Pacquiao​ ​ចាប់​​អារម្មណ៍​​រឿង​ ​“The Expendables 4”​ របស់​រ៉ាំបូ​

  • 2015-04-20 21:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រហ្វីលីពីន Inquirer ​ចុះផ្សាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ​ជើងឯក​ប្រដាល់ហ្វីលីពីន Manny Pacquiao បាន​ចាប់​អារម្មណ៍នឹង Role សម្ដែង​ក្នុង​​រឿង​ភាគ​ចុង​ក្រោយ “Expendables 4” របស់​រ៉ាំបូ។

 

 

ចចាមអារ៉ាមពី​រឿង​នេះ បាន​ចាប់​ផ្ដើម​កើត​ឡើង ​ម្ដង​ទៀតហើយ ក្រោយ ​រ៉ាំបូ ទៅ​ជួប​ Pacquiao នៅ​កន្លែង​ហាត់​ប្រាណ Wild Card Gym នៅ​ថ្ងៃ​អាទិត្យ ក្នុង​ទីក្រុង Los Angeles ជា​កន្លែង​ដែល​កីឡា​ករប្រដាល់រូបនេះហ្វឹក​ហាត់ សម្រាប់​ត្រៀមខ្លួន ប្រកួត​ជាមួយ Floyd Mayweather Jr នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៥ ក្នុង​ទីក្រុង Las Vegas។

 

ផលិតកម្ម Pineda ដែល​នៅ​ក្នុង​ទីក្រុង​ម៉ានីល បាន​ប្រាប់​សារព័ត៌មាន Inquirer តាម​រយៈ​សារ​ថា "គម្រោង​នេះ​ (ការផ្ដល់ Role) បាន​ផ្ដល់​មក​យូរ​ហើយ ចំណែក Manny ក៏​ចាប់​អារម្មណ៍ដែរ"។ ទោះបីជា​យ៉ាងណា ផលិតកម្ម នឹង​ធ្វើ​ការ​ជុំវិញ​លើ​កាល​វិភាគ​ដ៏​មមាញឹក​របស់ Pacquiao។

 

ផលិតកម្ម ​ដដែល​បន្ថែម​ថា "ឥលូវ​គាត់​កំពុង​រវល់​នឹង​ការ​ហ្វឹកហាត់ ហើយ​បន្ទាប់​ពី​ប្រកួត​ចប់ គាត់​នឹង​រវល់​ជាមួយ​យុទ្ធនាការ​បោះឆ្នោត ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០១៦ ខាងមុខ។ ដោយ​សារ​មមាញឹក​ពេក គឺមិន​មាន​គម្រោង​​ច្បាស់​លាស់ សម្រាប់​ខ្សែ​ភាពយន្ត​​ហូលីវូដ​ទេ"។

 

កាល​ពី​ឆ្នាំ​មុន មាន​ចចាមអារ៉ាម​ថា តារា​ហូលីវូដ Sylvester Stallone ឬ​រ៉ាំបូ បាន​ផ្ដល់​ Role មួយ​ក្នុង​ខ្សែភាពយន្ត​ភាគ​ចុងក្រោយ “The Expendables” ឱ្យ Pacquiao។ បន្ថែម​លើ​ចចាមអារ៉ាម ដ៏​ក្ដៅ​គគុក​នេះ គឺ​ថា រ៉ាំបូ និង​មិត្ត​​សម្ដែង​រួម​គ្នា ក្នុង​ខ្សែភាពយន្ត “The Expendables” លោក Arnold Schwarzenegger ត្រូវ​គេ​ឃើញ​ថា បាន​ទៅ​ដល់​​សង្វៀន​ផ្ទាល់ ពេល Pacquiao ប្រកួត​ជាមួយ Chris Algieri នៅ​​ទីក្រុង​ម៉ាកាវ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

 

 

គេ​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ប្រកួត​ជាមួយ Chris Algieri លោក រ៉ាំប៉ូ និង Schwarzenegger បាន​ទៅ​ជួប Pacquiao ក្នុង​បន្ទប់​កីឡា​ ហើយ​ថែម​ទាំង​ផ្ដល់ Role ឱ្យ​កីឡាករ​ប្រដាល់​រូប​នេះ​ទៀត​ផង។

​​

បើ​តាម​ការ​ឱ្យ​ដឹង ​របស់​សារព័ត៌មាន​អនឡាញ កន្លង​មកឱ្យ​ដឹង​​​ដែរ​ថា រ៉ាំបូ កំពុង​តែ​ចែចង់ Pacquiao តារា​ក្បាច់គុន​ហុងកុង ឈិន ឡុង និង​កីឡាករ​បោក​ចំបាប់​ អាមេរិក Hulk Hogan ឱ្យ​ចូល​រួម​សម្ដែង​​ រឿង​ភាគ​ទី​៤របស់​ពួកគេ ដែល​​មាន​គោល​បំណង ចង់​ឱ្យ​ភាពយន្ត​​នេះ មាន​ឱកាស​ជាប់​ក្នុង​តារាងចំណូលភាពយន្ត​ខ្ពស់​បំផុត Box-office នឹងគេ។

 

ចំណែកផលិតករ ​ភាពយន្ត​ហ្វីលីពីន លោក Paul Soriano ដែល​ធ្លាប់​ដឹកនាំ​រឿង ​“Kid Kulafu” និយាយ​ពី​ជីវប្រវត្តិ Pacquiao ប្រាប់ Inquirer ក្នុង​បទសម្ភាសន៍​ថា កីឡាករ​ប្រដាល់​ហ្វីលីពីន​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា តារា​ល្បី​នៅ​អាមេរិក​​​អញ្ចឹង។ លោក​ថា "តារា​ហូលីវូដ​ ដូចជា Mark Wahlberg និង Jim Caviezel ធ្លាប់​​តម្រង់​ជួរ​​​ក្រៅកន្លែង​ហាត់ប្រាណ​ព្រោះ​​ចង់​​​ជួប​ជាមួយ​គាត់"៕

 

 

បើ​ឈិន ឡុង និង​​Pacquiao​ សម្ដែងរឿង​​​​ “The Expendables 4” យល់​ម៉េចដែរ?

 

 

ប្រែ​ស្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ entertainment

អត្ថបទថ្មី