រឿង"៧​ថ្ងៃ" ចំណាយ​ទុនជិត ១០ម៉ឺន​ដុល្លារ ដាក់​បញ្ចាំង​ផ្លូវ​ការ

  • 2015-03-05 21:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​ទី​១​របស់​ផលិតកម្ម Rich Kids Media ដែល​អ្នក​ដឹក​នាំ​អះអាង​ថា ចាយ​ទុន​ដល់​ជិត ១០​ម៉ឺន​ដុល្លារ​នោះ ដល់​វេលា​ចាក់​បញ្ចាំង​ផ្លូវ​ការ​ហើយ ដោយ​បាន​បើក​សម្ពោធ​យប់​មិញ​នៅ​រោងភាពយន្ត Major Cineplex By Cellcard យប់​មិញ។

 

 

តាម ចាន់​ណា រ៉ូណាន អ្នក​ដឹក​នាំ​រឿង​ម្នាក់​ក្នុង​ចំណោម​ពីរ​ជាមួយ​លោក ជ័យ រិទ្ធា អះអាង​ថា រឿង "៧​ថ្ងៃ" របស់​លោក បាន​ចំណាយ​ទុន​សរុប​អស់​ប្រមាណ ៨ម៉ឺន​ដុល្លារ និង​បាន​ចំណាយ​ពេល​ផលិត​ដល់​ទៅ​ជាង​កន្លះ​ឆ្នាំ​ឯណោះ។ ប្រើ​ទុន​ខ្ពស់ និង​រយៈ​ពេល​វែង​ដូច្នេះ ដោយ​សារ​ថា ផលិតកម្ម​ចង់​ចម្រាញ់​យក​គុណភាព ព្រោះ​នេះ ជា​ភាពយន្ត​ដំបូង​របស់ Rich Kids Media ផង។

 

ជ័យ រិទ្ធា ជា​គ្រូ​របស់ រ៉ូណាន និង​ជា​អ្នក​ដឹក​នាំ​ម្នាក់​ក្នុង​រឿង​នេះ​ដែរ មិន​និយាយ​អះអាង​ពី​គុណភាព​មុន​ទេ ដោយ​ទុក​ឲ្យ​ប្រិយមិត្ត​ទស្សនា និង​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង។ លោក គ្រាន់​បញ្ជាក់​ថា អ្វី​គ្រប់​យ៉ាង គឺ​ធ្វើ​ដោយ​សម្រិត​សម្រាំង​បំផុត ឯ​ក្រុម​ការងារ​ផលិត​របស់​លោក​ទៀត​សោត​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់ និង​ជំនាញ​ពិត​ប្រាកដ។

 

“ខ្ញុំ​បាន​ផ្ទេរ​ចំណេះ​ដឹង​របស់​ខ្ញុំ​ទៅ​សិស្ស​របស់​ខ្ញុំ​អស់​ហើយ ហើយ​កូន​សិស្ស​ខ្ញុំ​ទាំង​ពីរ ពួក​គេ​សុទ្ធ​តែ​ពូកែ ម្នាក់​គឺ​ជា អ្នក​បច្ចេកទេស​មាន​ជំនាញ​ច្បាស់​លាស់ អីចឹង​ខ្ញុំ​ហ៊ាន​ធានា​ថា គុណភាព​នៃ​បច្ចេក​ទេស​កាត់​ត​របស់​យើង​ឈាន​ដល់​ស្តង់ដារ​អន្តរជាតិ ឯ​កូន​សិស្ស​ខ្ញុំ​ម្នាក់​ទៀត រ៉ូណាន ផ្នែក​សិល្បៈ ក៏​សុទ្ធ​តែ​អ្នក​មាន​ទេពកោសល្យ​ពិត​ប្រាកដ អីចឹង​ទេ​ខ្ញុំ​អាច​និយាយ​ថា ប្រិយមិត្ត​អាច​ទទួល​យក​បាន"។

 

 

អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​បញ្ចប់​ការ​សិក្សា​ពី​បរទេស​រូប​នេះ បន្ថែម​ថា "៧​ថ្ងៃ" មាន​គ្រប់​រសជាតិ ពិសេស​កំប្លែង​សើច​សប្បាយ និង​បង្កប់​ការ​អប់​រំ ហើយ​សាច់​រឿង​ប្រទាក់​ក្រឡា​បង្កប់​អាថ៌​កំបាំង​ជា​ច្រើន ហើយ​ប្រិយមិត្ត​រក​ស្មាន​មិន​ត្រូវ។ ចំណុច​នេះ លោក​អះអាង​ទៀត មាន​ខុស​ប្លែក​ដាច់​ពី​ភាពយន្ត​ខ្មែរ​ផ្សេង​ៗ​ទៀត។

 

ភាពយន្ត​ខ្នាត​ធំ​រឿង "៧​ថ្ងៃ" និយាយ​ពី​ការ​ដឹង​ខ្លួន​របស់​ខ្មោច​ដែល​ស្លាប់​ទៅ​ហើយ​គម្រប់​៧ថ្ងៃ​តាម​ការ​តំណាល​ត​ៗ​គ្នា​របស់​ចាស់​ៗ។ អ្នក​និពន្ធ ចង់​បង្ហាញ​ពី​កម្មពៀរ​ពិត​ជា​មាន​មែន​លើ​លោក​សន្និវាស​យើង​នេះ។ "កម្មពៀរ​ពិត​ជា​មាន​មែន ហើយ​មិន​ចាំ​ដល់​ជាតិ​ក្រោយ​ទេ គឺ​ជាតិ​នេះ​តែ​ម្ដង វា​នឹង​សង​មក​យើង​វិញ នេះ​ជា​សារ​សំខាន់​ដែល​យើង​ចង់​បង្ហាញ។ ចាន់ណា រ៉ូណាន ថ្លែង។

 

 

នី មុន្នីនាថ ដែល​សម្ដែង​ជា​តួ​នាង មនោរថ ត្រូវ​ជា​ភរិយា​នាយ យ៉ាន ថ្លែង​ដែរ​ថា "៧​ថ្ងៃ" គឺ​ជា​រឿង​និយាយ​ពី​បាប បុណ្យ ក៏​ដូច​ជា​ផល​កម្ម ហើយ​សាច់​រឿង​លាក់​អាថ៌កំបាំង​ពី​ដំណើរ​រឿង​បាប​កម្ម​ដែល​យើង​បាន​សាង។ នាថ អះអាង​ថា រឿង​នេះ នឹង​ជា​ខ្សែ​ភាពយន្ត​ដ៏​ល្អ​មើល​មួយ។

 

"៧​ថ្ងៃ" ចូល​សម្ដែង​ដោយ​តារា​ល្បី​ៗ វ័យ​ក្មេង​ស្អាត​ៗ និង​តារា​កំប្លែង​ជា​ច្រើន មាន​ដូច​ជា  នី មុន្នីនាថ សុទ្ធ ពេញ​បរមី ទេព រិនដារ៉ូ សុធា ពិសិដ្ឋ ប៊ូសាយ ខ្ញុង នាយ យ៉ាន និង​តា​ចេក ជា​ដើម។ បន្ទាប់​ពី​បើក​សម្ពោធ​យប់​មិញ​នេះ ភាពយន្ត​មួយ​នឹង​​ដាក់​បញ្ចាំង Premiere ម្ដង​ទៀត​ល្ងាច​នេះ នៅ​រោងភាពយន្ត Platinum Cineplex មុន​ពេល​ដាក់​បញ្ចាំង​គ្រប់​រោង​នៅ​រាជធានី៕

 

 

 

 

 

 

អត្ថបទ៖ ទារិកា