អ្នកបង្កើតវចនានុក្រមខ្មែរដំបូងគេលើទូរសព្ទ លាតត្រដាងពីជីវិតពិត
- 2015-05-19 17:36:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបង្កើតវចនានុក្រមខ្មែរដំបូងគេលើទូរសព្ទ លាតត្រដាងពីជីវិតពិត
ចន្លោះមិនឃើញ
ចំណង់ចំណូលចិត្ត, សមត្ថភាព និងបូកផ្សំភាពអំណត់ព្យាយាមបានធ្វើឲ្យ ខេង វ៉ាន់ថា សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរលើវិថីនៃការសិក្សានិងនៅក្នុងការងារ។ អ្វីគួរឲ្យកត់សម្គាល់ វ៉ាន់ថា បានសម្រេចសមិទ្ធផលដ៏អស្ចារ្យគឺការបង្កើតបានវចនានុក្រមខ្មែរដំបូងគេ សម្រាប់ប្រើនៅលើទូរសព្ទ ដែលបានផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋខ្មែរប្រើប្រាស់។
Sabay សូមលើកបង្ហាញពីជីវប្រវត្តិត្រួសៗរបស់យុវជនដ៏ឆ្នើមរូបនេះ តើមានដំណើរជីវិតយ៉ាងណា និងការសម្រេចបានសមិទ្ធផលនានាជាមួយការកំណត់គោលដៅនាពេលអនាគត?
ប្រវត្តិការសិក្សា និងគ្រួសារ
វ៉ាន់ថា កើតក្នុងគ្រួសារវណ្ណៈមធ្យមមួយនៅរាជធានីភ្នំពេញ ដែលមានឪពុកជាជាងផ្សារ និងម្តាយជាមេផ្ទះ។ ក្នុងចំណោមបងប្អូន ៤ នាក់ (ប្រុស ៣ ស្រី ១) វ៉ាន់ថា គឺជាកូនច្បងគេ។ វ៉ាន់ថា បានបញ្ចប់ថ្នាក់ទុតិយភូមិក្នុងឆ្នាំ ២០០២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ច (Rule) លើមុខជំនាញសេដ្ឋកិច្ចព័ត៌មានវិទ្យា។ នៅទីនោះ វ៉ាន់ថា ទទួលបានអាហារូបករណ៍សិក្សារយៈពេល ៤ ឆ្នាំដោយឥតគិតថ្លៃ តាមរយៈការទទួលនិទ្ទេសពិន្ទុដ៏ល្អ ក្នុងពេលប្រឡងបញ្ចប់កម្រិតទុតិយភូមិ។ ក្រោយពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញសេដ្ឋកិច្ចព័ត៌មានវិទ្យាក្នុងឆ្នាំ ២០០៧ វ៉ាន់ថា ក៏បានបន្តថ្នាក់អនុបណ្ឌិត (MBA) ជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត ហើយក៏បានបញ្ចប់ដោយជោគជ័យក្នុងឆ្នាំ ២០១០។
ចំណូលចិត្តលើផ្នែកបច្ចេកវិទ្យា
វ៉ាន់ថា ប្រាប់ថា តាំងពីតូចមក រូបគេហាក់មានចំណង់ចំណូលចិត្តលើផ្នែកបច្ចេកវិទ្យា និងតែងតែចង់ដឹងចង់ស្គាល់លើមុខវិទ្យាមួយនេះ។
“ខ្ញុំតែងតែទិញទិញសៀវភៅផ្សេងៗ ដែលនិយាយទាក់ទិននឹងផ្នែកបច្ចេកវិទ្យាយកមកអាន,មើល និងរៀនអនុវត្តចុះឡើងៗជាប្រចាំ"។ ការអានសៀវភៅទាំងនេះ បានធ្វើឲ្យយុវជនរូបនេះ ដក់ចិត្តយ៉ាងខ្លាំងទៅនឹងវិស័យបច្ចេកវិទ្យា។ ដោយសារមានដុងពី កំណើត គួបផ្សំមានការខិតខំប្រឹងប្រែង វ៉ាន់ថា ប្រាប់ថា កាលនៅវិទ្យាល័យរូបគេអាចចេះប្រើប្រាស់កម្មវិធីមួយចំនួនដូចជា Word, Excel ជាដើម ដោយមិនដែលឆ្លងកាត់សាលាបណ្ដុះបណ្ដាល ឬគ្រូបង្ហាត់បង្ហាញណាមួយនោះទេ គឺចេះតែរៀនតាមរយៈសៀវភៅណែនាំទាំងនោះ និងព្យាយាមស្វែងយល់និងដោះស្រាយដោយខ្លួនឯង។ តាមរយៈការខិតខំប្រឹងប្រែងជាប្រចាំ សមត្ថភាពផ្នែកបច្ចេកវិទ្យារបស់គេ ក៏មានការអភិវឌ្ឍឈានឡើង និងអាចចេះសរសេរកូដកម្មវិធីបានខ្លះៗថែមទៀតផង។
សមិទ្ធផលសម្រេចបាន
ក្នុង អំឡុងឆ្នាំ២០០៣ វ៉ាន់ថា បានចូលរួមប្រកួតប្រជែងខាងសរសេរវ៉េបសាយ (Web Developer) ក្នុងកម្មវិធី អ៊ីនធឺណិតអូឡាំពិក ដែលរៀបចំដោយក្រុមហ៊ុនបច្ចេកវិទ្យាមួយ។ ពេលនោះ វ៉ាន់ថា ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមបេក្ខជនជាច្រើនទៀតដែលបានចូលរួម។ តាមរយៈលទ្ធផលដ៏ល្អនេះ បានជំរុញលើកទឹកចិត្តដែលនាំឲ្យ វ៉ាន់ថា កាន់តែខិតខំសិក្សានិងការស្រាវជ្រាវបន្ថែមទៀត ដើម្បីរំលេចចេញជាស្នាដៃជាបន្តបន្ទាប់។
ក្នុងឆ្នាំ ២០០៤ វ៉ាន់ថា បានបង្កើតវចនានុក្រមអង់គ្លេស-ខ្មែរ, ខ្មែរ-អង់គ្លេស និងខ្មែរ-ខ្មែរ ដំបូងគេសម្រាប់ប្រើប្រាស់នៅលើស៊េរីទូរស័ព្ទ Symbian S60 របស់ក្រុមហ៊ុន Nokia។ បន្តមកក្នុងអំឡុងឆ្នាំ ២០០៥ ក៏បានបង្កើតវចនានុក្រមមួយទៀតសម្រាប់ប្រើនៅលើ Window Mobile និងបានបន្ថែម Keyboard និងហ្វុងអក្សរខ្មែរ សម្រាប់អានឬមើលអក្សរខ្មែរបាននៅលើទូរសព្ទ។ ជាមួយគ្នានេះដែរ នៅចុងឆ្នាំ ២០១១ វ៉ាន់ថា បានបង្កើតវចនានុក្រមមួយទៀតគឺវចនានុក្រមភូមិ សម្រាប់ប្រើនៅលើទូរសព្ទមួយចំនួន ដែលដំណើរការណ៍ដោយ Android។
អំឡុងឆ្នាំ ២០១៣ វ៉ាន់ថា បានសម្រេចលទ្ធផលដ៏អស្ចារ្យមួយទៀត ដែលជាគម្រោងរបស់ក្រុមហ៊ុន ទូរស័ព្ទ LG គឺការប្រើអក្សរខ្មែរយូនីកូដ សម្រាប់ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android បានចាប់ពីកំណែ Gingerbread (2.3.x) ឡើង ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ។ ការធ្វើកិច្ចការងារនេះ វ៉ាន់ថា បានការសហការពីយុវជនខ្មែរម្នាក់ទៀតគឺ ធីម ច័ន្ធឬទ្ធី ដែលជាអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការជាភាសាខ្មែរដំបូងគេ Moon OS។
ជុំវិញការធ្វើគម្រោងមួយនេះ វ៉ាន់ថា បញ្ជាក់ថា ទម្រាំអាចធ្វើបានក៏មិនស្រួលនោះដែរ ដោយសារគម្រោងនេះថ្មីមិនទាន់មានគេធ្លាប់ធ្វើកន្លងមក ហេតុនេះទាមទារឲ្យមានការស្រាវជ្រាវច្រើន ដែលនេះចៀសមិនផុតដែលត្រូវប្រឈមការលំបាកនោះ។ យ៉ាងណាមិញដោយមានការខិតខំប្រឹងប្រែងគួបផ្សំមានដៃគូសហការ ទើបគម្រោងនេះសម្រេចបានដោយជោគជ័យ។
គោលបំណងទៅថ្ងៃអនាគត
វ៉ាន់ថា បញ្ជាក់ថា នៅថ្ងៃអនាគតបើលទ្ធភាពនិងពេលវេលាសមស្រប រូបគេមានគោលបំណងបើកក្រុមហ៊ុនបច្ចេកវិទ្យាមួយ មិនថាជាប្រភេទក្រុមហ៊ុនលក់ផលិតផល ឬផលិតកម្មវិធីនោះទេ។ វ៉ាន់ថា គិតថា ទីផ្សារបច្ចេកវិទ្យានៅកម្ពុជា នាពេលអនាគតនឹងកាន់តែមានភាពល្អប្រសើរឡើង និងអភិវឌ្ឍឈានឡើង។ ជាមួយគ្នានេះ វ៉ាន់ថា គិតថា រកស៊ីខ្លួនឯង ប្រសើរជាងធ្វើការឲ្យគេ។ យ៉ាងណា វ៉ាន់ថា ទទួលស្គាល់ថា ការបើកក្រុមហ៊ុនឬរបររកស៊ីអាចទទួលជោគជ័យនោះ គឺត្រូវប្រឈមការលំបាកជាច្រើន ដែលនេះទាមទារបទពិសោធន៍ និងចំណេះដឹងផ្សេងៗឲ្យបានរឹងមាំ ទើបជាការប្រសើរបំផុត។
យោបល់ចុងក្រោយ
ចុងក្រោយនេះ វ៉ាន់ថា សូមផ្តាំផ្ញើដល់យុវជនខ្មែរទាំងអស់ត្រូវខិតខំពង្រឹងការសិក្សា ដោយមិនត្រូវពឹងផ្អែកតែសាលាមួយបានទេ បើចង់សម្រេចផលដ៏ល្អ។ សាលាគ្រាន់តែជាកន្លែងណែនាំ និងបង្ហាញផ្លូវ ប៉ុន្តែជោគជ័យឬមិនជោគជ័យគឺត្រូវពឹងអាស្រ័យលើខ្លួនឯង។ ដូច្នេះ ការសិក្សាចាំបាច់ត្រូវការព្យាយាម និងផ្សារភ្ជាប់ការស្រាវជ្រាវឲ្យបានច្រើន ទើបធ្វើឲ្យការសិក្សាមានដំណើរការទៅបានរលូនល្អ និងទទួលជោគជ័យ។
អត្ថបទ៖ ប៊ុណ្ណារ៉ា