បុរស​បារាំង​ Derek ​ប្ដេជ្ញា​បង្ហាញ​ល្បុក្កតោ​​ដល់​ពិភព​លោក​បាន​ស្គាល់​

  • 2015-03-26 15:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​បារាំង​ Bidaut Derek ដែល​លង់​នឹង​ក្បាច់​គុន​ល្បុក្កតោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​បាន​ប្តេជ្ញា​ចំណាយ​កម្លាំង​កាយ​ចិត្ត​ដើម្បី​នាំ​យក​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ឲ្យ​មនុស្ស​ទូទាំង​ពិភព​លោក​បាន​ស្គាល់។

 

មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន​ចូល​មក​​ដល់​ កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណជន​ជាតិ​បារាំង​លោក​​ Bidaut Derek ដែល​នឹង​​ចូល​រួម​សម្តែង​ក្បាច់​គុន​ល្បុក្កតោ​នៅ​ប្រាសាទ​អង្គរ​វត្ត​​ជា​មួយ​នឹង​កីឡាករ​ដទៃ​ទៀត​នោះ​បាន​និយាយ​ថា ៖«ដូច​រាល់​ឆ្នាំ​អីចឹង​! ខ្ញុំ​សប្បាយ​រីក​រាយ ទោះ​ជា​ខ្ញុំ​ដឹង​ថា​ យើង​នឹង​ហត់​នឿយ​ចំពោះ​កា​រសម្តែង​ តែ​វា​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​មួយ​ដើម្បី​បង្ហាញ​​ដល់​ខ្មែរ​ជំនាន់​ក្រោយ​ និង​មនុស្ស​ជុំ​វិញ​ពិភព​លោក​​ឲ្យ​ស្គាល់​នូវ​អ្វី​ដែល​ជា​ល្បុក្កតោ​ និង​ជា​វប្បធម៌​របស់​ខ្មែរ»។

 

 

«នេះ​ជា​ឱកាស​ដ៏​មាន​សារៈ​សំខាន់​បំផុត សម្រាប់​​ខ្ញុំ​ ក៏​ដូច​ជា​កីឡាករ​ដទៃ​ទៀត​ដើម្បី​សម្តែង​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឲ្យ​បាន​ស្គាល់​ពី​គុន​បុរាណ​ខ្មែរ។ ទោះ​ជា​យូរ​ៗ​មាន​ម្តង ក៏​ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ល្អ​ ហើយ​បើ​មាន​ឱកាស​ ខ្ញុំ​នឹង​​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត»។

 

«ខ្ញុំ​ស្រលាញ់​កម្ពុជា។ រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​គឺ​បង្ហាញ​ពិភព​លោក​ឲ្យ​ដឹង​ថា តើ​ក្បាច់​គុន​របស់​ថៃ​ (Muay Thai)​មក​ពី​ណា?​ មនុស្ស​ច្រើន​ណាស់​សួរ​ខ្ញុំ​ថា​ ហេតុ​អ្វី​បាន​ជា​មិន​ហាត់​នៅ​ថៃ​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ពី​ប្រភព​ដើម​នៃ​គល់​ក្បាច់​គុន​ខ្មែរ។ ខ្ញុំ​ចង់​ឲ្យ​ពិភព​លោក​ដឹង​ថា គុន​ខ្មែរ​អស្ចារ្យ​ណាស់»។

 

លោក​បាន​បន្ថែម​ថា ៖«ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ សូម​បង​ប្អូន​ចំណាយ​ពេល​វេលា​ទស្សនា​ការ​សម្ដែង​ល្បុក្កតោ​ និង​សិក្សា​ស្វែង​យល់​ពី​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ។ ខ្ញុំ​​ចង់​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​ចំណាយ​ពេល​វេលា​​ខ្លះ​ដើម្បី​ថែរក្សា​ និង​អភិរក្ស​ក្បាច់​គុន​បុរាណ​ទាំង​អស់​គ្នា»។

 

កីឡាករ​បារាំង​ Bidaut Derek បាន​ចូល​មក​ហ្វឹកហាត់​ប្រដាល់​ខ្មែរ​ និង​ក្បាច់​គុន​ល្បុក្កតោ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​សារ​លោក​ស្រលាញ់​ចូល​ចិត្ត​ក្បាច់​គុន​ខ្មែរ។ លើស​ពី​នេះ​ទៀត​លោក​បាន​ជាប់​ចិត្ត​ស្រលាញ់​នារី​ខ្មែរ​ម្នាក់​ដែល​មាន​បំណង​ចង់​រៀប​ការ​ជា​មួយ​ និង​រស់​នៅ​លើ​ទឹក​ខ្មែរ​ជា​រៀង​រហូត​ថែម​ទៀត​ផង។

 

កាល​ពី​ខែ​មុន​ កីឡាករ​បារាំង​រូប​នេះ​ និង​អតីត​កីឡាករ​ ពៅ ស័ក្តិសទ្ធិ, ប៊ឺត ខាំ, ចាន់ ថន និង​លោក​គ្រូ​ម៉ាត់ អ៊ីមរ៉ុន​គឺ​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ ការ​បង្វឹក​បង្ហាត់ និង​រៀប​ចំ​ការ​ប្រកួត​ដែល​នឹង​ប្រព្រឹត្ត​នៅ​ក្លិប​ចំនួន​​៥​ខុស​គ្នា​នៅ​ ប្រទេស​ជប៉ុន៕

 

 Bidaut Derek សម្តែង​ល្បក្កតោ​ក្នុង​ពិធី​អង្គរ​សង្ក្រាន​ឆ្នាំ​២០១៤​

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី