វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Western Cup រសៀល​នេះ​រៀបចំ​នៅ​វិទ្យាល័យ​វត្តកោះ

  • 2015-02-13 16:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​បាល់ទះ​ធំ​ប្រចាំ​រាជធានី​ភ្នំពេញ​​សម្រាប់​សិស្ស​វិទ្យាល័យ Western Cup 2015 បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី ១៣ កុម្ភៈ ដោយ​រៀបចំ​ឡើង​លើ​ទីលាន​បាល់ទះ​ក្នុង​វិទ្យាល័យ​វត្តកោះ។

 

 

ការ​ប្រកួត​នាពេល​កន្លង​មក

  ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញថ្មី ត្រូវ​ជួប​​វិទ្យាល័យ​ព្រែក​ឯង ដើម្បី​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​នេះ​វេលា​ម៉ោង ២ រសៀល​តទៅ។ មុន​ឡើង​មក​ដល់​វគ្គ​នេះ ភ្នំពេញថ្មី បាន​យក​ឈ្នះ​ក្រុម​ព្រែកលៀប នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ដោយ​លទ្ធផល ៣ សិត ទល់ ០។ ចំណែក​ក្រុម​ព្រែក​ឯង បាន​យក​ឈ្នះ​ក្រុម​កោះដាច់ ក្នុង​លទ្ធផល ៣​សិត ទល់ ១ សិត។   ចំណែក​មួយ​គូ​ទៀត ក្រុម​​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី ត្រូវ​ប៉ះ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន្ត ចាប់​ពី​ម៉ោង ៤​ រសៀល​តទៅ។ សម្រាប់​ក្រុម ជា ស៊ីម សាមគ្គី បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យ​ពងទឹក ៣ ទល់ ១ សិត នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ស្រប​ពេល​ ហ៊ុនសែនជម្ពូវ័ន្ត បាន​យក​ឈ្នះ​ក្រុម​​វិទ្យាល័យ ហ៊ុនសែន​ផ្សារដើមថ្កូវ ទាំង​ត្រដាបត្រដួស ៣ សិត ទល់ ២។   ក្រុម​ឈ្នះ​នៅ​វគ្គ​នេះ​នឹង​​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​រៀបចំ​នៅ​រសៀល​​ថ្ងៃ​ទី​ ១៦ កុម្ភៈ  ក្នុង​បរិវេណ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​ដែល​ចាញ់​ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ កុម្ភៈ លើ​ទីលាន​វិទ្យាល័យ​បាក់ទូក។   Western Cup 2015 រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​ដូចជា ភេសជ្ជៈ M-150, រោងភាព​យន្ត​លេជេន​, ផ្សារ​ទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលា​វេស្ទើន​អន្តរជាតិ, មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។

 

  ពាន​រង្វាន់​សម្រាប់​តែ​សិស្ស​វិទ្យាល័យ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៣២ ដោយ​បែងចែក​ទៅ​ជា​ ៤ ពូល ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ ចំនួន២ ក្រុម​មាន​កៅអី​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ទាប់ ដើម្បី​ប្រជែង​រង្វាន់​ប្រាក់​លាន។ ក្រុម​ជើង​ឯក​នឹង​ទទួល​ទឹក​ប្រាក់​ចំនួន ១០ លាន​រៀល ខណៈ​ក្រុម​ជើង​ឯក​រក​បាន​ ៦ លាន​រៀល ក្រុម​លេខ ៣ នឹង​ទទួល​បាន​ទឹក​ប្រាក់ ៤ លាន​រៀល និង​ក្រុម​លេខ ៤ ចំនួន ៣ លាន​រៀល។   សរុប​សាលា​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​តាំង​ពី​បង្កើត​មក​​មាន ឆ្នាំ ២០១០ បាន​ទៅ​វិទ្យាល័យ​ឬស្សកែវ ហើយ​ឆ្នាំ ២០១១ ធ្លាក់​ទៅ​វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន វិញ​ម្ដង។ ចំណែក​នៅ​ឆ្នាំ​ ២០១២ បាន​ទៅ​វិទ្យាល័យ​ព្រែកលៀប ប៉ុន្ដែ​នៅ​ឆ្នាំ ២០១៣ វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន ដណ្ដើម​បាន​មក​វិញ និង ចុង​ក្រោយ​​ឆ្នាំ ២០១៤ បាន​មក​វិទ្យាល័យ​ ហ៊ុនសែន ភ្នំពេញថ្មី៕   ចុះ​ឆ្នាំ​នេះ​វិញ ក្នុង​ចំណោម​ក្រុម​ខ្លាំង​​ទាំង ៤ ខាង​លើ តើ​វិទ្យាល័យ​ណា​អាច​ដណ្ដើម​ជើង​ឯក​បាន?   អត្ថបទ៖ ម៉ឺន រស្មី