គ្រូ​​ជើង​ឯក ជើង​ឯករង​ពាន​​បាល់​ទះ​​​ Western Cup ​ប្រាប់​​​ពី​គន្លឹះ​​ជោគជ័យ​​​

  • 2015-02-17 18:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អ៊ុក វណ្ណៈ ប្រធាន​ក្រុម​បច្ចេកទេស​និង​ជា​គ្រូ​បង្វឹក​ ​វិទ្យាល័យ​សម្ដេច​ ហ៊ុន សែន ភ្នំពេញ​ថ្មី​ដែល​បាន​ឈ្នះ​ជើង​ឯក​បាល់ទះ Western Cup បញ្ជាក់​ពី​ភាព​​ជោគជ័យ​របស់​ក្រុម​​លោក​​គឺ​មាន​បច្ចេកទេស​ខ្ពស់ ​ខណៈ​លោក​ ខាវ ថន គ្រូ​បង្វឹក​វិទ្យាល័យ​សាមគ្គី​ដែល​បាន​ជើង​​ឯក​រង​ថា ក្រុម​របស់​លោក​ក៏​ល្អ​បច្ចេកទេស​ដែរ តែ​ស្មារតី​នៅ​ខ្សោយ។

 

 

ប្រធាន​ក្រុម​បច្ចេកទេស​ និង ជា​គ្រូ​បង្វឹក​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​ភ្នំពេញ​ថ្មី​លោក អ៊ុក វណ្ណៈ ​បាន​លើក​ឡើង​ថា ​ក្រុម​របស់​លោក​ទទួល​បាន​​​ជោគជ័យ​​អាច​មក​ពី​កត្តា​ច្រើន​ករណី​គឺ​ទី​មួយ​ក្រុម​របស់​មាន​វិន័យ ​និង​​បច្ចេកទេស​​ល្អ។ ពួក​គេ​ទទួល​បាន​ការ​អប់រំ និង​សិក្សា​ខ្ពស់​ពី​​គ្រូ​ និង​ជំនួយ​ការ​ទាំង​អស់​ ​​​ពិសេស​កីឡាករ​ម្នាក់​​​ៗ​​​តស៊ូ​ និង​ប្រឹងប្រែង​ហ្វឹកហាត់។

 

«កូន​ក្រុម​របស់​ខ្ញុំ មាន​ការ​ត្រៀម​ខ្លួន​យូរ ​និង​បាន​ហ្វឹកហាត់​ប្រកប​ដោយ​ ភាព​ស្វាហាប់​ ហើយ​ទទួល​បាន​បច្ចេកទេស​ល្អៗ ពី​ពូក​យើង​។ ​ម៉្យាងទៀត​ ក្រុម​យើង​មាន​បទ​ពិសោធន៍​ច្រើន​សម្រាប់​ការ​ប្រកួត​កន្លង​មក»។ គ្រូ​បង្វឹក​ខាង​លើ​បាន​និយាយ។

 

លោក​បន្ថែម​ថា ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​កាល​ពី​ម្សិល​មិញ​ពិត​ជា​មាន​ភាព​តានតឹង ពី​​ព្រោះ​គូ​​ប្រជែង​ជា​ក្រុម​ខ្លាំង​។ «សម្រាប់​ការ​ប្រកួត​កន្លង​ទៅ​យើង​អាច​យក​ឈ្នះ​បាន​ដោយ​ប្រកួត​ត្រឹង​តែ​៣​សិត ​តែ​លើក​នេះ​ប្រកួត​រហូត​ដល់​ទៅ​៥​សិត ​​វា​ជា​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​​ តែ​សូម​សរសើរ​ការ​ប្រឹង​ប្រែង​របស់​សមាជិក​ក្រុម​ខ្ញុំ​ដែល​គេ​នាំ​មុខ​ ហើយ​ទី​បំផុត​តាម​ទាល់​តែ​ឈ្នះ»។

 

ចំណែក​លោក​ ខាវ ថន គ្រូ​បង្វឹក​វិទ្យាល័យ​សាមគ្គី​វិញ​ប្រាប់​ថា​ ក្រុម​របស់​លោក​​​​ខក​ចិត្ត​ខ្លះ​ដែរ​ ពី​ព្រោះ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​នាំ​មុខ​ក្រុម​គេ​ពីរ​ទៅ​បី​ដង​ហើយ​នៅ​តែ​ធ្វើ​ឲ្យ​គេ​វាយ​បក​តាម​ស្មើ​រហូត​យក​ឈ្នះ​ទាល់​តែ​បាន។

 

 

លោក​ថា ៖«មើល​ទៅ​បច្ចេកទេស​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ស្ថិត​លើ​ស្មារតី កូន​ក្រុម​ខ្ញុំ​ប្រហែល​​ជា​ភ័យ​ខ្លះ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ ទោះ​មិន​បាន​ជាប់​លេខ​១ ក៏​យើង​ប្រឹង​អស់​ពី​លទ្ធភាព​ហើយ​យើង​បាន​លេខ​ពីរ​ដែរ​»។

 

លោក​បន្ថែម​ថា ការ​បរាជ័យ​នេះ​លោក​បាន​ប្រឹង​ប្រែង​អស់​​សមត្ថភាព​ហើយ។​ លោក​ដឹង​ថា​​រឿង​​សំខាន់​កូន​ក្រុម​របស់​លោក​​ក៏​​នឿយ​ហត់​ណាស់​ ​តែ​​សប្បាយ​ចិត្ត​ទាំង​អស់​គ្នា​ ព្រោះ​សិស្ស​ទាំង​អស់​បាន​ប្រឹងប្រែង​ ហាត់​តាំង​ពី​ដើម​មក។

 

​ចំណាត់​ថ្នាក់​លេខ៣​បាន​ទៅ​ក្រុម​វិទ្យាល័យ​ព្រែក​ឯង និង​លេខ​៤​បាន​ទៅ​ក្រុម​វិទ្យាល័យ​ជម្ពូវ័ន្ត៕

 

មើល​ប្រាក់​រង្វាន់ សូម​ចុច...

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​