សិល្បករមួយក្រុម បើកហាងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
- 2015-03-12 21:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករមួយក្រុម បើកហាងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
ចន្លោះមិនឃើញ
សិល្បករមួយក្រុម មានអ្នកនិពន្ធ តារាចម្រៀង និងតារាសម្ដែង បានចូលមូលគ្នាបើកហាងលក់អាហារមួយកន្លែងរកថវិកាមួយផ្នែកចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ហាងនោះមានឈ្មោះថា "ខ្មែរ Donate” មានទីតាំងនៅខាងក្រោយវិទ្យាល័យចាក់អង្រែក្រោម។ តាម Nam Bank សិល្បករមួយរូបក្នុងចំណោមនោះ ប្រាប់ថា តាមពិតទៅ ម្ចាស់ហាងតែម្ដងមានឈ្មោះ កែវ សាស្ត្រា ជាមនុស្សម្នាក់ដែលស្រឡាញ់ចូលចិត្តសិល្បៈ។ ដូច្នេះហើយទើបលោក និងសិល្បករផ្សេងទៀតមាន DJ អាចារ្យធំ យឹង យន និងតារាចម្រៀង Jimmy Kiss ជាដើមចូលរួមជាស្មារតី។
រូបភាពសិល្បករ ក្នុងថ្ងៃបើកសម្ពោធហាងកាលពីចុងសប្ដាហ៍មុន
"គាត់ជាម្ចាស់ហាងទេ ឯពួកយើងចូលរួម គឺគ្រាន់តែជួយផ្សព្វផ្សាយ ព្រោះជាការងារសប្បុរសធម៌ អីចឹងហើយ ប្រាក់ចំណេញមួយផ្នែក គាត់នឹងដកទៅជួយមន្ទីរពេទ្យគន្ធបុប្ផាបង!"។
មិនត្រឹមតែមានគោលដៅជួយដល់មន្ទីរកុមារមួយនេះទេ ប៉ុន្តែតារាចម្រៀង និងជានិពន្ធបទចម្រៀង Original Song រូបនេះ ប្រាប់ថា ម្ចាស់ហាងខាងលើ ក៏គ្រោងនឹងយកថវិកាកាត់ចេញពីប្រាក់ចំណេញផ្សេងៗទៀតដែរ។ ដូច្នេះហើយ លោកស្នើឲ្យប្រិយមិត្តជួយគាំទ្រអាហារដ្ឋាន "ខ្មែរ Donate”។
"ខ្ញុំស្នើឲ្យប្រិយមិត្តជួយចូលរួមគាំទ្រ ហើយប្រាក់ចំណែកពីការមកពិសាអាហាររបស់អតិថិជននៅទីនេះ នឹងជួយគន្ធបុប្ផា។ និយាយទៅបើប្រាក់ចំណេញច្រើន គាត់នឹងយកទៅប្រើក្នុងការងារសង្គមផ្សេងៗទៀត ដូចជាជួយសិល្បករចាស់ៗដែលបាត់បង់លទ្ធភាព ឬជួយកុមារៗក្រីក្រនៅតាមជនបទជាដើម។" Nam Bank បន្ថែម។
អាហារដ្ឋាន "ខ្មែរ Donate" មានលក់អាហារពេលព្រឹក និងថ្ងៃត្រង់ ដែលមានទាំងម្ហូបស្រាប់ និងកុម្មង់ បាយ គុយទាវជាដើម៕
(រាប់ពីស្ដាំ) កែវ សាស្ត្រា ម្ចាស់ហាង "ខ្មែរ Donate" និង Nam Bank
(រូបភាព៖ ផ្ដល់ដោយ Nam Bank)
អត្ថបទ៖ ទារិកា