កម្ពុជា​ មិន​ចូលរួម​ប្រកួត​ពាន​ហ្វូលសាល​តំបន់​អាស៊ាន ​​​ជា​លើក​ទី៩

  • 2015-02-28 13:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​នេះ​ពាន​រង្វាន់​បាល់ទាត់​ក្នុង​សាល ឬ ហ៊្វូតសាល ប្រចាំ​តំបន់​អាស៊ាន​ (AFF Futsal Championship) ដំណើរ​ការ​​មក​បាន ១២ ឆ្នាំ​ហើយ គិត​ចាប់​តាំង​ពី​បង្កើត​ដំបូង​ក្នុង​ឆ្នាំ ២០០១ មក ទោះ​ជា​ឆ្នាំ​ខ្លះ​រំលង ហើយ​ឆ្នាំ​ខ្លះ​រៀបចំ​ជាប់ៗគ្នា​ក៏​ដោយ ស្រប​ពេល​កម្ពុជា សម្រេច​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី ៩។

 

 

ក្រុម​កម្ពុជា កាល​ពី​ឆ្នាំ ២០១២ កន្លង​ទៅ

 

បើ​មើល​ទៅ​លទ្ធផល​​ដែល​កម្ពុជា ធ្លាប់​ចូលរួម​ ៣ លើក​កន្លង​មក​ទទួល​ផល​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ដោយ​ក្នុង​នោះ​ លើក​ដំបូង នៅ​ឆ្នាំ​ ២០០៣ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ ហើយ​ឆ្នាំ ២០០៦ ក៏​រក្សា​ចំណាត់​ថ្នាក់​លេខ ៤ និង ២០១២ ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល។

 

លោក គល់ សុផាន់ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​លើក​ឡើង​ថា ការ​មិន​បាន​បញ្ជូន​ក្រុម​ឱ្យ​ចូលរួម​ប្រកួត​នេះ​ព្រោះ​តែ សហព័ន្ធ​មិន​បាន​រៀបចំ​លីក​បាល់ទាត់​ហ្វូតសាល​ជាតិ បាន​ត្រឹមត្រូវ​កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ។ លោក​ថា​សម្រាប់​ឆ្នាំ ២០១៥ នេះ​សហព័ន្ធ​ក៏​មិន​មាន​គម្រោង​រៀបចំ​​លីក​ហ្វូតសាល​ដែរ ព្រោះ​តែ​ខ្វះ​ខាត​​ថវិកា និង ហេដ្ឋារចនាសម្ព័ន្ធ​ជុំ​វិញ​កីឡា​ក្នុង​សាល​មួយ​នេះ។

 

ប្រភព​បន្ថែម​ថា សហព័ន្ធ​មិន​ចង់​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ដោយ​គ្មាន​​ការ​ត្រៀម​ខ្លួន​នោះ​ទេ ទោះ​មិន​បាន​ឈ្នះ​ច្រើន ក៏​បាន​ឈ្នះ​តិច ឬ មិន​ត្រូវ​មាន​សមត្ថភាព​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​ក្នុង​តំបន់​នោះ​​ដែរ។ សព្វ​ថ្ងៃ​សហព័ន្ធ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ជា​អត្តិភាព​មុន ហើយ​​មាន​រឿង​ខ្លះ​ត្រូវ​ធ្វើ​តាម​ក្រោយ​ និង ឱ្យ​បាន​ល្អ​ទៀត​ផង។

 

ការ​ប្រកួត​នៅ​ឆ្នាំ​ ២០១៥ នេះ​នឹង​ធ្វើ​ឡើង​នៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ទី ៨ ដល់ ១៨ ខែ តុលា ។ ក្រុម​ខ្លាំង​ចំនួន ៣ នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​ចូលរួម​ប្រកួត​ពាន​ថ្នាក់​ទ្វីប​អាស៊ី  2016 AFC Futsal Championship ដែល​នឹង​រៀបចំ​នៅ​ប្រទេស​ចិន។

 

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ ប្រទេស​សិង្ហបុរី បាន​ចូលរួម​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី២ សម្រាប់​ឆ្នាំ ២០១៥ ក្រោយ​ដណ្ដើម​បាន​ចំណាត់​​ជើង​ឯករង កាល​ពី​ឆ្នាំ​ដំបូង នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចាញ់​ថៃ នៅ​វគ្គ​ផ្ដាច់ព័ត្រ ១២ ទល់ ១៕

 

2015 AFF Futsal Championship

ពូល A ពូល B
ថៃ អូស្រ្តាលី
ឥណ្ឌូណេស៊ី វៀតណាម
ទីម័រខាងកើត ឡាវ
ប្រ៊ុយណេ មីយ៉ាន់ម៉ា
ម៉ាឡេស៊ី ហ្វីលីពីន
សិង្ហបុរី
 

អត្ថបទ៖ ម៉ឺន រស្មី