ចង់​ឱ្យ​កូន​លោក​អ្នក​ក្លាយ​ជា​កីឡាករ​បាល់ទាត់អាជីព​ទេ? អាច​ធ្វើ​តេស្ដ​នៅ​ភ្នំពេញក្រោន​បាន!

  • 2015-02-23 22:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ប្រកាស​​ស្វែង​រក​កីឡាករ​ក្រោម​អាយុ ១៣ ឆ្នាំ​ទាំង​នៅ​រាជធានី​​ភ្នំពេញ និង តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស ដែល​មាន​និស្ស័យ​នឹង​បាល់ទាត់​ឱ្យ​​ចូល​​ធ្វើ​តេស្ដ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទទួល​បាន​កៅអី​​ចូល​លេង និង ហ្វឹកហាត់​ក្នុង​​ក្រុម​ឈុត​​យុវជន​​ (Acadamy) របស់​ក្លិប​ជើង​ឯក​លីក​កំពូល​កម្ពុជា ៥ សម័យកាល​នេះ។

 

 

ផែនទីកីឡដ្ឋាន RSN Stadium

សម្រាប់​​រាជធានី​ភ្នំពេញ នឹង​ធ្វើ​រៀបចំ​ជ្រើសរើស​យុវជន​ថ្នាល​នេះ​នៅ​ថ្ងៃ​​ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាង​មុខ នៅ​កីឡដ្ឋាន RSN Stadium (កីឡដ្ឋាន​របស់​ភ្នំពេញក្រោន) ចាប់​ពី​ម៉ោង ៨ ព្រឹក​តទៅ។ ចំពោះ​កុមារ​ដែល​កើត​នៅ​ឆ្នាំ ២០០២ ឬ ២០០៣ ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​​បាល់ទាត់​អាជីព​​នៅ​ថ្ងៃ​អនាគត អាច​ចូលរួម​ធ្វើ​តេស្ដ​សមត្ថភាព​​បាន ដោយ​គ្រាន់​តែ​កាន់​ស្បែកជើង និង សំបុត្រ​កំណើត​មក​ជាមួយ​ដើម្បី​បញ្ជាក់​ពី​អាយុ​ពិត។

លោក Andy Brouwer មន្រ្តី​ព័ត៌មាន​របស់​ក្លិប​បាន​ប្រាប់​ថា នៅ​មិន​ទាន់​អាច​កំណត់​ថា​នឹង​ជ្រើសរើស​យក​​កីឡាករ​​ចំនួន​ប៉ុន្មាន​នាក់​នៅ​ឡើយ​នោះ​ទេ អាច​ច្រើន​ជាង ១៨ នាក់ សំខាន់​លើ​ពិនិត្យ​មើល​​សមត្ថភាព​របស់​អ្នក​ទាំង​នោះ​សិន។ ចំពោះ​ការ​ធ្វើ​តេស្ត​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១១ ក្លិប​​ជ្រើសរើស​បាន​កីឡាករ​ចំនួន ២២ នាក់​ដែល​សព្វ​ថ្ងៃ​​ពួក​គេ​ឡើង​ដល់​ឈុត U17 អស់​ហើយ។

 

 

ក្រុម​យុវជន​ភ្នំពេញក្រោន (ក្រហម) ប្រកួត​នាពេល​កន្លង​មក

កីឡាករ​ជាប់​​ក្នុង​ការ​ធ្វើ​តេស្ដ​​នឹង​មាន​ឱកាស​​អភិវឌ្ឍន៍​សក្តានុពល​របស់​​ខ្លួន​ ជាមួយ​ Academy របស់​ភ្នំពេញក្រោន​ ជា​សាលា​កីឡា​បាល់ទាត់​អាជីព​​មួយ​នៅ​កម្ពុជា អម​ដោយ​អាហារូបករណ៍​រយៈ​ពេល​៥​ឆ្នាំ រួម​ទាំង​ការ​ស្នាក់នៅ អាហារ ការ​សិក្សា​នៅ​សាលា​អន្ដរជាតិ​ឯកជន និង កម្មវិធី​អភិវឌ្ឍន៍​កីឡា​បាល់ទាត់​ដោយ​គ្រូ​បង្វឹក​យុវជន​​ថែម​ទៀត​ផង។

 

សព្វ​ថ្ងៃ​ភ្នំពេញក្រោន មាន​កីឡាករ​ក្នុង​យុវជន​ប្រមាណ​ជាង ៣០ នាក់ ក្នុង​ចំណោម​​ឈុត U15 និង U17 ដែល​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង។ សម្រាប់​អ្នក​នៅ​តាម​បណ្ដារ​ខេត្ត​​ដែល​មាន​បំណង​ចង់​បង្ហាញ​សមត្ថភាព ក្លិប​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

អត្ថបទ៖ ម៉ឺន រស្មី