វគ្គ​ផ្ដាច់ព្រ័ត្រ Hun Sen Cup 2015 នៅ​តែ​ជា​ប្រធាន​បទក្ដៅ?

  • 2015-02-16 19:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​ពាន​រង្វាន់ Hun Sen Cup 2015 បាន​បញ្ចប់​ទៅ ២ ថ្ងៃ​ហើយ ប៉ុន្តែ​អ្នក​ពាក់ព័ន្ធ​ចំនួន​នៅ​តែ​បង្ហាញ​អារម្មណ៍​មិន​អស់​មិន​ហើយ​ពី​ពាន​រង្វាន់​មួយ​នេះ រវាង​ក្រុម​ជើង​ឯក និង ជា​ម្ចាស់​ផ្ទះ ខេត្ត​ស្វាយរៀង ជាមួយ​ក្រុម​ជើង​ឯក​រង ៤ សម័យ​កាល ណាហ្គាវើល កាល​ពី​ថ្ងៃ​ទី ១៤ កុម្ភៈ ឆ្នាំ ២០១៥។

 

 

ណាហ្គាវើល (ប្រផេះ) ស្វាយរៀង (ក្រហម)

 

ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើល ដោយ​លទ្ធផល ២ ទល់ ១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​កីឡាករ ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម នៅ​នាទី ៤៥+១ និង ណុប តុលា  នៅ​នាទី ៩០+១ ស្រប​ពេល​ម៉ោង​បន្ថែម​មាន ៣ នាទី ហើយ ១ គ្រាប់​របស់​ណាហ្គា រក​បាន​ដោយ​កីឡាករ ស៊ុន សុបញ្ញា  នៅ​នាទី ៦០ ខណៈ​ប្រធាន​ក្រុម ស៊ុន សុវណ្ណរិទ្ធី ត្រូវ​លោក​អាជ្ញាកណ្ដាល ទុយ វិច្ឆិកា ពិន័យ​កាត​លឿង ២ ដង ស្មើ​នឹង​កាត​ក្រហម។

 

អ្នក​គាំទ្រ​លើ​ទីលាន​ម្នាក់​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ក្រោយ​ប្រកួត​ចប់​ថា៖ «ការ​ប្រកួត​បញ្ចប់​ទៅ​ទាំង​បែប​នេះ​ដូច​មិន​អស់​ចិត្ត​សោះ។ ការ​ប្រកួត​ដាច់​ភាគ​ត្រឹម​កាត​ក្រហម បើ​សិន​មិន​មាន​​ការ​​ពិន័យ​នេះ​ប្រហែល​ជក់​ចិត្ត​​កាន់​តែ​ខ្លាំង​ហើយ ព្រោះ​ក្រុម​ទាំង ២ ល្អ​រៀង​ខ្លួន»។

 

រី​ឯ​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់​ក្រុម​គីរីវង់សុខសែនជ័យ បាន​សរសេរ​ឆ្លើយ​តប​នៅ​ក្នុង​​ហ្វេសប៊ុក​អាជ្ញាកណ្ដាល​ម្នាក់​​ក្នុង​ចំណោម ៤ នាក់​ដែល​ដឹកនាំ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Hun Sen Cup 2015 ថា៖ «ទ្រាំ​ទៅ​កម្ម​យើង​ទេ ធ្វើ​ម៉េច​បើ​ឯង​ស្រឡាញ់​អាជីព​ហ្នឹង។ ពួក​អ្នក​ចេះ​តែ​ថា​អោយ​យើង​ មិន​ហ៊ាន​ចាប់​យក​អាជីព​នេះ​ទេ ខ្លាច​គេ​ជេរ​វិញ»។

 
 

លោក សំ​ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ខេត្ត​ស្វាយរៀង

 

ចំណែក លោក សំ វ៉ានដេត គ្រូ​បង្វឹក​​របស់​ក្រុម​ខេត្ត​ស្វាយរៀង បាន​ប្រាប់ Sabay ក្រោយ​ចប់​ការ​ប្រកួត​ថា៖ «យើង​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល ព្រោះ​បាល់ទាត់​យើង​មិន​អាច​លេង​ដោយ​អត់​មាន​អាជ្ញាកណ្ដាល​បាន​នោះ​ទេ»។

 

