សូ លីហ្សា ចូលសិល្បៈមួយប្រាវ ថតបានជិត១០រឿង
- 2015-03-20 19:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូ លីហ្សា ចូលសិល្បៈមួយប្រាវ ថតបានជិត១០រឿង
ចន្លោះមិនឃើញ
តារាសម្ដែង និងម៉ូដែល កញ្ញា សូ លីហ្សា បាននិយាយប្រាប់ Sabayថា នាងទើបចូលសិល្បៈបានជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើនិយាយតែរឿងថតកុនវិញ ធ្លាប់បានថតជិត១០រឿងមកហើយ។
លីហ្សា បានរៀបរាប់ឲ្យដឹងថា រឿងដែលនាងធ្លាប់បានថត មានដូចជា គំនុំស្នេហ៍អតីតជាតិ,មរតកបេះដូង, នារីឆ្លាត.,ប្រាសាទអាថ៌កំបាំង, វិថីនារី និង រឿងមួយចំនួនទៀតដែលនាងមិនចាំឈ្មោះ។ ទោះបីជាមានសំណាងបានថតរឿងច្រើនបន្តបន្ទាប់គ្នាបែបនេះក្ដី តារាស្រីវ័យ១៧ឆ្នាំម្នាក់នេះ មិនទាន់មានឱកាស ក្ដាប់បានតំណែងតួឯកនៅឡើយទេ ។ លីហ្សា បាននិយាយថា រឿងដែលនាងថតភាគច្រើន បានត្រឹមតែតួរង ឬតួសំខាន់ប៉ុណ្ណោះ ប៉ុន្តែទៅថ្ងៃមុខនាងនៅតែសង្ឃឹមថា អាចនឹងមានឱកាសបានសម្ដែងតួឯកនៅពេលណាមួយ ប្រសិនបើនាងនៅតែប្រឹងដើរលើវិថីនេះបន្តទៀត។
បច្ចុប្បន្ន លីហ្សា ប្រាប់ថា កំពុងតែជាប់កុងត្រាថត រឿងភាគ " វិថីនារី" ដែលរឿងមួយនេះ កំពុងតែដំណើរការថត បានជាង៥០%ហើយ។ តារារូបនេះ បានលើកឡើងថា នាងត្រូវតែខំប្រឹងបន្ថែមទៀតដើម្បីឲ្យទស្សនិកជនស្គាល់កាន់តែច្រើន។ ជាមួយគ្នានោះ លីហ្សា បាននិយាយថា នាងតែងតែយកតារារៀមច្បងចាស់ៗធ្វើជាគំរូជានិច្ច ព្រោះអ្នកទាំងអស់នោះទម្រាំបានល្បីដូចបច្ចុប្បន្នភាគច្រើន សុទ្ធតែផ្ដើមពីតួសម្ដែងតួចៗដូចគ្នា។
ក្រៅពីថតរឿង លីហ្សា ក៏ធ្លាប់បានសម្ដែងខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្មជាច្រើនផងដែរ។ បទចម្រៀងដែលបានសម្ដែង នាង ប្រាប់ថា សុទ្ធតែជាមួយតារាចម្រៀងល្បី នៅក្នុងផលិតកម្ម ថោន សាន់ដេ ជាដើម។ នារដូវចូលឆ្នាំនេះ នាងកំពុងតែមមាញឹកច្រើនទៅនឹងការថត MV ឲ្យតាមបណ្ដាស្ថានីយទូរទស្សន៍បន្តបន្ទាប់។
លីហ្សា ប្រាប់ថា ការមកចូលសិល្បៈនេះ ឪពុកមិនបានអនុញ្ញាតឡើយ ប៉ុន្តែបានម្ដាយជាអ្នកជួយជ្រោមជ្រែង ប្រឹងជម្នះលុះត្រាបានសម្រេច ហើយពេលទៅណាមកណា ម្ដាយរបស់នាងតែងតែ ដើរតាមជានិច្ច។
តារាស្រីវ័យក្មេងរូបនេះ បាននិយាយជាចុងក្រោយថា ដាច់ខាតត្រូវតែបន្តដើរលើវិថីនេះបន្តទៀត មិនបោះបង់ចោលកណ្ដាលទីឡើយ ត្បិតអីអាជីពមួយនេះគឺជាចំណង់ចំណូលចិត្ត តាំងតែពីដឹងក្ដីមកម្ល៉េះ៕
អានអត្ថបទ៖ រូបភាពបន្ថែមស្អាតៗត្រជាក់ភ្នែក ពីមង្គលការសេដ្ឋីខ្មែរ គិត ម៉េង
អត្ថបទ៖ ខុត សីហា