ជយោ! កម្ពុជា​ជាប់​ម៉ាឌីហ្សុន ២០១៥ ក្នុង​កំណត់​ត្រា​ពិភព​លោក​ Guinness World Records ហើយ

  • 2015-04-15 21:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រប​លទ្ធផល​បាន​បើក​ហើយ គឺ​ ការ​រាំ​ម៉ាឌីហ្សុន ២០១៥ បាន​ជាប់​នៅ​ក្នុង​កំណត់​ត្រា Guinness World Record ហើយ។

 

នេះ​ជា​កំណត់​ត្រា ទី ២ បន្ទាប់​ពី​នំ​អន្សម​យក្ស ជាង ៤ តោន បាន​ជាប់​នៅ​ក្នុង​កំណត់​ត្រា ពិភពលោក Guinness World Record។

 

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​នូវ​លទ្ធផល​ជាផ្លែ​ផ្កា​នៅ​ពេល​នេះ គឺ​ដោយ​សារ​មាន​ការ​ចូលរួម​ពី​​ក្រុម​យុវជន យុវនារី ទាំង​អស់​គ្នា។

 

លោក សោម រតនា ប្រធាន​ក្រុម​កិច្ចការ​សាធារណៈ និង​ ជា​អ្នក​នាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ ធ្លាប់​បាន​ប្រាប់ Sabay ថា ការ​បង្កើត​​ឲ្យ​មាន​ការ​​រាំ​ចង្វាក់​រាំ​ម៉ាឌីហ្សុន​ ២០១៥ នាក់​នេះ ក្នុង​​គោល​បំណង​ដើម្បី​ឲ្យ​ជាតិ​សាសន៍​ដទៃ​បាន​ស្គាល់​កាន់​តែ​ច្បាស់​ពី​ចង្វាក់​រាំ​ខ្មែរ​ ក៏​ដូច​ជា​ចង់​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រជាជន​រួប​រួម​គ្នា ក្នុង​នាម​ជា​មហា​គ្រួសារ​ខ្មែរ​មួយ​ប្រៀប​ ដូច​ជា​ ចង្កឹះ​មួយ​បាច់ ដែល​កាច់​មិន​បាក់ និង ​បង្កើន​បរិយាកាស​រីករាយ​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ជាតិ ​និង ​អន្តរជាតិ​ឲ្យ​បាន​ទស្សនា​ ផង​ដែរ។

 

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​រាំ​ជា​ក្រុម​​នៃ​ចង្វាក់​ម៉ាឌីហ្សុន​ ដែល​មាន​អ្នក​ចូលរួម​ចំនួន ២,០១៥ នាក់ ​បាន​ចំណាយ​ពេល​ ៥ នាទី ដើម្បី​បំបែក​ឯកត្តកម្ម​ពិភព​លោក។​

 

សេចក្ដី​ប្រកាស​ដដែល​បាន​សរសេរ​ទៀត​ថា បន្ទាប់​ពី​វិនិច្ឆ័យ​អស់​រយៈ​ពេល​ប្រមាណ ២ ម៉ោង លោកស្រី Seyda Subasi-Gemici ចៅ​ក្រម​នៃ​កំណត់​ត្រា​ពិភព​លោក Guiness World Record បាន​មាន​ប្រសាសន៍ថា ការ​រាំ​ចង្វាក់ ម៉ាឌីហ្សុន នៅ​ទី​លាន​ជល់​ដំរី​បាន​ជាប់​កំណត់​ត្រា​ពិភពលោក Guiness World Record ដែល​ធ្វើ​ឲ្យ​អ្នក​រាំ និង អ្នកទស្សនា​រាប់ម៉ឺន​នាក់ បាន​អបអរសាទរ និង​សប្បាយ​រីករាយ។

 

នៅ​ទី​បំផុត​​ ថ្ងៃ​ទី ១៥ ខែ ​មេសា ឆ្នាំ ២០១៥ ក្រុម​យុវជន យុវនារី​ចំនួន ២០១៥ នាក់ ដែល​បាន​ចូលរួម​រាំ​​ចង្វាក់​ម៉ាឌីហ្សុន​ នៅ​​លាន​ជល់​ដំរី នា​ខេត្ត​សៀមរាប ​បាន​បំបែក​ឯកត្តកម្ម​ចាស់​​​របស់​អូស្ត្រាលី​​ កាល​ពី​ឆ្នាំ​មុន​​មាន ១១៥០ នាក់។

 

ការ​រាំ​ចង្វាក់ ម៉ាឌីហ្សុននេះ គឺជា កម្មវិធី​មួយ​ក្នុង​ចំណោម​កម្ម​វិធី​ជាច្រើន​ទៀត នៃ​ព្រឹត្តិការណ៍​អង្គរ សង្រ្កាន្ត​ឆ្នាំ ២០១៥ ដែល​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​​ខេត្ត​សៀមរាប (យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ) បាន​រៀប​ចំ​ឡើង​ដោយ​មាន​កិច្ច​សហការ​ពី​សំណាក់​ស្ថាប័នរដ្ឋ និង​ឯក​ជន​នានា៕

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា