​រស់​នៅ​ជិត​បង្គោល​អង់តែន​ទូរសព្ទ ​មាន​ផលប៉ះពាល់​​​សុខ​ភាព​​​មែន​​អត់?

  • 2015-03-24 20:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ការ​កើន​ឡើង​នូវចំនួន​អ្នក​ប្រើ​ប្រាស់​​ទូរសព្ទ ក៏​ជំរុញ​ឲ្យ​​មាន​ការ​​ពង្រីក​តំបន់​សេវា​ទូរសព្ទ​ខ្លាំង​ណាស់​ដែរ​។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ទាំង​នោះ​បាន​បន្ថែម​នូវ​សេវា​របស់​ខ្លួន​​ ដោយ​បង្កើន​នូវ​ចំនួន​បង្គោល​អង់តែន​ ​មិន​ថា​​​ទីក្រុង ឬ​​ជនបទ​នោះ​ទេ​។ តែ​ការ​កើន​ឡើង​នូវ​ចំនួន​បង្គោល​អង់តែន​​នេះ​ក៏​មាន​មតិ​​ជា​ច្រើន​​បាន​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​វិទ្យុសកម្ម ​ដែល​ចេញ​ពី​បង្គោល​អង់តែន​ទូរសព្ទ​នេះ​ដែរ។ ​ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​មាន​ការ​សិក្សា​​មួយ​ចំនួន​​បាន​ធ្វើ​ការ​អះអាង​ទៅ​លើ​ហេតុ​ផល​ផ្សេង​ៗ​គ្នា។

 

 

​​តាម​រយៈ​ការ​សិក្សារ​​ទៅ​លើ​ផល​ប៉ះ​ពាល់​បង្ក​ដោយ​បង្គោល​អង់តែន​ទូរសព្ទ​របស់​​​​អង្គការ Mount Shasta Bioregional Ecology Center ក្នុង​រដ្ឋកាលីហ្វញ៉ា​​ សហរដ្ឋអាមេរិក ​​ក៏​ដូច​ជា​តាម​របាយ​ការ​ណ៍​​មួយ​ចំនួន​ផ្សេង​ទៀត​​បាន​​ឲ្យ​​ដឹង​​​ស្រដៀង​គ្នា​ថា​ ​បង្គោល​អង់តែន​ទូរសព្ទ​បាន​បង្ក​ផលប៉ះពាល់​​ដល់​សុខភាព​ និង​​​ខូច​ខាត​ដល់​ប្រព័ន្ធ​​កោសិការ​ ព្រមទាំង ​DNA​ ​របស់​មនុស្ស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​ក៏​បង្ក​ផលប៉ះពាល់​ផ្សេង​ទៀត​ដូច​ជា​​ ​បង្ក​ឲ្យ​មាន​ជម្ងឺ​មហារីក, ជម្ងឺ​មហារីក​ខួរ​ក្បាល, ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត, រលូត​កូន, ជម្ងឺ​ភ្លេច​ភ្លាំង​​​ច្រើន​ និង​ជម្ងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

 

​​​មិន​ត្រឹម​តែ​មាន​ផលប៉ះពាល់​ដល់​មនុស្ស​ទេ ​​​តាម​​ការ​សិក្សារ​​ទៅ​លើ​សត្វ​គោរ​របស់​វេជ្ជបណ្ឌិត​ W. Lšscher ​របស់​​អាល្លឺម៉ង់​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​សត្វ​គោ​ដែល​រស់​ជិត​ទៅ​​​បង្គោល​អង់តែន​ទូរសព្ទ​​​រយៈ​ពេល​ ២​ឆ្នាំ​​គឺ​បាន​ចុះ​ថយ​នៃ​ការ​ផលិត​ទឹក​ដោះ​​ បូក​រួម​ទាំង​ការ​កើន​ឡើង​នូវ​បញ្ហា​សុខភាព​និង​​​​​អាកប្បកិរិយា​ប្លែក​ពី​ធម្មតា​ថែម​ទៀត​ផង។

 

