មិនធម្មតា...បទចម្រៀងរបស់ AGO ល្បីដល់អាមេរិកទៀត!
- 2015-03-23 20:48:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា...បទចម្រៀងរបស់ AGO ល្បីដល់អាមេរិកទៀត!
ចន្លោះមិនឃើញ
មិនត្រឹមតែទទួលបានការចាប់អារម្មណ៍នៅក្នុងស្រុក ប៉ុន្តែបទ "ស្ដាយស្នេហ៍អភ័ព្វ" សំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និង Remix ភ្លេងថ្មីដោយផលិតកម្ម KlapYaHandz ច្រៀងដោយ AGO កំពុងទទួលការគាំទ្រនៅអាមេរិកទៀត។
ភុន ធារិទ្ធ ឬ AGO
AGO ដែលមានឈ្មោះពិតថា ភុន ធារិទ្ធ ប្រាប់ថា "ម៉ាក់ខ្ញុំដែលសព្វថ្ងៃគាត់កំពុងរស់នៅសហរដ្ឋអាមេរិកហ្នឹង គាត់ទូរសព្ទមកប្រាប់ថា បទ "ស្ដាយស្នេហ៍អភ័ព្វ" របស់ខ្ញុំឥឡូវហ្នឹងកំពុងល្បីខ្លាំងណាស់នៅអាមេរិក ពិសេសកន្លែងដែលគាត់រស់នៅ វ៉ាស៊ីនតោន តែម្ដង គាត់ថា ស្ទើរគ្រប់ហាងលឺតែចាក់បទខ្ញុំ...ហ្នឹងតាមដែលម៉ាក់ខ្ញុំប្រាប់ណាបង!"។
“ស្ដាយស្នេហ៍អភ័ព្វ" សំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ជាប្រភេទបទរាំវង់។ បទនេះត្រូវបានផលិតកម្ម KlapYaHandz យកមក Remix បទភ្លេងថ្មី និងបានចេញចរាចរណ៍លើប្រព័ន្ធ Youtube ថ្មីៗនេះ។ តាម AGO បានប្រាប់ថា អ្នកស្ដាប់ជាច្រើន គាំទ្របទភ្លេងថ្មីនេះ។
“ក្រោយចេញបទហ្នឹង បងប្អូន ពិសេសមិត្តភ័ក្ដិខ្ញុំអី ពួកគេសួររកថាអ្នកណាគេអ្នកធ្វើភ្លេងថ្មីហ្នឹង ពួកគេថាពីរោះណាស់ ហើយខ្ញុំប្រាប់ថាមេខ្ញុំ...ហើយអ្នកនៅអាមេរិកក៏អីចឹងដែរបង គឺគេថាបទភ្លេងថ្មីហ្នឹងពីរោះ ពិសេសបរទេសគេចូលចិត្តណាស់"។
AGO សម្ដែងក្នុងបទ "ស្ដាយស្នេហ៍អភ័ព្វ"
AGO ឬ ភុន ធារិទ្ធ បានក្លាយជាតារាចម្រៀងក្នុងផលិតកម្ម KlapYaHandz អស់រយៈពេល៣-៤ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះ ក្រៅពីបទ "ស្ដាយស្នេហ៍អភ័ព្វ" លោកមានបទ Remix ច្រើនទៀត ដែលទទួលបានការគាំទ្រដូចគ្នា មានដូចជា "អនុស្សាវរីយ៍សមុទ្រព្រាត់" "លាហើយប៉ារីស" "អក្ខរាដែលបងសរសេរទៅ" និងបទ "ពោះម៉ាយហ៊ឺហា" ជាដើម។
"ពីមុនខ្ញុំ ចូលចិត្តច្រៀងតែបទស្រែកៗ ដូចបទលោក ព្រាប សុវត្ថិ សិរីមន្ត អីទេ ដល់ឥឡូវដូរមកច្រៀងបទ Remix ថ្មីវិញ ខ្ញុំដូចដូរតាមដែរ គឺចូលចិត្តបទអីចឹងៗវិញ"។ AGO ថ្លែង។
AGO (រូបទី២រាប់ពីឆ្វេង) និងក្រុមការងារផលិតវីដេអូចម្រៀងបទ "ស្ដាយស្នេហ៍អភ័ព្វ"
មានកំណើតនៅរាជធានីភ្នំពេញ AGO ជាកូនពៅក្នុងចំណោមបងប្អូន៤នាក់(ស្រី២ ប្រុស២)។ ចំពោះសិល្បចម្រៀង តារាចម្រៀងរូបនេះប្រាប់ថា លោកចូលចិត្តតាំងពីក្មេងៗមក។ ដោយសារតែបែបនេះ អាយុខ្ទង់ ១៤-១៥ ឆ្នាំ លោក ក៏បានចូលហាត់ច្រៀងនៅក្លឹបតារាមាស(បច្ចុប្បន្នបិទហើយ)អស់រយៈពេលប្រមាណកន្លះឆ្នាំ។
បន្តមកទៀត AGO បានចូលប្រឡងកម្មវិធីនៅស្ថានីយទូរទស្សន៍ជាច្រើន។ ការប្រឡងចុងក្រោយរបស់តារាចម្រៀងវ័យ ២៤ឆ្នាំនេះរូបនេះ គឺក្នុងកម្មវិធី "ពេជ្រកំពុងច្នៃ" របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ អំឡុងឆ្នាំ ២០១០ ប៉ុន្តែបានត្រឹមវគ្គទី២ប៉ុណ្ណោះ។ បើទោះជាយ៉ាងនេះក្ដី ក្រោយមកមានផលិតកម្មក្នុងស្រុកមួយទាក់ទង ប៉ុន្តែ AGO អត់ទៅដោយសារគេតម្រូវបង់ប្រាក់ច្រើនពេក។
ចុងក្រោយ ក៏បានចូលរួមជាមួយ Klapyahandz នេះអំឡុងឆ្នាំ ២០១១ ហើយបានចេញបទ Remix ជាបន្តបន្ទាប់ ទទួលបានការគាំទ្រច្រើន៕
តោះ...ស្ដាប់បទ "ស្ដាយស្នេហ៍អភ័ព្វ" ទាំងអស់គ្នា ហើយចាំប្រាប់ថា ពីរោះអត់?
អត្ថបទ៖ ទារិកា