បើ​ឈិន ឡុង និង​​Pacquiao​ សម្ដែងរឿង​​​​ "The Expendables 4” យល់​ម៉េចដែរ?

  • 2015-01-27 23:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"The Expendables ” ជា​ភាពយន្ត​បាញ់បោះ វាយ​ទាត់ធាក់ ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​សម្ដែង​ហូលីវូដ​ល្បីៗ រួម​ទាំងតារា​អាស៊ី ​លី លៀនជា។ ប៉ុន្មានខែមុន មាន​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ក្នុង​រឿង​ជា​ស៊េរី​ " The Expendables 4” អាច​នឹង​​មាន​វត្តមាន ឈិន ឡុង និង Pacquiao ដែរ។ ​​

 

 

ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ខាងលើ បាន​បណ្ដាល​អ្នកលេងអ៊ីធឺណិត និង​ក្រុម​អ្នកសារព័ត៌មាន ជជែក​ជីកសួរ​ជាហូរហែ។ គេហទំព័រ Air Herald បាន​ឱ្យ​ដឹង​ថា​បើ​សិន ឈិន ឡុង សម្ដែង​មែន​នោះ ច្បាស់​ជា​ធ្វើ​ឱ្យ​ភាពយន្ត​​​ថ្មី​នេះ កាន់​តែ​ល្បីល្បាញ​ជាង​ភាគ​មុនៗ។

 

ប្រភព​ដដែល​បន្ត​ថា បើ​ជា​រឿង​ពិត តារា​ជើង​ចាស់​ខាងលើ នឹង​បញ្ចូល​ក្បាច់គុន ភាព​កំប្លុកកំប្លែង​រួម​គ្នា ហើយ​ធ្វើ​ឱ្យ​ភាពយន្ត​នេះ ប្រមូល​ផ្ដុំ​ដោយ​កំពូល​តារា​សម្ដែង​ល្បីៗ​លើ​ពិភពលោក​។

 

រីឯ​សារព័ត៌មាន Master Herald បាន​បង្ហាញ​ថា កាលវិភាគ​ថតភាពយន្ត​របស់ ឈិន ឡុង ប្រហែល​ជា​​ត្រូវ​កក់​ពេញ ប៉ុន្តែ​​ចំណុច​នេះ​មិន​​ធ្វើ​ឱ្យ រ៉ាំបូ (Stallone) រួញរា ក្នុង​ការ​ជ្រើស​រើស​​កំពូល​តារា​ក្បាច់គុន​នេះ​ឡើយ។ រ៉ាំបូ នឹង​រក​គ្រប់​មធ្យោបាយ ដើម្បី​យក​តារា​កំប្លុកកំប្លែងម្នាក់​នេះ។ ​

 

រ៉ាំបូ និង​តារា​សម្ដែង​ ក្នុង​ខ្សែភាពយន្ត​ហូលីវូដ "The Expendables" ផ្សេង​ទៀត​ក៏​សង្ឃឹម​ដូចគ្នា​ថា ពួកគេ​នឹង​អាច​ជ្រើសរើសបាន​​តារា​អាស៊ី​​បន្ថែម ហើយ​ក្នុងនោះ​​ក៏​មាន Manny Pacquiao ​ដែរ។

 

 

ចចាមអារ៉ាម​ពី​ការ​ចូលរួម​របស់ កំពូល​អ្នកប្រដាល់​ហ្វីលីពីន បាន​លេច​ឮ​ឡើង​ពេល រ៉ាំបូ និង Arnold Schwarzenegger ទៅ​បន្ទប់​របស់​​គេ (Pacquiao) ដើម្បី​ជូនពរ មុន​​កីឡាករ​រូបនេះ ប្រកួត​ជាមួយ Chris Algieri កាល​ពី​២​ខែ​មុន។

 

កាល​ណោះ​មនុស្ស​ដែល​បាន​ឃើញ​ជឿ​ថា ក្រៅ​​ពី​និយាយ​ពី​ការ​ប្រកួតលើ​សង្វៀន ពួកគេ​អាច​ពិភាក្សា​គ្នា រឿង​​ចូល​រួម​សម្ដែងភាពយន្ត "The Expendables" ផង​ដែរ។

 

ទោះ​​​ជាយ៉ាងណា បញ្ហា​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​​ទេ ហើយ​តារា​ទាំងពីរ​ក៏​មិន​ទាន់​ចេញមុខ​មក​អះអាង​​ដែរ។ បើ​សិន​ ឈិន ឡុង និង Pacquiao ចូល​រួម​សម្ដែង​ពិត​មែន​នោះ តើ​អ្នក​យល់​យ៉ាង​ម៉េច​ដែរ?

 

 

អត្ថបទពាក់ព័ន្ធ៖

 

កូន​ឈិន ឡុង​បន្ទោស​​​​ឪពុក​​​ថា ធ្វើ​ឱ្យ​​​​​​​​​​ធ្លាក់​ខ្លួន​ប្រើគ្រឿងញៀន

 

Pacman ​ព្រម​ឡើង​វ៉ៃ​ជាមួយ Floyd ​ក្នុង​តម្លៃ ២០០​លាន​ផោន

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Latinopost