ទ្រាំទ្រ​ប្រាក់​ខែ​បុគ្គលិក​មិន​រួច Yahoo បង្ខំចិត្ត​បិទ​ទ្វារ​នៅ​ចិន

  • 2015-03-19 23:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Yahoo នឹង​គ្រោង​បិទ​ទ្វារ​​​មជ្ឈមណ្ឌល​ស្រាវជ្រាវ (Research Center) ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដោយសារ​​តែប្រាក់ខែ​បុគ្គលិក​មាន​ថ្លៃឈ្នួល​ខ្ពស់​ពេក ​មិន​អាច​ទ្រាំទ្រ​បាន។

 

 

 

ប្រភព​​នៅ​ក្រុមហ៊ុន Yahoo បាន​ប្រាប់​សារព័ត៌មាន​ SCMP ថា គម្រោង​នៃ​ការ​ចង់​បិទ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចោល​​​ព្រោះ​តែ​ប្រាក់ខែ​បុគ្គលិក​នៅ​ចិនខ្ពស់​ពេក គឺ​ច្រើន​ជាង​ពីរ​ដង​ បើ​ធៀប​​នឹង​​ឥណ្ឌា ហើយ​​ការ​ផ្ដល់​សេវាកម្មទៀតសោត​ គ្មាន​ភាព​ច្បាស់លាស់។

 

ទោះបីជា​យ៉ាងណា Yahoo បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​​​ផ្ទុយ​មតិ​ខាងលើ​ថា "ជុំវិញ​ការ​បិទទ្វារ​នេះ យើង​នឹង​ផ្លាស់ប្ដូរ​ធនធាន ហើយ​បង្កើត​ការ​សហការ​ និង​កំណែទម្រង់​ឱ្យ​ល្អ​ប្រសើរ ក្នុង​ជំនួញ​របស់​យើង។ សព្វថ្ងៃ​យើង​បាន​ប្រាប់ បុគ្គលិក​យើង​នៅ​ប៉េកាំង​ថា យើង​នឹង​បិទ​ការិយាល័យ​នៅ​ទី​នោះ"។

 

ការិយាល័យ​មួយ​នេះ​ មាន​បុគ្គលិក​ប្រមាណ​ជា៣៥០​នាក់​ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា បុគ្គលិក​ប៉ុន្មាន​នាក់​ត្រូវ​បាន​បញ្ឈប់ ឬ​បញ្ឈប់​ទាំងអស់ ​ឬ​យ៉ាងណា​ទេ។

 

ក្រុមហ៊ុន​​បម្រើ​សេវាកម្ម​លើ​ផ្នែក​អ៊ីនធឺណិត​, កម្មវិធី​កុំព្យូទ័រ​ និង​ Web search engine ខាងលើ​បន្ថែម​ថា ខ្លួន​នឹង​ពង្រឹង​តួនាទី​លើ​ការិយាល័យ​មួយ​ចំនួន "ការ​ពង្រឹង​នេះ​រួម​បញ្ចូល​ទាំង ការិយាល័យ​ធំ​នៅ Sunnyvale រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​ផងដែរ។ បុគ្គល​ដែល​ប៉ះពាល់ នឹង​ទទួល​បាន​ការ​ប៉ះប៉ូវ​ ដោយ​ក្ដី​គោរព និង​យុត្តិធម៌"។

 

កាល​ពី​ឆ្នាំ​ទៅ​មិញ ដើម្បី​កាត់បន្ថយ​​ចំណាយ Yahoo បាន​បញ្ឈប់​បុគ្គលិកមួយ​ចំនួន​នៅ ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី និង​ក្រោយ​មក​ទៀត ​នៅ​ប្រទេស​សិង្ហបុរី៕

 

 

 

 

ចុចអាន៖  Yahoo នឹង​កាត់​បន្ថយ​បុគ្គលិក​ចំនួន​៤០០នាក់​​នៅ​ឥណ្ឌា

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ techcrunch