​យ៉ាង​ណា​មិញ​ក៏​មាន​ការ​សិក្សា​មួយ​ចំនួន​ផ្សេង​ទៀត​​បាន​រកឃើញ​ផ្ទុយ​ទៅ​នឹង​ការ​សិក្សាបញ្ជាក់​​ខាង​លើ។ ជាក់​ស្ដែង​​តាម​​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ទូរសព្ទ​ និង​ រដ្ឋបាល​ផ្នែក​​អាហារ ​និង​ឱសថ​​របស់​អាមេរិក​បាន​​​អះអាង​ថា​​ បង្គោល​អង់តែន​ទូរសព្ទ​​គឺ​មិន​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​​ដល់​សុខភាព​​​មនុស្ស ​ឬ​សត្វ​នោះ​ទេ​។ ហើយ​តាម​ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​គាំ​ទ្រ​ទៅ​នឹង​ការ​អះអាង​នេះ​ដែរ។

 

​ជា​មួយ​គ្នា​នេះ​ដែរ​ តាម​​របាយការណ៍​​ចេញ​ដោយ​​អង្គការ​សុខភាព​ពិភពលោក​​ (WHO) កាល​ពី​ឆ្នាំ ២០០៦ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​​ដែរ​ថា ​​​គ្មាន​ភស្ដុតាង​ជាក់​លាក់​ណា​មួយ​​​បញ្ជាក់​ថា​ រលក​សញ្ញា​ប្រេកង់​វិទ្យុ​ដែល​ចេញ​ពី​បង្គោល​អង់តែន​ទូរសព្ទ​​​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​នោះ​ឡើយ។

 

បន្ថែម​ទៅ​ទៀត​នោះ ​វេជ្ជបណ្ឌិត​​ Andrew Weil​​ នៅ​សកលវិទ្យាល័យ​ Arizona​ ​​បាន​ពិនិត្យ​លើ​​របាយការណ៍​ចេញ​ដោយ​ក្រុមព្រឹក្សារ​ស្រាវជ្រាវជាតិ​ (NRC)​ ក្នុង​​ឆ្នាំ​ ២០០៨​ បាន​ឲ្យ​ដឹង​​ថា​ របាយការណ៍​ស្រាវជ្រាវ​នេះ​​​គឺ​មិន​បាន​​បញ្ជាក់​​ច្បាស់​ថា​ បង្គោល​​អង់តែន​ទូរសព្ទ​, អត់តែន​ទូរទស្សន៍​ ​ឬ ​បង្គោល​អង់តែន​ទំនាក់​ទំនង​ដទៃ​ផ្សេង​ទៀត​​​ផ្ដល់​ផល​ប៉ះ​ពាល់​​សុខភាព​​នោះ​ឡើយ​ ហើយ​អ្នក​វិទ្យាសាស្រ្ត​ដែល​​​ធ្វើ​របាយការណ៍​នេះ​​​ក៏​មិន​បាន​ដឹង​ពី​​​ផល​ប៉ះ​ពាល់​​សុខភាព​​​ច្បាស់​លាស់​នោះ​ដែរ។ ​លើស​ពី​នេះ​​ គេ​មិន​ទាំង​ដឹង​ថា​ វា​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​​ក្នុង​រយៈ​ពេល​​១០, ២០ ឬ ៣០​ ឆ្នាំ​ក្រោយ​នោះ​ទេ។

 

 

​​ដូច្នេះ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​គឺ​មិន​​ទាន់​មាន​របាយការណ៍​ ឬ ការ​សិក្សា​ណា​មួយ​បាន​បញ្ជាក់​ច្បាស់​ពី​បញ្ហា​នេះ​ទេ។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​​ក៏​មិន​ប្រាកដ​ផង​ដែរ​ថា​​ ការ​រស់​នៅ​កៀក​ទៅ​នឹង​ឧបករណ៍​ទាំង​នេះ​​​អាច ​ឬ​មិន​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​របស់​​មនុស្ស​​នោះ​ដែរ​៕

 

អាន​បន្ត៖ ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ មិន​​អាច​​មើល​​រំលង​​​​ ការ​ពារ​​ដោយ​​របៀប​ណា?

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ eastcountymagazine, emfblues