មុនក្លាយជាតារាចម្រៀងអាជីពបេក្ខភាព The Voice Cambodiaសយ រតនៈ ជាមន្ត្រី NGO
- 2015-04-20 20:03:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនក្លាយជាតារាចម្រៀងអាជីពបេក្ខភាព The Voice Cambodiaសយ រតនៈ ជាមន្ត្រី NGO
ចន្លោះមិនឃើញ
មុនពេលក្លាយជាតារាចម្រៀងអាជីពជាមួយផលិតកម្មរស្មីហង្សមាស អតីតបេក្ខភាព The Voice Cambodia សយ រតនៈ គឺជាបុគ្គលិកអង្គការក្រៅស្រុកមួយ។ នេះបើតាមសាមីខ្លួន។
សយ រតនៈ ក្នុងថ្ងៃថតកម្មវិធីអបអរបុណ្យចូលឆ្នាំខ្មែរនៅ CTN
“មុននឹងក្លាយជាតារាចម្រៀងនាពេលនេះ ខ្ញុំធ្វើជាបុគ្គលិកអង្គការមួយកន្លែងនៅខេត្តបាត់ដំបង"។ អតីតបេក្ខភាព The Voice Cambodia រូបនេះ សុំមិនបញ្ចេញឲ្យច្បាស់ពីតួនាទី និងឈ្មោះអង្គការ តែបានប្រាប់ថា លោកបានធ្វើការងារនេះអស់រយៈពេល១ឆ្នាំមុនលាឈប់វិញ ក្រោយក្លាយខ្លួនជាតារាចម្រៀងអាជីពនៅផលិតកម្មរស្មីហង្សមាសនាពេលនេះ។
យ៉ាងណាក៏ដោយ តាមតារាចម្រៀងវ័យ ២៤ឆ្នាំរូបនេះ នាទីជាបុគ្គលិកអង្គការមួយនោះ គឺជាអ្វីដែលក្រុមគ្រួសារចង់ឲ្យបានបំផុត មិនមែនជាអាជីពសិល្បៈនាពេលនេះឡើយ។ រតនៈ លើកឡើងថា ក្រុមគ្រួសាររបស់លោកទាំងមូល មិនចង់ឲ្យលោកប្រឡូកចូលសិល្បៈទេ ព្រោះតែពួកគាត់យល់ថា សិល្បៈមានរឿងមិនល្អច្រើន។
“ពួកគាត់មិនចង់ឲ្យខ្ញុំចូលសិល្បៈទេ គាត់ថាសិល្បៈមានរឿងមិនល្អច្រើនអាចនាំខ្ញុំដើរផ្លូវខុសនាពេលអនាគត។ ពួកគាត់ចង់ខ្ញុំរៀនចប់រកការងារផ្សេងធ្វើឲ្យត្រូវតាមជំនាញវិញ អីចឹងហើយសូម្បីតែខ្ញុំដាក់ពាក្យប្រឡង The Voice Cambodia ក៏ខ្ញុំអត់ប្រាប់ពួកគាត់ដែរ ទាល់តែដល់វគ្គ Live លើទូរទស្សន៍បានខ្ញុំប្រាប់"។
សយ រតនៈ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងប៉ុន្តែបានចាកចេញទៅរស់នៅ និងសិក្សានៅខេត្តបាត់ដំបងនៅឆ្នាំ ២០០៨ ក្រោយជាប់សញ្ញាបត្រទុតិយភូមិ ហើយទទួលបានអារម្មណ៍រូបករណ៍ជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាល័យបាត់ដំបង។ លោក បានបញ្ចប់ការសិក្សាជំនាញនេះនៅឆ្នាំ ២០១២។ លុះបន្ទាប់មកក៏បានចូលធ្វើជាបុគ្គលិករបស់អង្គការមួយកន្លែងនោះតែម្ដង។
បើទោះក្រុមគ្រួសារមិនចង់ឲ្យប្រឡូកសិល្បៈ ប៉ុន្តែ រតនៈ ប្រាប់ថាលោកចូលចិត្តសិល្បៈចម្រៀងតាំងពីធំដឹងក្ដីមក។ ដូច្នេះហើយ ទើបសម្រេចដាក់ប្រឡងក្នុងកម្មវិធី The Voice Cambodia ដោយមិនឲ្យគ្រួសារដឹងឡើយ រហូតបានក្លាយជាតារាចម្រៀងអាជីព បើទោះការប្រឡង មិនជាប់ជយលាភីក្ដី។
រតនៈ បានលាឈប់ពីការងារអង្គការ មកប្រឡូកសិល្បៈពេញទំហឹងនាពេលនេះ ដោយលែងមានការរារាំងពីក្រុមគ្រួសារទៀតហើយ។ "គាត់លែងរារាំងហើយ គឺរឹតតែគាំទ្រទៅវិញ។ ណាមួយខ្ញុំបានរៀនចប់បរិញ្ញាបត្រហើយ ព្រោះគាត់ធ្លាប់ប្រាប់ខ្ញុំថា ឲ្យរៀនចប់បរិញ្ញាបត្រសិន បន្ទាប់ពីនោះ ឲ្យខ្ញុំលូកអីលូកចុះ!"។
ក្នុងនាមជាតារាចម្រៀងអាជីព សយ រតនៈ បានចេញបទចម្រៀងមួយចំនួនរួចហើយរួមជាមួយតារារៀមច្បងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។ ដោយឡែកក្នុងពេលឆាប់ៗនេះ លោក ប្រាប់ថា នឹងមានបទចម្រៀងមួយចំនួន ក្នុងផលិតកម្ម We Production នឹងលក់លើទីផ្សារថែមទៀត៕
អត្ថបទ៖ ទារិកា