ទ័ព​​ចំណាយ​៥​ពាន់​ដុល្លារ​ជួសជុល​ស្តាត​ចាស់​ត្រៀម​រដូវ​កាល​ថ្មី​

  • 2015-02-12 16:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់​ទាត់​ក្រសួង​ការ​ពារ​ជាតិ​(ទ័ព)​នឹង​ចំណាយ​ប្រាក់​ប្រមាណ​៥០០០​ដុល្លារ​អាមេរិក​​សម្រាប់​​ជួសជុល​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​(ស្តាត​ចាស់)​ត្រៀម​ខ្លួន​លីក​បាល់ទាត់​កំពូល​កម្ពុជា​ដែល​នឹង​ចាប់​ផ្តើម​នា​ខែ​មីនា​ខាង​មុខ​នេះ។

 

លោក​ ទេព ឡុង​រចនា​ គ្រូ​បង្គោល​របស់​ក្លិប​បាន​ប្រាប់​ Sabay ថា ​ដើម​រដូវ​កាល​នេះ​ក្លិប​របស់​លោក​​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​យុទ្ធនាការ​ការ​ប្រកួត​លីក​អាជីព​របស់​កម្ពុជា​​(មិត្តហ្វូនខេមបូឌានលិក) ដូច្នេះ​ក្លិប​សម្រេច​ធ្វើ​ការ​ជួសជុល​កីឡដ្ឋាន​ស្តាត​ចាស់​សម្រាប់​រៀប​ចំ​ការ​ប្រកួត។

 

ទី​លាន​វាល​ស្មៅ​ស្តាត​ចាស់

លោក​បាន​ឲ្យ​ដឹង​ថា ការ​ជួសជុល​នេះ​គឺ​​ទី​មួយ​ការ​ឈូស​ឆាយ​ស្មៅ​ចាស់​ចោល​ដោយ​ដាក់​ដាំ​ស្មៅ​ធម្មជាតិ​ថ្មី និង​ការ​រៀប​ចំ​កែ​លម្អ​ជុំ​វិញ​ទី​លាន។ ទី​ពីរ​ការ​ជួសជុល​កន្លែង​សម្រាប់​ផ្លាស់​ប្តូរ​សំលៀកបំពាក់​ បន្ទប់​ទឹក និង​កន្លែង​មន្ត្រី​រៀប​ចំ​ការ​ប្រកួត។

 

«​ទីលាន​ប្រើ​ស្មៅ​ធម្មជាតិ​ដូច​ពី​មុន ​​ហើយ​បន្ទប់​ទឹក​​ និង​បន្ទប់​ផ្លាស់​ខោអាវ​​របស់​កីឡាករ​ ជួស​ជុល​បន្តិចបន្តួច​ប៉ុណ្ណោះ។ យើង​ត្រូវ​តែ​ប្រញាប់​ធ្វើ​ឲ្យ​ហើយ​មុន​ខែ​មីនា​ខាង​មុន​នេះ ព្រោះ​យើង​ត្រូវ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី»។ លោក​បាន​បញ្ជាក់។

 

​ចំពោះ​ថវិកា​វិញ លោក ទេព ឡុងរចនា​បាន​ប្រាប់​ថា តាម​ពិត​ទៅ​ក្លិប​មាន​ការ​ខ្វះ​ខាត​ច្រើន ដូច្នេះ​ប្រាក់​ទាំង​អស់​នេះ​បាន​មក​​ការ​ប្រមូល​មូលនិធិ ​ពី​​អ្នក​ឧបត្ថម្ភ និង​អ្នក​គាំទ្រ​របស់​ក្លិប​ទាំង​អស់​ដែល​បាន​ជួយ​គ្នា។ ​ការ​ចំណាយ​នេះ​មិន​ទាន់​អាច​កំណត់​បាន​ច្បាស់​ទាំង​ស្រុង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​បើ​តាម​ការ​គ្រោង​ទុក​ក្នុង​ការ​ចំណាយ​ប្រមាណ​ជា​៥០០០​ដុល្លារ​អាមេរិក។

 

កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់​) ចាប់​ផ្ដើម​ឈូស​ឆាយ​ស្មៅ​កែប្រែ​ទី​លាន​​ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​ ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥ កន្លង​ទៅ​ហើយ​គ្រោង​ប្រើ​ពេល​មួយ​ខែ​ដើម្បី​បញ្ចប់៕

 

អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​

​​​​​