សហព័ន្ធ​ទ្រីយ៉ាត្លុង​​ត្រៀម​កីឡាករ​២​រូប​ទៅ​ស៊ីហ្គេម​ទាំង​គ្មាន​សង្ឃឹម

  • 2015-03-17 23:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​​បាន​ត្រៀម​កីឡាករ​ជម្រើស​ជាតិ​​២​រូប​​​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម (Sea Games) ​នៅ​ប្រទេស​សិង្ហបុរី​ចាប់​ពី​​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី ១៦ ខែ​មិថុនា​ ឆ្នាំ​ ២០១៥ ប៉ុន្តែ​ពុំ​មាន​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។

 

លោក​ ងិន សុបញ្ញា​ អគ្គលេខាធិការ​សហព័ន្ធ​​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​កម្ពុជា​​ពីរ​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ ឆ្នាំ​នេះ​គឺ​​​គីឡាករ​ ឈុន​ ប៊ុន​ថន​ និង ចេង ចាន់​ដារ៉ា​។

 

 

កីឡាករ​ទាំង​ពីរ​ លោក​បាន​ប្រាប់​ថា បាន​សម្រិតសម្រាំង​អស់​មួយ​ឆ្នាំ​ពេញ​ដោយ​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​លើ​បួន​វិញ្ញាសា​នៅ​ក្នុង​ស្រុក​ គឺ​ការ​ប្រកួត​ថ្នាក់​ជាតិ​, C C អាក្វាត់​ត្លុង​ , នួអាត្លុង​ និង​ទ្រី​យ៉ាត្លុង។ ឆ្លង​ការ​ប្រកួត​​ទាំង​៤​វិញ្ញាសា​មក​ ​កីឡាករ​ ឈុន​ ប៊ុនថន​ ជាប់​លេខ​ ១​ និង ចេង ចាន់​ដារ៉ា​ ជាប់លេខ​ ២​ ដែល​តម្រូវ​ឲ្យ​សហព័ន្ធ​ជ្រើស​រើស​ពួក​គេ​ទៅ​ស៊ីហ្គេម។

​ លោក ងិន សុបញ្ញា លើក​ឡើង​ទៀត​ថា​ ​​គោល​ការណ៍​របស់​សិង្ហបុរី​ គេ​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​​ចូល​រួម​ក្នុង​ប្រភេទ​កីឡា​​ទ្រីយ៉ាត្លុង​​បុរស​ ២ នាក់​ និង​ស្រី​២ នាក់​ ប៉ុន្តែ​ដោយ​យោង​តាម​ការ​មើល​ឃើញ​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កន្លង​​មក​ បេក្ខនារី​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចូល​រួម​ស៊ីហ្គេម​​ឡើយ​សម្រាប់​កម្ពុជា។

​​

លោក​​និយាយ​ថា​ មិន​សង្ឃឹម​បាន​មេដាយ​ឡើយ ​ព្រោះ​ជា​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​លើក​ទី​១ ហើយ​ក៏​ជា​ចូល​រួម​ស៊ីហ្គេម​លើក​ទី​មួយ​ដែរ​សម្រាប់​​កីឡា​ទ្រីយ៉ាត្លុង​​របស់​កម្ពុជា។ បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ទាំង​ពីរ​នាក់​កំពុង​ខិត​ខំ​ហ្វឹកហាត់​​នៅ​ប្រទេស​ថៃ។ កីឡាករ​​បាន​ចេញ​ទៅ​ហាត់​នៅ​ប្រទេស​ថៃ​តាំង​ពី​ដើម​ខែ​មិនា​មក​ម្ល៉េះ តែ​មិន​ទាន់​ច្បាស់​​សម្រាប់​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ។

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ ​វិញ្ញាសា​កីឡា​ទ្រី​យ៉ាត្លុង​តម្រូវ​ឲ្យ​​មាន​៣​ដំណាក់​កាល​គឺ​​ហែល​ទឹក​សមុទ្រ​១៥​គីឡូម៉ែត្រ បន្ត​​​ជិះ​កង់​៤០ គីឡូម៉ែត្រ ​និង​​រត់​១០ គីឡូម៉ែត្រ​ថែម​ទៀត៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​

​​