កម្មវិធី Freshie Girls & Boys ជំនាន់​ទី ១៤ បង្ហាញ​មុខ​បេក្ខភាព​សម្រាំង ៤៨​រូប

  • 2015-02-17 15:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ចាប់​ផ្ដើម​អស់​ចំនួន ១៣​រដូវ​កាល​រួច​មក ក្រុមហ៊ុន BKA Entertainment រើស​បាន​បេក្ខភាព  Freshie Girls & Boys ចំនួន ៤៨រូប(ស្រី ២៤ ប្រុស ២៤)ត្រៀម​សម្រាប់​ប្រកួត​ជម្រើស​ក្នុង​កម្មវិធី Freshie ជំនាន់​ទី​១៤ ឆ្នាំ ២០១៥ នេះ។

 

បេក្ខភាព  Freshie Girls & Boys ទាំង​៤២​រូប​នេះ ជ្រើស​ចេញ​ពី​បេក្ខភាព​សរុប​ដល់​ទៅ​ជាង ២០០០នាក់​ឯណោះ មក​ពី​បណ្ដា​ខេត្ត​ក្រុង និង​រាជធានី ក្រោយ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល ដូច​ជា វគ្គ​ជម្រុះ​រូប​ថត និង​វគ្គ​សម្ភាសន៍​ផ្ទាល់​ជា​ដើម។ លោក ប៊ុន កើដ អគ្គនាយក BKA Entertainment ថ្លែង​ថា ចំនួន​ដាក់​ពាក្យ​ដ៏​ច្រើន​នេះ បង្ហាញ​ពី​​ការ​រីក​ចម្រើន​មួយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​របស់​កម្មវិធី។

 

 

លោក​បន្ត​ថា ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ អាណាព្យាបាល​យុវជន យុវនារី កាន់​តែ​មាន​ការ​គាំទ្រ​ចំពោះ​កម្មវិធី ដោយ​អនុញ្ញាត​ឲ្យ​បុត្រ ធីតា​របស់​ពួក​គាត់​មក​ដាក់​ពាក្យ​ប្រឡង។ តប​នឹង​ការ​គាំទ្រ​នេះ អះអាង​ថា នឹង​បន្ត​កម្មវិធី Freshie ជំនាន់​ក្រោយ​ៗ​ទៀត ព្រោះ​លោក​ចង់​ឲ្យ​យុវវ័យ​ខ្មែរ​សម្រេច​សុបិន​សិល្បៈ​របស់​ពួក​គេ។ លោក បញ្ជាក់​ថា ឆ្លង​កាត់​១៣​រដូវ​កាល​កន្លង​មក​នេះ សិល្បករ សិល្បការិនី​សម័យ​បច្ចុប្បន្ន​ប្រមាណ ៧០% កើត​ចេញ​ពី​កម្មវិធី  Freshie Girls & Boys របស់​លោក។

 

ដូច​នឹង​បណ្ដា​ឆ្នាំ​មុន​ៗ កម្មវិធី Freshie Girls & Boys ទទួល​បាន​ការ​គាំទ្រ​ដោយ​ផ្ដល់​អាជ្ញា​ប័ណ្ណ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ លោក​ស្រី សាន សាវត្តី តំណាង​ក្រសួង បាន​ថ្លែង​ថា ក្រសួង​គាំទ្រ​កម្មវិធី​នេះ​រាល់​ៗ​ឆ្នាំ ដោយ​សារ​កម្មវិធី​នេះ​បាន​ជួយ​ផ្ដួច​ផ្ដើម​តម្រង់​ផ្លូវ​យុវជន យុវនារី​ខ្មែរ​ឆ្ពោះ​ទៅ​កាន់​អាជីព​ច្បាស់​លាស់​មួយ ដើម្បី​បន្ត​វេន​លើក​តម្កើង​សិល្បៈ​វប្បធម៌​ខ្មែរ។

 

 

 លោក​ស្រី សាន សាវត្តី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

 

លោក​ស្រី បន្ថែម​ថា ក្រសួង​មាន​ពាក្យ​ស្លោក​មួយ​គឺ "អ្វី​ៗ​ទាំង​អស់ គឺ​ដើម្បី​សុវត្ថិភាព​វប្បធម៌​ខ្មែរ" ដូច្នេះ ក្រសួង​ស្នើ​ឲ្យ​កម្មវិធី​អនុលោម​តាម​ចំណុច​សំខាន់​ចំនួន​៥ គឺ​ទី១ ការ​ជ្រើស​រើស​ត្រូវ​ផ្អែក​លើ​សក្ដានុពល និង​ថាមពល​យុវជន យុវនារី។ ទី២ សោភ័ណភាព ពណ៌​សម្បុរ​ត្រូវ​មាន​លក្ខណៈ​ជា​ខ្មែរ។ ទី​៣ ការ​អប់​រំ​ចិត្ត​គំនិត មាន​វិន័យ សីលធម៌​ល្អ និង​មាន​គុណ​ធម៌​ជា​ខ្មែរ។ ទី​៤ សំលៀក​បំពាក់​ត្រូវ​រក្សា​ឲ្យ​បាន​សម​ស្រប​តាម​ប្រពៃណី​ខ្មែរ និង​ទី​៥ ការ​ជ្រើសរើស​ត្រូវ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ និង​មាន​គុណភាព។

 

ក្រោយ​ជ្រើស​បាន​បេក្ខភាព​ចំនួន ៤៨នាក់ កម្មវិធី Freshie Girls & Boys នឹង​ចាប់​ផ្ដើម​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ រៀងរាល់​សប្ដាហ៍​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ផង ក្នុង​នោះ​សប្ដាហ៍​ទី​១ ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៦ កុម្ភៈ ២០១៥ ត​ទៅ។

 

 

Freshie Girls & Boys ជំនាន់​ទី១៤ ទទួល​បាន​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា ភេសជ្ជៈ Pebsi ស្ករ​កៅស៊ូ KidKid ទឹក​អប់ Cologne និង Roll On 12 Plus សាប៊ូ​ទឹក​ដុស​ខ្លួន Flore ផលិតផល​ការពារ​មាត់​ធ្មេញ SYSTEMA ម៉ូតូ Honda Moove-Tourish Authority of THAILAND អាកាសចរ Thai Air Asia និង​សហការ​ឧបត្ថម្ភ​ដោយ​គ្រឿង​សំអាង KMA ហាង​លក់​សំលៀក​បំពាក់ Little Fashion, Chubcheevit Studio Cambodia ផ្សារ​ទំនើប Paragon, I-Friend Entertainment និង Super Fit ជាដើម។ ម្ចាស់​កម្មវិធី និង​អ្នក​ឧបត្ថម្ភ​អះអាង​រួម​គ្នា​ថា នឹង​ធ្វើ​ឲ្យ​កម្មវិធី  Freshie Girls & Boys ជំនាន់​ទី​១៤​នេះ កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ៕

 

 

 

 

 

 

អត្ថបទ៖ ទារិកា