ប៉ូលិស ឈ្នះ​ពាន​វ័យ​ចាស់​ឆ្នាំ ២០១៥ ម្សិលមិញ

  • 2015-04-10 16:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​វ័យ​ចាស់​កម្ពុជា ឆ្នាំ ២០១៥ (CVFA veterans cup 2015) បាន​​ធ្លាក់​ទៅ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ (ប៉ូលិស) ក្រោយ​ប្រកួត​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ (ទ័ព) នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​រសៀល​ម្សិលមិញ លើ​វាល​ស្មៅ​​ស្ដាត​ចាស់។

 

 

ក្រុម​ប៉ូលិស​លើក​ពាន

 

លទ្ធផល​នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ម្សិលមិញ​មាន៖

ជើង​ឯក៖ ប៉ូលិស ១ – ០ ទ័ព លេខ៣៖ ស្វាយរៀង ២ – ២ (ប៉េណាំងទី ៥ – ៤ ) ណាហ្គា Fair Play៖ ស្វាយរៀង

 

លោក ប្រាក់ សុមុន្នី គ្រូ​បង្វឹក​ក្រុម​វ័យ​ចាស់​ប៉ូលិស បាន​លើក​ឡើង​ថា មុន​ឈ្នះ​ជើង​ឯក​នេះ​ក្រុម​លោក​ធ្លាប់​បាន​ហ្វឹកហាត់​ជុំ​គ្នា​ប្រហែល​ជា​ជាង ៣ ខែ​មក​ហើយ​តែ​មិន​ជា​ប្រចាំ​នោះ​ទេ។ លោក​ថា​កីឡាករ​​របស់​លោក​ទាំង​អស់​សុទ្ធ​តែ​ចេះ​លេង​បាល់​ដូចៗគ្នា តែ​​ឃ្លាត​ចេញ​ពី​​ពិភព​បាល់ទាត់​យូរ​ឆ្នាំ​ ហើយ​កម្លាំង​ក៏​មិន​ដូច​មុន​ដែរ។

 

លោក អ៊ូ រតនា អគ្គលេខាធិការ​សមាគម​វ័យ​​កីឡា​បាល់ទាត់​ចាស់​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រកួត​ពាន​រង្វាន់​នេះ​​មាន​ក្លិប​ចូលរួម​ចំនួន ៤ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ចាស់ៗ តាម​ក្លិប​នីមួយ​បាន​ជួប​គ្នា​លើ​ទីលាន ក្នុង​គោលបំណង​រក្សា​ចំណង​មិត្តភាព សាមគ្គីភាព និង ចូលរួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ឆ្លងកាត់​ការ​ប្រកួត​កន្លង​មក​លោក​សង្កេត​ឃើញ​កីឡាករ​ទាំង​អស់​មាន បច្ចេកទេស នៅ​ល្អ​ដដែល ប៉ុន្ដែ​កម្លាំង​ធ្លាក់​ចុះ​បន្តិច។

 

លោក រិទ្ធ ឌីកា ប្រធាន​សមាគម​​កីឡា​បាល់ទាត់​វ័យចាស់​កម្ពុជា ធ្លាប់​លើក​ឡើង​ថា ក្រៅ​ពី​ប្រកួត​គ្នា​ក្នុង​ស្រុក ក្រុម​វ័យ​ចាស់​កម្ពុជា​ក៏​មាន​គម្រោង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​​ជាមួយ​ប្រទេស​ក្នុង​តំបន់​នាពេល​ខាង​មុខ​ផង​ដែរ។

 

សមាគម​វ័យ​​កីឡា​បាល់ទាត់​ចាស់​កម្ពុជា បាន​ផ្ដល់​លិខិត​សរសើរ​ដល់​អតីត​កីឡាករ​បាល់ទាត់ គ្រូ​បង្វឹក និង អ្នក​មាន​ស្នាដៃ​ក្នុង​វិស័យ​បាល់ទាត់ កាល​ពី​ជំនាន់​មុន​ចំនួន ១៩ នាក់ ជា​លើក​ទឹក​ចិត្ត និង ដឹង​គុណ ផង​ដែរ។

 

ដំណាល​គ្នា​នេះ​​ហាង​លក់​សម្ភារៈ​កីឡា Home Sport បាន​លក់​អាវ​រៃអង្គាស​ប្រាក់​​ក្នុង​អំឡុង​ការ​ប្រកួត​​បាន​ចំនួន ៤២៤ ដុល្លារ និង​លុយ​ខ្មែរ​ចំនួន ១.៨៨៦.៤០០ រៀល ស្រប​ពេល​លោក ខៀវ សាម៉េត តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បន្ថែម​ទឹក​ប្រាក់​ចំនួន ៥០០ ដុល្លារ ទៀត​ ដើម្បី​ផ្ដល់​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា៕

 
 
 
 
 
 
 
  អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ផ្ដល់ឱ្យ