ចង់​ឃើញ​កូន​ខ្មែរ​បារាំង​ សុខថន បង្ហាញ​ខ្លួន​ពេល​កម្ពុជា​ប៉ះ​ឡាវ​ស្អែក​ទេ?

  • 2015-06-01 13:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ និង​ក្លិប​ភ្នំពេញ​ក្រោន កីឡាករ​កូន​កាត់​ខ្មែរ-​បារាំង​ វ៉ា សុខថន ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា​ និង​ចង់​ឃើញ​រូប​គេ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ។

 

 

ពេល​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​កីឡាករ​អាហ្វ្រិក​ប្រកប​អាជីព​នៅ​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​២៨​ កន្លង​ទៅ​​ដែល​​ពេល​នោះ​ក្រុម​​​កម្ពុជា​ឈុត​ធំ​បាន​ត្រឹម​លទ្ធផល​ស្មើ​២-២ និង​មិន​សូវ​មាន​ឱកាស​វាយ​លុក​ក្រុម​កីឡាករ​មក​ពី​អាហ្វ្រិក​​ឡើយ​​ ​ប៉ុន្តែ​នៅ​ពេល​នោះ ក្រុម​កម្ពុជា​អវត្តមាន​ខ្សែ​បម្រើ​ប្រយុទ្ធ​សំខាន់​​ពីរ​រូប​គឺ​ វ៉ា សុខថន និង​ ធារី ចន្ថាប៊ីន។ ការ​ប្រកួត​នោះ​ វ៉ា សុខថន​បង្ហាញ​ខ្លួន​នៅ​ទី​លាន​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ដែរ ប៉ុន្តែ​​កីឡាករ​មិន​​បាន​ចូល​លេង​​ទេ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​រូប​គេ​​ចូល​លេង។

 

ជួប​ជា​មួយ​ Sabay កីឡាករ​កូន​កាត់​ខ្មែរ​-បារាំង​រូប​នេះ​បាន​ប្រាប់​ថា រូប​គេ​មិន​ទាន់​ជា​ពី​របួស​១០០%​នៅ​ឡើយ​ទេ​ ដូច្នេះ​មិន​អាច​ចូល​លេង​បាន​ឡើយ​ ប៉ុន្តែ​ពេល​ប្រកួត​មិត្តភាព​រវាង​កម្ពុជា​ និង​ឡាវ​នា​ថ្ងៃ​ទី​២ ខែ​មិថុនា​ខាង​មុខ​នេះ​ រូប​គេ​ទំនង​ជា​អាច​ចូល​លេង​វិញ​បាន។

 

ចាប់​តាំង​ពី​បាន​ជាប់​ជម្រើស​ជាតិ​មក​ វ៉ា សុខថន ដែល​មាន​ល្បឿន​លឿន ​បាន​ស៊ុត​​ចូល​​ទី​​​​គ្រាប់​ដំបូង​​របស់​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​​​មួយ​គ្រាប់​ហើយ​នៅ​ពេល​ក្រុម​កម្ពុជា​ឈុត​ធំ​ឈ្នះ​ក្រុម​កីឡាករ​ជប៉ុន​ប្រកប​អាជីព​នៅ​កម្ពុជា​ដោយ​លទ្ធផល​៤-១។ អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​រូប​គេ​បំផុត​នោះ​គឺ​នៅ​ពេល​កីឡាករ​រូប​នេះ​ជាប់​ជម្រើស​ដំបូង​ពេល​កម្ពុជា​ឈ្នះ​ម៉ាកាវ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ដោយ​លទ្ធផល​៣-០ នៅ​ស្តាត​ចាស់៕ វីដអូ៖ វ៉ា សុខថន ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​ក្រុម

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី