បង្កើត​មក​​មាន ឆ្នាំ ២០១០ បាន​ទៅ​វិទ្យាល័យ​ឬស្សកែវ ហើយ​ឆ្នាំ ២០១១ ធ្លាក់​ទៅ​វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន វិញ​ម្ដង។ ចំណែក​នៅ​ឆ្នាំ​ ២០១២ បាន​ទៅ​វិទ្យាល័យ​ព្រែកលៀប ប៉ុន្ដែ​នៅ​ឆ្នាំ ២០១៣ វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន ដណ្ដើម​បាន​មក​វិញ និង ចុង​ក្រោយ​​ឆ្នាំ ២០១៤ បាន​មក​វិទ្យាល័យ​ ហ៊ុនសែន ភ្នំពេញថ្មី៕

 

អត្ថបទ​ពាក់ព័ន្ធ៖ នាយក​ក្រុម​វិទ្យាល័យ​ភ្នំពេញ​ថ្មី​រំពឹង​ឈ្នះ​ជើង​ឯក​ Western Cup ដល់​៩០​%

 
លទ្ធផល​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ
គូ​ប្រកួត​​ ទីលាន​
ហ៊ុនសែន​ភ្នំពេញ​ថ្មី​ ៣ – ០ ព្រែកលៀប​ ពងទឹក​
កោះដាច់​ ១ – ៣ ព្រែកឯង​
ពងទឹក​ ១ – ៣ ជាស៊ីម​សាមគ្គី​ ឬស្សីកែវ
ហ៊ុនសែន​ផ្សារដើមថ្កូវ​ ២ – ៣ ហ៊ុនសែន​ជម្ពូវ័ន្ត​
វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​
ហ៊ុនសែន​ភ្នំពេញ​ថ្មី​ Vs ព្រែកឯង វត្ត កោះ​
ជាស៊ីមសាមគ្គី​ Vs ហ៊ុនសែនជម្ពូវ័ន្ត
 

អត្ថបទ៖ ម៉ឺន រស្មី