លីក បាល់បោះ​កម្ពុជា រដូវកាល​ថ្មី​ចាប់​​ផ្ដើម​ពី​ខែ មីនា ដល់ សីហា

  • 2015-02-18 23:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​បាល់បោះ​កម្ពុជា​រដូវកាល​ថ្មី​ (Cambodian Basketball League) លើក​ទី៣ ឆ្នាំ ២០១៥ ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួងអប់រំយុវជន​និង​កីឡា ហង់ ជួន ណារ៉ុន បាន​ចុះ​ហត្ថលេខា​​សម្រេច​ឱ្យ​​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​​ចាប់​ពី​ថ្ងៃ​ទី ១ ខែ មីនា រហូត​ដល់ ១ ខែ សីហា ឆ្នាំ ២០១៥។

 

 

ការ​ប្រកួត​ក្នុង​លីក​បាល់បោះ​កម្ពុជា កាល​ពី​រដូវកាល​មុន

 

លីក​​បាល់បោះ​កម្ពុជា កាល​ពី​ឆ្នាំ ២០១៤ មាន​ក្រុម​ចូលរួម​ចំនួន ១០ ក្រុម ដោយ​​ជើង​ឯក​បាន​ទៅ​ក្រុម​Pate 310 ក្រោយ​​ផ្តួល Davies Paints ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ៥៦ – ៥៤ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ អម​ដោយ​​ពាន​រង្វាន់ ១ និង​ទឹក​​ប្រាក់ ៤ លាន​រៀល។

 

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​សហព័ន្ធ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​រៀងរាល់​ថ្ងៃ​ សៅរ៍​ និង​អាទិត្យ​ នៅ​ទីលាន​បាល់បោះ​ក្នុង​បរិវេណ​​​វិមាន​នៃ​​ ពហុកីឡដ្ឋានជាតិ។

 

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​បាន​កំណត់​ថា​​ក្រុម​នីមួយ​អាច​​សុំ​ធ្វើការ​ចុះឈ្មោះ​កីឡាករ​បាន​ចំនួន​ ១៦​ នាក់ ហើយ​នៅ​គ្រប់​​ពេល​ប្រកួត​ត្រូវ​បំពេញ​ឈ្មោះ​កីឡាករ​ ក្នុង​បញ្ជី​រាយ​នាម​ចំនួន​ ១២ នាក់​ផ្ដល់​ឲ្យ​​គណៈកម្មការ​ប្រកួត​ សម្រាប់​ក្រុម​កីឡាបាល់បោះ​បរទេស​ត្រូវ​មាន​កីឡាករ​កម្ពុជា​យ៉ាង​តិច​ ០៣ នាក់​ហើយ​ម្នាក់​ត្រូវ​លេង​នៅ​លើ​ទីលាន​ប្រកួត​គ្រប់​វគ្គ​ទាំង​អស់​។

 

សហព័ន្ធ​ត្រៀម​​ប្រាក់​រង្វាន់​​​ចំនួន​ ៣០០០$ ពាន ១ និង​មេដៃ​មាស ១៥​ គ្រឿង ដល់​ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​នៅ​រដូវកាល​ថ្មី​នេះ។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ បាន​ទឹក​ប្រាក់​ ២០០០$​ មេដៃ​ប្រាក់​ ១៥ គ្រឿង​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$ និង​មេដៃ​សំរឹទ្ធ១៥ គ្រឿង​។

 

ឯ​ការ​ដាក់​ពាក្យ​សុំ​ចូល​រួម​ប្រកួត​​នឹង​​បញ្ចប់​​រហូត​ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៥ វេលា​ម៉ោង ១៧:០០នាទីរសៀល​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា(បន្ទប់​លេខ​ ១១ នៃ​អគ្គនាយកដ្ឋាន​កីឡា)ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ចង់​ដឹង​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​ទូរស័ព្ទ​​លេខ ០១២ ៤១៧ ២៥៤ ឬ អ៊ីម៉ែល asktheCBL@gmail.com ឬ Facebook Page Cambodia Basketball Federation៕

 
  អត្ថបទ ៖ ម៉ឺន រស្មី
អត្ថបទថ្មី