គួច​ ដានី​​ រក​ក្លិប​នៅ​ជប៉ុន​អត់​បាន​ បន្ត​ទៅ​​ប្រទេស​នៅ​តំបន់​អឺរ៉ុប

  • 2015-04-03 17:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ស្លាប​​​ក្រុម​ Cambodian Tiger FC​ (​ត្រាយ​អាស៊ី​ភ្នំពេញ​)​ គួច​ ដានី នឹង​បន្ត​ស្វែង​​រក​ក្លិប​​ថ្មី​នៅ​​​ម៉ាល់តា​​ដែល​ជា​ប្រទេស​កោះ​មួយ​នៅ​តំបន់​អឺរ៉ុប​ភាគ​ខាង​ត្បូង បន្ទាប់​ពី​ចេញ​ទៅ​រក​នៅ​ប្រទេស​ជប៉ុន​មួយ​រយៈ​ពេល​ ប៉ុន្តែ​មិន​ទាន់​បាន​ក្លិប​ណា​មួយ​​ ក្រោយ​ចាក​ចេញ​ពី​ក្លិប​ Cambodian Tiger FC។

 

បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ គូច ដានី​ បាន​​ប្រាប់​ Sabay​ ថា​ តាម​គម្រោង​លោក​​នឹង​ចាក​ចេញ​ពី​​ប្រទេស​​​កម្ពុជា​​​ទៅ​ប្រទេស​ម៉ាល់តា​​​​ដើម្បី​ធ្វើ​តេស្ត​​​​ជា​មួយ​​ក្លិប​​លីក​អាជីព​​​នៅ​ទី​នោះ​​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ​ឆ្នាំ​ ២០១៥ ខាង​មុខ​នេះ។ ការ​ធ្វើ​តេស្ត​នឹង​ចាប់​ផ្តើម​ពី​​ថ្ងៃ​ទី​៧ ខែ​មេសា​ដល់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​ ២០១៥។

 

គួច ដានី អាវ​ខៀវ​

 

ដានី បន្ថែម​ថា ​ប្រសិន​បើ​​ធ្វើតេស្ត​ជាប់​បាន​លេង​នៅ​ទីនោះ​​ លោក​​នឹង​ចាប់​អាជីព​បាល់ទាត់​នៅ​ប្រទេស​ម៉ាល់តា​ ១ ឬ​ ២ ឆ្នាំ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ធ្វើតេស្ត​ធ្លាក់​​ លោក​​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ក្រោយ​ដឹង​លទ្ធផល​​​ភ្លាម​ដើម្បី​រក​ក្លិប​​លីក​​នៅ​កម្ពុជា​ឲ្យ​ទាន់​ពេល​មុន​លីក​កំពូល​កម្ពុជា​ចាប់​ផ្តើម​។

 

កីឡាករ​កូន​កាត់​​ខ្មែរ​-បារាំង​លើកឡើង​ទៀត​ថា​ សម្រាប់​ក្លិប​នៅ​កម្ពុជា​​មាន​​​៤​​ដែល​រូប​គេ​ចង់​លេង​​​គឺ​បឹង​កេត​អង្គរ​, ភ្នំពេញ​ក្រោន,ស្វាយរៀង​និង​ ណាហ្គាវើល​ ប៉ុន្តែ​រូប​គេ​ចង់​សាក​ល្បង​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​ដើម្បី​​បង្កើន​បទ​ពិសោធន៍​ និង​បច្ចេកទេស​ថ្មី​ៗ​ស្រប​តាម​បាល់ទាត់​សម័យ​ទំនើប។

 

កាល​ពី​ដើម​ខែ​កុម្ភៈ​ គួច​ ដានី ​បាន​ចេញ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​រក​ក្លិប​ក្រុម​បាល់ទាត់​​ហ៊្វូតសាល​ដែល​ជា​សមាជិក​លីក​​អាជីព​ជប៉ុន ក្រោយកិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ក្លិប​​ត្រាយ​អាស៊ី​បាន​បញ្ចប់​ ប៉ុន្តែ​នៅ​ប្រទេស​ជប៉ុន​មិន​អាច​រក​បាន​ឡើយ។

 

កីឡាករ​កូន​កាត់​ខ្មែរ-បារាំង​រូប​នេះ​មាន​​ប្រភព​ដើម​ចេញ​មក​ពី​បាល់ទាត់​ហ្វូតសាល​រហូត​ជាប់​ក្នុង​ឈុត​​ក្រុម​ជម្រើស​ជាតិ​ហ៊្វូតសាល​​របស់​បារាំង​អាយុ​ក្រោម​២១​ឆ្នាំ (U-21)​ មុន​ធ្វើ​ដំណើរ​មក​​កាន់​ប្រទេស​កម្ពុជា​លេង​ឲ្យ​ក្លិប​ត្រាយ​អាស៊ី៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​