ចំពោះ​លោក មាស ចាន់ណា គ្រូ​បង្វឹក​របស់​ក្រុម​ណាហ្គាវើល វិញ​បាន​ស្នើ​សុំ​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដែល​ជា​អាណាព្យាបាល​ក្លិប​បាល់ទាត់​ទាំង​អស់​សូម ជួយ​សម្របសម្រួល​​ដល់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​​គ្រប់​ពាន​រង្វាន់​ទាំង​អស់​កុំ​ឱ្យ​មាន​បញ្ហា​បែប​នេះ​ទៀត។ ទោះបី​ជា​​ការ​ប្រកួត​​ប្រព្រឹត្តិ​ឡើង​បែប​ណា​ក៏​ដោយ តែ​សកម្មភាព​ទាំង​អស់​មាន​ផ្សាយផ្ទាល់​​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ ហើយ​សម័យ​នេះ​​គ្រប់​គ្នា​​សុទ្ធ​តែ​ចេះ​ប្រើ ហ្វេសប៊ុក អ្នក​គាំទ្រ​​ទាំង​អស់​សុទ្ធ​តែ​អាច​វិនិច្ឆ័យ​បាន​ដូច​គ្នា។

 
 

លោក មាស ចាន់ណា គ្រូ​បង្វឹក​ណាហ្គាវើល

 

លោក​គ្រូ​វ័យ ៣០​ឆ្នាំ​ប្លាយ​រូប​នេះ​បាន​បន្ថែម​ថា៖ «ខាង​ខ្ញុំ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​អ្វី​នោះ​ទេ បើ​យើង​ធ្វើ​ខ្លាំង​​អាច​នឹង​មាន​​អ្នក​ខ្លះ​បាត់បង់​អាជីព​ពី​បាល់ទាត់​នេះ។ ប៉ុន្ដែ​យើង​គ្រាន់​ចង់​ឱ្យ​ពួក​គាត់​កែប្រែ​ខ្លួន​ឡើង​វិញ​ កុំ​ព្យាយាម​​គិត​ម្ខាង ៤០% ឬ ម្ខាង ៦០%»។

 

 

ក្រុម​ខេត្ត​ស្វាយរៀង លើក​ពាន Hun Sen Cup 2013

 

ការ​ប្រកួត​ចាប់​ឡើង​កម្ដៅ​នៅ​ក្នុង​តង់​ទី២ ពោល​គឺ​ក្រោយ​ខាង​ណាហ្គាវើល យល់​ខ្លួន​គួរ​តែ​បាន​បាល់​ពិន័យ ១១ ម៉ែត្រ មុន​ប្រធាន​ក្រុម ស៊ុន សុវណ្ណរិទ្ធី ពិន័យ​កាត​លឿង​​លើក​ទី១ នៅ​នាទី ៧២ និង កាត​កាត​ក្រហម​លើក​ទី២ នៅ ២ នាទី​បន្ទាប់ គឺ​ក្នុង​នាទី ៧៤ នៃ​ការ​ប្រកួត។

 

ឆ្លើយ​តប​នឹង​សំនួរ​ដែល​សួរ​ថា មាន​អ្នក​គាំទ្រ​មួយ​ចំនួន លើក​ឡើង​ថា កីឡាករ​របស់​ណាហ្គា ឆេវឆាវ​បន្តិច​ទើប​មាន​បញ្ហា​កើត​ឡើង។ លោក​ មាស ចាន់ណា លើក​ឡើ​ថា៖ «ប្រសិន​បើ​កីឡាករ​ខ្ញុំ​ឆេវឆាវ នោះ​មិន​មែន​កាត​ក្រហម​តែ ១ នោះ​ទេ ពួក​គាត់​តវ៉ា​ខ្លាំង​នៅ​ពេល​ចប់​ការ​ប្រកួត​ប៉ុណ្ណោះ។ ​ខ្ញុំ​សូម​អរគុណ​ដល់​ពួក​គាត់​ដែល​ព្យាយាម​តាំង​ចិត្ត​ប្រកួត​រហូត​ដល់​ចប់ចុងចប់ដើម»។

 

លោក គល់ សុផាន់ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង លោក ម៉ៃ តុលា មន្រ្តី​បច្ចេកទេស​របស់​សហព័ន្ធ និង​អគ្គលេខធិការ​រង មិន​អាច​ទាក់ទង​​ដើម្បី​បំភ្លឺ​ក្នុង​រឿង​នេះ​បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី ១៦ កុម្ភៈ នេះ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល៕

  ខា​ង​ក្រោម​ជា​​វីដេអូ​នៃ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​​រវាង​ណាហ្គាវើល និង ខេត្ត​ស្វាយរៀង៖

 

http://youtu.be/gBheRbKV3rk