បូបូ និង Elvin មកផ្សព្វផ្សាយរឿង "សន្ដានចិត្តអ្នកមានបុណ្យ" នៅកម្ពុជា
- 2015-05-24 18:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បូបូ និង Elvin មកផ្សព្វផ្សាយរឿង "សន្ដានចិត្តអ្នកមានបុណ្យ" នៅកម្ពុជា
ចន្លោះមិនឃើញ
នៅទីបំផុត Zoe Tay ដែលប្រិយមិត្តស្គាល់ថាជា បូបូ និងលោក Elvin Ng បានមកដល់កម្ពុជានាព្រឹកម្សិលមិញ ជាមួយគោលបំណងសំខាន់បំផុតគឺផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់ពួកគេ គឺរឿង “You Can Be An Angel Too “ ឬ "សន្ដានចិត្តអ្នកមានបុណ្យ"។
នៅក្នុងសន្និសីទសារព័ត៌មានរសៀលម្សិលមិញ បូបូ ប្រាប់ថា ក្នុងរឿងនេះ នាងសម្ដែងជាតួនប្រធាន គិលានុបដ្ឋាយិកា នៅក្នុងមន្ទីរពេទ្យមួយ។ នាង គឺមនុស្ស ដែលមានទំនួលខុសត្រូវ និងម៉ឺងម៉ាត់ផងដែរ ហើយនាងបន្តថា នាងរីករាយណាស់ដែលបានចូលរួមសម្ដែងក្នុងរឿងនេះ និងសង្ឃឹមថា ប្រិយមិត្តកម្ពុជាចូលចិត្ត និងគាំទ្រ។
( ឆ្វេង) Zoe Tay ឬ បូបូ (កណ្ដាល)លោក អគ្គនាយកទូរទស្សន៍ខ្សែកាប និងលោកជំទាវ លោក Elvin Ng
ដោយឡែក Elvin វិញ ក៏ជាគិលានុបដ្ឋាយិកាម្នាក់ដែរ។ លោក ថា "ខ្ញុំបានដើរតួ ជាគិលានុបដ្ឋាយិកាដ៏ល្អម្នាក់ ខ្ញុំគឺមានអារម្មណ៍រំភើបមែនទែន ពេលបានដើរតួក្នុងរឿងហ្នឹង ពិសេសនៅឈុតខ្លះ ដូចជា ឈុតងូតទឹកឲ្យចាស់ៗជាដើម"។
Elvin ដែលសម្ដែងជាតួអង្គ Fu Jiazi ក្នុងរឿង "សន្ដានចិត្តអ្នកមានបុណ្យ" នេះ ដើមឡើយ គឺវិស្វករកម្មវិធីកុំព្យូទ័រម្នាក់ តែថ្ងៃមួយលោកបានរួមដំណើរជាមួយមិត្តភ័ក្ដិម្នាក់ឈ្មោះ Ken ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យ Ken បានរងរបួសធ្ងន់។ Jiazi ពុំមានសមត្ថភាពសង្គ្រោះបឋមមិត្តរបស់ខ្លួនបានឡើយ ចុងក្រោយមិត្តរូបនោះ ក៏បានស្លាប់ដោយសារការហូរឈាមច្រើនពេក។ Jiazi មានអារម្មណ៍សោកស្ដាយ និងយល់ថាខ្លួនមានកំហុស ទើបសម្រេចចិត្តប្ដូរអាជីពតែម្ដង។
រឿង "សន្ដានចិត្តអ្នកមានបុណ្យ" នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ៣០ ឧសភា ២០១៥ តទៅនៅកញ្ចក់ទូរទស្សន៍ខ្សែកាប PPCTV ប៉ុស្ដិ៍លេខ ៩។ ក្រោយសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីភាពយន្តខាងលើ Zoe Tay ឬ បូបូ និងElvin Ng នៅមានបេសកកម្ម២ទៀតនៅលើទឹកដីប្រទេសកម្ពុជា។ នេះបើតាមលោក សុខ គង់ តំណាងក្រុមហ៊ុនទូរទសស្សន៍ PPCTV។ បេសកកម្មទី១ ពួកគេចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រ ហៅថា “You Can Be An Angel Too Fans Meet”។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ពីសន្និសីទសារព័ត៌មានវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី ២៤ ឧសភា នេះ ក្នុងនោះសិល្បករ សិល្បការិនីខ្មែរល្បីៗមួយចំនួនរួមមាន ខាត់ សុឃីម ស៊ុន ស្រីពេជ្រ ស៊ូ ស៊ីរីកា កុមារី Autumn Allen នឹងចូលរួមជាមួយគ្នាដែរ។
បេសកកម្មចុងក្រោយ តារាល្បីៗឈ្មោះរបស់សិង្ហបុរីទាំងពីរដួងនេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងមូលនិធិទៅផ្ដល់ជូនកុមារនៅមណ្ឌល AFESIP នៅខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ឧសភា ២០១៥៕
អត្ថបទ៖ ទារិកា