បេ វណ្ណារ៉ា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2015-05-13 17:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ បេ វណ្ណារ៉ា បាន​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ពី​យប់​ម្សិលមិញ​ជា​មួយ​តារា​ប្រុស​ម្នាក់​ទៀត ក្រោយ​ពួក​គេ​ទាំង​ពីរ​ជិះ​ម៉ូតូ​ត្រឡប់​ពី​ថត​ភាពយន្តនៅ​កៀនស្វាយ​​វិញ។

 

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ម្ដុំ​វត្ត​និរោធ​នា​វេលា​ម៉ោង​ប្រមាណ ១២​រំលង​អាធ្រាត្រ​ទៅ​ហើយ។ លោក បេ វណ្ណារ៉ា ថ្លែង​ថា "ខ្ញុំ​បាន​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​ដោយ​ខ្លួន​ឯង​អត់​មាន​អ្នកណា​បុក​ទេ​ ណា​មួយ​គេច​ពី​ឡាន​កុងតឺន័រ​ផង"។

 

 

រូបភាព៖ FB បេ វណ្ណារ៉ា

 

បន្ទាប់​ពី​ថត​រឿង " រនាត​ស្នេហ៍ " ចប់​ប្រហែលជា​ម៉ោង​១២​អាធ្រាត្រ​នៅ​ម្តុំ​កៀន​ស្វាយ​រូបលោក​ក៏​បាន​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​មាន​គ្នា​ពីរ​នាក់​។​មិន​ទាន់​បាន​ដល់​ផ្ទះ​ផង​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង។ "ពេល​ហ្នុង ខ្ញុំ​ជិះ​ម៉ូតូ​ពីរ​នាក់​អ្នក​ថត​រឿង​ជាមួយ​គ្នា ទាំង​កណ្ដាល​យប់​ម៉ោង​១២​យប់​ទៅ​ហើយ។ ពេល​មក​ដល់​ម្ដុំ​វត្ត​និរោធ ផ្សំ​នឹង​យើង​ចំណាស់​ៗ​មើល​មិន​សូវ​ច្បាស់​ផង ផ្សំ​នឹង​ម្ដុំ​នោះ​មាន​ជង្ហុក​ច្រើន​ផង និង​មាន​ឡាន​កុងតឺន័រ​ធំ​មួយ​នៅ​កណ្ដាល​ផ្លូវ​ទៀត ក៏​ព្យាយាម​គេច​រហូត​ធ្លាក់​ជង្ហុក​ទប់​ជំហរ​មិន​ជាប់​ក៏​ដួល​តែ​ម្ដង​ទៅ"​។ បេ វណ្ណារ៉ា បន្ថែម។

 

ក្រោយ​កើត​ហេតុ តួ​ឯក​នៅ​ក្នុង​រឿង​"ម៉ាក់ថឺង"​រូប​នេះ​បាន​ប្រាប់​ថា លោក​រង​របួស​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ដោយ​គ្រាន់​តែ​រយះ​ដៃ​ហើម​ជើង​ឈឺ​ចង្កេះ​ប៉ុណ្ណោះ ប៉ុន្តែ​មក​ដល់​ឥឡូវ​នេះ​បាន​ធូរ​ស្រាល​​អាច​ដើរ​បាន​តិចៗ​។ ឯ​ដៃគូ​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​លោក ក៏​រង​របួស​ស្រាល​ដែរ។

 

លោក ​បេ​ វណ្ណារ៉ា​ ជា​តារា​សម្ដែង​ជើង​ចាស់​មួយ​រូប​ដែល​ទស្សនិកជន​បាន​ស្គាល់​រូប​គាត់​តាម​រយៈ​រឿង​ "ម៉ាក់ថឺង" ក្នុង​នាម​ជា​តួអង្គ​តា "ម៉ាក់ថឺង" ជាមួយ​នឹង​អ្នក​នាង​ ព្រំ ​រដ្ឋា ​ក្នុង​កំឡុង​ឆ្នាំ​២០០០​។

 

លោក បេ វណ្ណារ៉ា ចូល​​សម្ដែង​តាំង​ពី​ឆ្នាំ​១៩៨៧​រហូត​មក​ដល់​ពេល​នេះ​បាន​ជាង​១៥០​រឿង​ដូច​ជា​រឿង​"ម៉ាក់ថឺង, ទិព្វ​សូដា​ចន្ទ, ​​សព្ទ​សិទ្ធិ,​បដាចារ​...ជាដើម។ ហើយ​ថ្មីៗ​កំពុង​ថត​រឿង "​រនាត​ស្នេហ៍​"និង​រឿង​"វេ​រា​ស្នេហ៍​"ដែល​នឹង​ត្រៀម​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍ CTN នា​ពេល​ខាង​មុខ​នេះ៕ អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម