សារ៉េត ស៊ីដន គ្រូ​ជំនួយ​ក្លិប​ប៉ូលិស ទៅ​ផ្សព្វផ្សាយ​បាល់ទាត់​នៅ​បាត់ដំបង​ជិត ១០០ សាលា

  • 2015-04-30 18:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​ក្លិប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) បាន​​ធ្វើការ​ស្ម័ក្រ​ចិត្ត​ជាមួយ​ក្រុមហ៊ុន Yamaha ចុះ​ផ្សព្វផ្សាយ​បាល់ទាត់​នៅ​​តាម​សាលា​បឋមសិក្សា​ក្នុង​ខេត្ត​បាត់ដំបង ​ចំនួន ៧៧ សាលា រួច​រាល់​ហើយ ខណៈ​គម្រោង​សរុប​នឹង​ធ្វើ​ឱ្យ​បាន​មិន​​ក្រោម ១០០ សាលា​មុន​​ឆ្នាំ ២០១៦​មក​ដល់។

 

 

ក្រុម​ការងារ​លោក សារ៉េត ស៊ីដន ចុះ​ផ្សព្វផ្សាយ​បាល់ទាត់

 

នៅ​សប្ដាហ៍​នេះ​លោក​និង​ក្រុម​ការងារ​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​សាលា​បឋម​ចំនួន ៨ ផ្សេង​ទៀត​ក្នុង​ស្រុក មោងឬស្សី ស្រុក​សង្កែ និង ស្រុក​បាត់ដំបង ព្រម​ទាំង​បាន​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​មន្ទីរ​អប់រំយុវជន​និង​កីឡា ជុំ​វិញការងារ​​នេះ​ផង​ដែរ។   លោក​ប្រធាន​មន្ទីរ​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ការងារ​ចុះ​ជួយ​ដល់​សាលា​មួយ​ចំនួន​ដែល​នៅ​ឆ្ងាយៗ ចុងកាត់មាត់ញក​​ដើម្បី​ឱ្យ​សិស្សានុសិស្ស​នៅ​ទីនោះ​បាន​ស្គាល់ និង​លេង​បាល់ទាត់។ ចំណែក​ខាង​ក្រុម​ការងារ​លោក ស៊ីដន បាន​ទទួល​យក​សំណើ​​ដោយ​គ្រាប់​តែ​សុំ​ការ​ណែនាំ​ពី​ចម្ងាយ​ផ្លូវ និង ទីតាំង​ឱ្យ​បាន​ច្បាស់​លាស់។  

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សារ៉េត ស៊ីដន នៅ​ពេល​ចុះ​ទៅ​តាម​សាលា​បឋមសិក្សា​នីមួយៗ គឺ​ស្នើ​ឱ្យ​នាយក​សាលា​ណែនាំ​ក្មេងៗ អាយុ​ចន្លោះ​ពី​អាយុ ១៣ ទៅ ១៥ ឆ្នាំ​​ប្រហែល​ជា ៤០ នាក់​ទាំង​កុមារានិងកុមារី ​​ដើម្បី​ធ្វើការ​បង្ហាត់​បង្ហាញ​ពី​បាល់ទាត់​ ព្រម​ទាំង​ចែក​​សម្ភារៈ​មួយ​ចំនួន​ដូចជា អាវ បាល់ ជាដើម។ តាម​សាលា​នីមួយៗ ត្រូវ​មាន​គ្រូ​ម្នាក់​ជ្រើសរើស​កីឡាករ​ចំនួន ១៥ នាក់​បង្កើត​ជា​ក្រុម​បាល់ទាត់​មួយ។  ក្នុង​នោះ​​រាល់​ពេល ៣ ខែ​ក្រុមហ៊ុន​​បង្កើត​ពាន​រង្វាន់​មួយ​ដោយ​អញ្ញើញ​ក្រុម​ទាំង​នោះ​មក​​ប្រកួត​ម្ដង។  

តាម​ពិត​សកម្មភាព​​នេះ​បាន​បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ២០១៣ មក​ម៉្លេះ​លើ​ទឹក​ដី​ខេត្ត​បាត់ដំបង​ដោយ​គោល​បំណង​ចង់​ផ្សព្វផ្សាយ​​បាល់ទាត់​រួម​ទាំង​និង​ស្លាកយីហោ​របស់​ខ្លួន​ក្នុង​ពេល​តែ​មួយ។ នៅ​ពេល​សកម្មភាព​នេះ​ចប់​រួចរាល់​នៅ​ខេត្ត​បាត់ដំបង ក្រុម​ការងារ​នឹង​ប្ដូរ​ទៅ​ធ្វើ​ខេត្ត​ផ្សេង​ទៀត​អាច​ជា បន្ទាយមានជ័យ ឬ សៀមរាប ជាដើម៕   អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ផ្ដល់ឱ្យ