សិស្ស​ពូកែ​​លេខ​៣​ថ្នាក់​ជាតិ​​បង្ហាញ​​របៀប​​វិញ្ញាសា​គេ​​និយម​​ចេញ​

  • 2014-10-11 16:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សិស្ស​ពូកែ​លេខ ​៣​ថ្នាក់​ជាតិ​ផ្នែក​គណិតវិទ្យា​​ឆ្នាំ​២០០៥​ គឹម ចាន់​ អាយុ​២៧​ឆ្នាំ​ តែង​ប្រមូល​វិញ្ញាសា​ប្រឡង​ផ្សេង​ៗ​មក​បង្ហោះ​លើ​ប្លុក​​របស់​​ខ្លួន​​ ដែល​មាន​ឈ្មោះ​ថា​ Cambomaths​ ដើម្បី​ចែក​ជូន​អ្នក​ត្រៀម​ប្រឡង​បាក់ឌុប​ ប្រឡង​សិស្ស​ពូកែ​ ឬ​ប្រឡង​ចូល​មហាវិទ្យាល័យ​បាន​សិក្សា​ស្វែង​យល់។ តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ និង​ការ​សង្កេត​លើ​វិញ្ញាសា​ស្ទើរ​គ្រប់​មុខ​វិជ្ជា​ ជាពិសេស​គឺ​គណិតវិទ្យា​ អតីត​សិស្ស​អាហារូបករណ៍​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​រូប​នេះ ​បាន​បង្ហាញ​ពី​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​បេក្ខជន​​ប្រឡង​បាក់ឌុប​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​​ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​ Sabay​ ដូច​តទៅ៖

 

 

Sabay៖ លោក​ គឹម​ ចាន់! តើ​អ្វី​ជា​គោលបំណង​របស់​លោក​ក្នុង​ការ​បង្កើត​ប្លុក ​Cambomaths ​នេះ​ ដោយ​បង្ហោះ​វិញ្ញាសា​ប្រឡង​ផ្សេង​ៗ?

គឹម ចាន់៖ ការ ​បង្កើត​ប្លុក​នេះ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​ ឆ្នាំ​២០០៩​ គឺ​ដោយសារ​​ខ្ញុំ​ផ្ទាល់​ស្រឡាញ់​ការ​សិក្សា​ និង​ដោយសារ​មាន​តម្រូវ​​ការ​ពី​យុវជន​ចង់​បាន​វិញ្ញាសា​ទាំង​នេះ​យក​ទៅ​ សិក្សា​រៀន​សូត្រ។ នៅ​ក្នុង​ប្លុក​នេះ​ ខ្ញុំ​មិន​ត្រឹម​​តែ​បង្ហោះ​វិញ្ញាសា​ប្រឡង​ឆមាស​នីមួយៗ​ ប្រឡង​ឌីប្លូម​ ប្រឡង​បាក់ឌុប​ ឬ​ប្រឡង​សិស្ស​ពូកែ​នោះ​ទេ​ គឺ​មាន​ឯកសារ​ជា​ច្រើន​ទាក់​ទង​​នឹង​ការ​ប្រឡង​គណិតវិទ្យា​ពិភពលោក​ផង​ដែរ​ ដែល​អាច​ផ្ដល់​ជា​ជំនួយ​សម្រាប់​ការ​ត្រៀម​ប្រឡង​នានា។ ខ្ញុំ​សង្ឃឹមថា​ តាម​រយៈ​ប្លុក​នេះ​​យុវជន​​អាច​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ប្លែកៗ​ ដើម្បី​យក​មក​ធ្វើការ​ពិចារណា​ ក៏​ដូច​ជា​យក​មក​អភិវឌ្ឍ​ខ្លួន​ដើម្បី​ឈាន​ទៅ​រក​ជោគជ័យ​ដ៏​ប្រពៃ​​ក្នុង​ ថ្ងៃ​អនាគត​​របស់​ខ្លួន។

 

Sabay៖ តើ​លោក​បាន​វិញ្ញាសា​ទាំង​អស់​នេះ​ មក​បង្ហោះ​លើ​ប្លុក​របស់​លោក​ ពី​ណា​មក? គឹម ចាន់៖ ខ្ញុំ​មាន​បណ្ដាញ​របស់​ខ្ញុំ។ ដោយសារ​ខ្ញុំ​ធ្លាប់​ជា​អតីត​សិស្ស​ពូកែ​ប្រចាំ​ខេត្ត​កំពត​ទាំង​ឌីប្លូម និង​បាក់ឌុប​ និង​ជា​ជយលាភី​លេខ​៣​ផ្នែក​គណិតវិទ្យា​ឆ្នាំ​២០០៥​ មាន​សិស្ស​ជា​ច្រើន​តែង​តែ​មក​លេង​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ជូន​ពួកគេ។ យើង​បាន​បង្កើត​បណ្ដាញ​ជាមួយ​គ្នា។

 

ដូច្នេះ​ហើយ​សិស្ស​ប្អូន​ៗ​ជា​ ច្រើន​តែង​តែ​ផ្ដល់​នូវ​វិញ្ញាសា​ដែល​គេ​ទទួល​បាន​មក​ឲ្យ​ខ្ញុំ។ ខ្ញុំ​ប្រមូល​បាន​វិញ្ញាសា​ទាំង​ការ​ប្រឡង​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​ ពី​ខេត្ត​កណ្ដាល​ ខេត្ត​កំពត​ ខេត្ត​តាកែវ​ ក៏​ដូច​ជា​ខេត្ត​ព្រៃ​វែង។ ខ្ញុំ​បាន​រក្សា​វិញ្ញាសា​ទាំង​នេះ​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ។ Sabay៖ នៅ​ក្នុង​ប្លុក​​របស់​ គឹម ចាន់​ ក៏​មាន​បង្ហាញ​វិញ្ញាសា​បរទេស​ផង​ដែរ។ ចុះ​​វិញ្ញាសា​​ខ្មែរ​​ មាន​អ្វី​ដូច​គ្នា​នឹង​វិញ្ញាសា​របស់​​បរទេស​ទេ? គឹម ចាន់៖ តាម​ការ​សង្កេត​របស់​ខ្ញុំ​ វិញ្ញាសា​ ជាពិសេស​គណិតវិទ្យា​តែ​ម្ដង​ គឺ​ដក​ស្រង​ចេញ​ពី​​​គណិតវិទ្យា​អន្តរជាតិ​ International Mathemmatical Olympiad (IMO)​ខ្លះ​ដែរ​ ​ដូច​ជា​ពី​ជប៉ុន​ ចិន​ ជាពិសេស​គឺ​វៀតណាម​តែ​ម្ដង​ ដោយសារ​វៀតណាម​ពូកែ​ណាស់​ខាង​គណិតវិទ្យា។ តាម​ការ​សង្កេត​របស់​ខ្ញុំ​ វិញ្ញាសា​គណិតវិទ្យា​របស់​យើង​នៅ​មាន​ការ​ដក​​ស្រង់​​ច្រើន​ ខណៈ​វិញ្ញាសា​គណិតវិទ្យា​នៅ​ស្រុក​គេ​វិញ​ គឺ​មាន​​ការ​បង្កើត​​ឡើង​ថ្មី​ៗ។

 

Sabay៖ តាម​រយៈ​ការ​សង្កេត​លើ​វិញ្ញាសា​ជា​ច្រើន​រាប់​មិន​អស់​ តើ​លោក​យល់​ថា​ វិញ្ញាសា​ដែល​ចេញ​មក​​មាន​អ្វី​អាច​កត់​សម្គាល់​បាន​ទេ?

គឹម ចាន់៖ មិន​ថា​មុខ​វិជ្ជា​រូប​ គីមី​ ឬ​គណិត​ឡើយ​ លំហាត់​ដែល​ចេញ​មក​គឺ​​មាន​​របៀប​ និង​លំនាំ​តាម​គ្នា។ ឧទាហរណ៍​ វិញ្ញាសា​គណិតវិទ្យា​ ដែល​ជា​មុខ​វិជ្ជា​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ គឺ​របៀប​ចេញ​លំហាត់​របស់​គេ​ ជា​ទូទៅ ​មាន​ពី​៦​ទៅ​៧​លំហាត់។

 

ជា​ទូទៅ ​ លំហាត់​ទី១​គេ​ចេញ​កុំផ្លិច,​ ទី​២​ចេញ​ប្រូបាប,​ ទី៣​ចេញ​អាំងតេក្រាល​​ (គណនា​រក​ A, B, C ​រួច​ទាញ​រក​អាំងតេក្រាល​I), ​ទី៤​ចេញ​សមីការ​ឌឺផេរ៉ង់ស្យែល​ ឬ​អេលីប​ ប៉ារ៉ាបូល, ទី​៥​ចេញ​អនុគមន៍ ​(រក​ដេរីវ៉េ​ សមីការ​បន្ទាត់​ប៉ះ…), ទី៦​ចេញ​ លំហាត់​ធរណីមាត្រ​ក្នុង​លំហ​ (ផល​គុណ​វិចទ័រ​ សមីការ​បន្ទាត់​ ស្វ៊ែរ​ សមីការ​ប្លង់​ មាឌ​តេត្រាអែត…)​ ហើយ​ទី៧​ គឺ​លំហាត់​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ គឺ​សិក្សា​អនុគមន៍​ និង​សង់​ក្រាប​ (រក​លីមីត​ ដេរីវេ​ បរមា​ អាស៊ីមតូត​ សង់​តារាង​អត្ថិភាព​ សង់​ក្រាប..)។

 

ចំណែក​លំហាត់​រូបវិទ្យា​ ខ្ញុំ​កត់​សម្គាល់​ឃើញ​មួយ​ថា​ តែង​តែ​ចេញ​ដដែល​ៗ​ ដូចជា​លំហាត់​ធ្លាប់​ចេញ​​នៅ​ឆមាស​ទី​មួយ​នៅ​ឆ្នាំ​២០១១​ហើយ​ ស្រាប់​តែ​ចេញ​នៅ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​២០១២​ម្ដង​ទៀត​ គ្រាន់​តែ​ដូរ​លេខ​ប៉ុណ្ណោះ។ ដូច្នេះ​ការ​សិក្សា​ពី​វិញ្ញាសា​ គឺ​សំខាន់​ណាស់។

 

ឥឡូវ​នេះ​ វិញ្ញាសា​ដូច​ជា​មិន​ពិបាក​រក​ទេ​ គឺ​គេ​មាន​បោះពុម្ព​តាំង​ពី​ឆ្នាំ​២០០២​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ដូច្នេះ​បើ​បេក្ខជន​អាច​ធ្វើ​លំហាត់​ក្នុង​វិញ្ញាសា​ទាំង​អស់​នេះ​​​បាន​ ទាំង​អស់​​ ខ្ញុំ​ជឿ​ថា​ លំហាត់​ដែល​ចេញ​មក​ គេ​នឹង​ដឹង​ភ្លាម​ថា​ លំហាត់​នោះ​មាន​នៅ​ក្នុង​វិញ្ញាសា​ណា​មិន​ខាន និង​​អាច​ធ្វើ​បាន​ទៀត​​ផង។

 

Sabay៖ ចុះ​ក្រៅ​ពី​មុខ​វិជ្ជា​វិទ្យាសាស្ត្រ ​ តើ​វិញ្ញាសា​មុខ​វិជ្ជា​សង្គម​ ដូច​ជា​ភូមិ​ ប្រវត្តិ​ ឬ​ពលរដ្ឋវិទ្យា​​វិញ​ អាច​ចេញ​របៀប​ណា​ដែរ? គឹម ចាន់៖ សម្រាប់​មុខវិជ្ជា​សង្គម​វិញ​ ខ្ញុំ​គិត​ថា​ បេក្ខជន​មិន​ត្រូវ​មើល​រំលង​សៀវភៅ​ពុម្ព​របស់​ក្រសួង​ជា​ដាច់​ខាត ពី​ព្រោះ​យើង​សិក្សា​មេរៀន​ចេញ​ពី​សៀវភៅ​ទាំង​នេះ ដូច្នេះ​លំហាត់​ត្រូវ​ចេញ​ពី​សៀវភៅ​ទាំង​នេះ។ ដូច្នេះ​ ខ្ញុំ​ឲ្យ​យោបល់​ បេក្ខជន​ត្រូវ​គិត​មេរៀន​ក្នុង​សៀវភៅ​ពុម្ព​ឡើង​​វិញ​ មិន​ត្រូវ​គិត​តែ​ក្នុង​សៀវភៅ​កំណែ​នោះ​ទេ។

 

សម្រាប់​ភូមិ​វិទ្យា​ និង​ប្រវត្តិ​វិទ្យា​ ខ្ញុំ​តែ​សង្កេត​ឃើញ​ថា​ មាន​សំណួរ​ចេញ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ​ខ្លះ​ ដែល​កើត​មាន​ក្នុង​សង្គម​ខ្មែរ។ ដោយ​សារ​ថ្មី​ៗ​នេះ​​ យើង​ទើប​មាន​ការ​បោះ​ឆ្នោត​ ដូច្នេះ​សិស្ស​គួរ​តែ​ស្វែង​យល់​អំពី​តួនាទី​នៅ​សភា​ផង​ដែរ។

 

