ទ្រីយ៉ាត្លុង បន្ត​ហ្វឹកហាត់​នៅ​ថៃ ក្រោយ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ១ គ្រឿង

  • 2015-04-01 22:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ជម្រើស​ជាតិ​ទ្រីយ៉ាត្លុង​កម្ពុជា (រត់+ហែលទឹក+ជិះកង់) ដែល​​មាន​គម្រោង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ រយៈពេល​តែ ១ ខែ ដើម្បី​ត្រៀម​ចូល​ដណ្ដើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ ២០១៥ នៅ​ប្រទេស​​សិង្ហបុរី ឥឡូវ​សម្រេច​ចិត្ត​បន្ត​ហ្វឹកហាត់​នៅ​ទីនោះ​ទៀត ឱ្យ​ដល់​ថ្ងៃ​ចេញ​ទៅ​ប្រកួត​តែ​ម្ដង ក្រោយ​​​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ មួយ​គ្រឿង ក្នុង​​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​កម្ដៅ​សាច់ដុំ។

 
 

កីឡាករ ចេង ចាន់ដារ៉ា ឈ្នះ​មេដាយ​សំរឹទ្ធ កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ

 

កីឡាករ ចេង ចាន់ដារ៉ា របស់​កម្ពុជា ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ១ គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​​ទ្រីយ៉ាត្លុង អន្តរជាតិ LMP international Triathlon Championship 2015 នៅ​ប្រទេស​ថៃ វិញ្ញាសា​លើ​អាយុ ២៩ ឆ្នាំ ដោយ​មាន​ប្រកួត ហែលទឹកចម្ងាយ ១.៥ គីឡូម៉ែត្រ, ជិះកង់ចម្ងាយ ៤០គីឡូម៉ែត្រ និងរត់ចម្ងាយ១០ គីឡូម៉ែត្រ ។កាល​ពី​ចុង​ខែ មីនា កន្លង​ទៅ ខណៈ​លេខ ១ បាន​ទៅ​កីឡាករ​​របស់​ប្រទេស​អ៊ូបេគីស្ថាន ហើយ​លេខ ២ បាន​ទៅ​​ម្ចាស់​ថៃ។

 

លោក ងិន សុបញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ឧកញ៉ា គង់ ឬទ្ធីជព្វ ដែល​ចំណាយ​ទឹក​ប្រាក់​មិន​តិច​ជាង ៣ ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ក្នុង​ការ​ចំណាយ​ដល់​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​របស់​ក្រុម​ជម្រើស​ជាតិ។ លោក​ថា​ប្រទេស​ក្បែរ​ខាង​​សរសើរ​ដល់​កីឡាករ​កម្ពុជា ដែល​ហ្វឹកហាត់​ត្រឹម​មួយ​ខែ ប៉ុណ្ណោះ តែ​​កម្រិត​សមត្ថភាព​​កើន​ឡើង​គួរ​​ឱ្យ​កត់​សម្គាល់​រហូត​ដណ្ដើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ។

 

លោក​អគ្គលេខាធិការ​បន្ត​ថា៖ «យើង​មិន​ទាន់​ហ៊ាន​ថា​សង្ឍឹម​ដណ្ដើម​បាន​មេដាយ​នៅ​ក្នុង​កីឡា​ស៊ីហ្គេម នោះ​ទេ​ព្រោះ​ពេល​វេលា​នៃ​ការ​ហ្វឹកហាត់​នៅ​ខ្លី​ណាស់ តែ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព»។   សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ បាន​​សហការ​ជាមួយ​ក្រសួង​អប់រំយុវជន​និង​កីឡា បញ្ជូន​កីឡាករ ៤ រូប និង គ្រូ​បង្វឹក​មួយ​រូប​ទៅ​ហ្វឹកហាត់ នៅ​ខេត្ត​ Rayong ជាប់​មាត់​សមុទ្រ​ប្រទេស​ថៃ រយៈ​ពេល​មួយ​ខែ គឺ​តាំង​ពី​ដើម​ខែ មីនា មក​ម៉្លេះ។ ក្រុម​ជម្រើស​ជាតិ​​​ទាំង ៤ នាក់​រួម​មាន កីឡាករ ឈុន ប៊ុនថន, ចេង ចាន់តារ៉ា, សៃ សុភស និង នាង ពេជ្រពិសិដ្ឋ ក្រោម​ការ​​បង្វឹក​ពី​អ្នក​ស្រី សូ រ៉ាន់ដេត ជា​គ្រូ​បង្វឹក។

 

តាម​ពិត​សហព័ន្ធ​​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន ២ រូប​ដែល​នឹង​បង្ហាញ​ខ្លួន​កីឡា​ស៊ីហ្គេម​ឆ្នាំ​នេះ​មាន ​​​គីឡាករ​ ឈុន​ ប៊ុន​ថន​ និង ចេង ចាន់​ដារ៉ា៕

 

អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ ផ្ដល់ឱ្យ