Sabay៖ ពេល​ប្រឡង​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ តាម​រយៈ​បទ​ពិសោធន៍​របស់​លោក​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ប្រឡង​ជា​ច្រើន ​តើ​សិស្ស​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​អាច​រៀន​ចេះ​ច្រើន​ក្នុង​ពេល​ដ៏​ខ្លី​នេះ? គឹម ចាន់៖ ថ្វីត្បិត​តែ​សល់​ប៉ុន្មាន​ថ្ងៃ​មែន​ ប៉ុន្តែ​បើ​យើង​ខំ​រៀន​ យើង​អាច​រៀន​បាន​ច្រើន​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ខ្ញុំ​គិត​ថា​ បេក្ខជន​ដែល​ត្រៀម​ប្រឡង​ គួរ​តែ​ស្វែង​យល់​ពី​ភាព​ខ្សោយ​ និង​ភាព​ខ្លាំង​របស់​ខ្លួន​ឲ្យ​ឃើញ។ ឧទាហរណ៍​ បើ​យើង​ខ្សោយ​មេរៀន​ប្រូបាប​ យើង​ចាប់​ផ្ដើម​ខំ​ប្រឹង​ធ្វើ​លំហាត់​មេរៀន​នេះ​ឲ្យ​បាន​ច្រើន។ ឥឡូវ​នេះ​ អ្វី​ដែល​យើង​ខ្សោយ​ យើង​បុក​រៀន​វិជ្ជា​ហ្នឹង​ឲ្យ​ខ្លាំង។ ធ្វើ​ឲ្យ​ច្រើន​ទៅ​ ខ្ញុំ​គិត​ថា​ យើង​នឹង​អាច​ធ្វើ​បាន​ខ្លះ​ហើយ។

 

Sabay៖ សិស្ស​ជា​ច្រើន​តែង​លើក​ឡើង​ថា​ គេ​តែង​តែ​ភ័យ​ពេល​ប្រឡង។ ចុះ​ គឹម​ ចាន់​ មាន​យោបល់​អ្វី​ធ្វើ​ឲ្យ​បេក្ខជន​កុំ​ឲ្យ​​តក់​ស្លុត​ឲ្យ​សោះ​ពេល​ប្រឡង? គឹម ចាន់៖ ដើម្បី​កុំ​ឲ្យ​ភ័យ​តក់​ស្លុត​ ខ្ញុំ​គិត​ថា​ ពេល​ទទួល​បាន​វិញ្ញាសា​ភ្លាម​ បេក្ខជន​ត្រូវ​មើល​សំនួរ​ទាំង​អស់​សិន។ ឃើញ​សំណួរ​ណា​ស្រួល​ យើង​ធ្វើ​អា​ហ្នឹង​មុន។ បើ​យើង​ធ្វើ​អា​យ៉ាប់​មុន​ ពេល​ដែល​យើង​ទាល់​ យើង​អាច​ភ័យ។ បើ​ភ័យ​ហើយ​ សូម្បី​តែ​អា​ស្រួល​ក៏​យើង​ធ្វើ​មិន​ត្រូវ​ដែរ។ ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា​ដែល​អាច​នឹង​កើត​ឡើង​ ​យើង​ធ្វើ​អា​លំហាត់​​ស្រួល​ឲ្យ​រួច​សិន​ទៅ យ៉ាង​ហោច​ណាស់​យើង​អាច​បាន​ពិន្ទុ​ខ្លះ។

 

ប៉ុន្តែ​វា​ទាក់​ទង​នឹង​ពេល​ វេលា​ដែរ។ ខ្ញុំ​ឲ្យ​យោបល់​ថា​ បេក្ខជន​គួរ​តែ​មាន​នាឡិកា​នៅ​ពេល​ប្រឡង។ ពេល​គេ​ធ្វើ​បាន​៣​សំណួរ​ គេ​គួរ​ក្រឡេក​មើល​ម៉ោង​ម្ដង។ ជួន​កាល​គេ​ជក់​នឹង​លំហាត់​ពេក​ ភ្លេច​គិត​ពី​ពេល​វេលា​ដែល​ជិត​អស់​ គេ​​អាច​នឹង​បាត់​ឱកាស​ធ្វើ​លំហាត់​ដែល​ផ្ដល់​​ពិន្ទុ​ច្រើន​ៗ​ដែរ។ ដូច្នេះ​នាឡិកា​នេះ​ជួយ​កុងត្រូល​ពេលវេលា​ឲ្យ​បេក្ខជន​ ក្នុង​ការ​បត់បែន​ទៅ​តាម​កាលៈទេសៈ៕

 

-កាន់​តែ​ធ្ងន់​កហើយ​! បាក់​ឌុប​លើក​ទី​​ ២ មាន​នគរបាល​យុត្តិធម៌​​ចូល​រួម​​សង្កេតការណ៍​ដែរ​!

 

អត្ថបទ៖ មាស រ័ត្ន