កាន់​តែ​ពិសេស​ហើយ ឃួន ឡាបូរ៉ាវី​ ក្លាយ​ជា​ Brand Ambassador ឲ្យ​ Puma ប្រចាំ​នៅ​កម្ពុជា​

  • 2015-06-08 22:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ម៉ោង​១​​ថ្ងៃ​នេះ​ កីឡាករ​បាល់​ទាត់​កម្ពុជា​​ដ៏​ឆ្នើម​ ឃួន ឡាបូរ៉ាវី​ បាន​សម្រេច​ចុះ​កុងត្រា​​រយៈ​ពេល​ពីរ​ឆ្នាំ​ដើម្បី​ធ្វើ​ជា​ទូត​សុឆន្ទៈ​ (Brand Ambassador)​ឲ្យ​ក្រុម​ហ៊ុន​សម្ភារៈ​កីឡា​ Puma ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

 

 លោក បែ មករា (ឆ្វេង) ឃួន ឡាបូរ៉ាវី (កណ្តាល) និង លោក កុក កាន់​រតនា (ស្តាំ)​ក្នុង​ពិធី​ចុះ​ហត្ថលេខា ​កាល​ពី​រសៀល​ថ្ងៃ​នេះ

លោក​ កុក​ កាន់រតនា ប្រធាន​ក្រុម​ហ៊ុន​​ META SPORT ជា​តំណាង​ឲ្យ​ Puma ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដើម្បី​ជួយ​លើក​កម្ពស់​តម្លៃ​របស់​កីឡាករ​បាល់ទាត់​ និង​ជំរុញ​លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ Puma បាន​​សម្រេច​ចុះ​កុងត្រា​ជា​មួយ​កីឡាករ​ ឃួន ឡាបូរ៉ាវី​ ដើម្បី​ធ្វើ​ជា​ទូត​សុឆន្ទៈ​​តំណាង​​​ផលិតផល​​កីឡា​ Puma ប្រចាំ​នៅ​​ប្រទេស​កម្ពុជា​ និង​ប្រែ​ក្លាយ​​​កុង​ត្រា​នេះ​ឲ្យ​​​មាន​ប្រយោជន៍​ដល់​កីឡា​បាល់ទាត់​នៅ​ស្រុក​ខ្មែរ។

 

លោក​បាន​ឲ្យ​ដឹង​ថា ៖«​ទី​១​ យើង​ចង់​ជួយ​លើក​ទឹក​ចិត្ត​​ដល់​កីឡាករ​បាល់ទាត់​ និង​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​នៅ​ស្រុក​ខ្មែរ​ ​ស្រប​ពេល​ដែល​កីឡា​បាល់ទាត់​នៅ​ស្រុក​ខ្មែរ​កំពុង​មាន​ការ​វិវត្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ទី​២​ ​យើង​ចង់​បង្ហាញ​ពី​ការ​ផ្តល់​តម្លៃ​ដល់​កីឡាករ​បាល់ទាត់​កម្ពុជា​ដូច​ជា ឃួន ឡាបូរ៉ាវី​​នេះ​ដែល​នឹង​ដើរ​តួនាទី​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​ទី​៣ យើង​នឹង​រៀប​ចំ​សកម្មភាព​ផ្សេង​​ៗ​ដូច​ជា​ Football clinic​ ជា​ដើម​​ដើម្បី​ជួយ​បង្ហាត់​បង្ហាញ ណែនាំ និង​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយ​ពី​របៀប​លេង​បាល់»។

 

លោក​បន្ថែម​ថា​ មិន​ត្រឹម​ប៉ុណ្ណោះ​ ផលិត​ផល​កីឡា​ Puma ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នឹង​​ចុះ​កុងត្រា​​ជា​មួយ​កីឡាករ​ផ្សេង​​បន្ថែម​ទៀត​ និង​​​ជួយ​ឧបត្ថម្ភ​​ដល់​​វិស័យ​កីឡា​ផ្សេង​ៗ​​ឲ្យ​ស្រប​តាម​ចក្ខុវិស័យ​របស់​ Puma អន្តរជាតិ​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា។

 

  ឃួន ឡាបូរ៉ាវី (កណ្តាល) និង លោក កុក កាន់​រតនា (ស្តាំ)​ក្នុង​ពិធី​ចុះ​ហត្ថលេខា ​កាល​ពី​រសៀល​ថ្ងៃ​នេះ

 

ចំពោះ​កីឡាករ ឃួន ឡាបូរ៉ាវិ​បាន​បង្ហាញ​​អារម្មណ៍​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ក្លាយ​ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល Puma ពី​ព្រោះ​ការ​ចុះ​កុងត្រា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​បាល់ទាត់​កម្ពុជា​កំពុង​មាន​​តម្លៃ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​ស្ថាប័ន​ឯកជន។

 

ខ្សែ​ប្រយុទ្ធ​របស់​បឹងកេត​រូប​នេះ​និយាយថា ៖«រំភើប​ខ្លាំង ព្រោះ​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ប្រើ​ផលិតផល​ម៉ាក​ល្បី​ពិត​ប្រាកដ ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដល់​ខ្ញុំ​ច្រើន។ បើ​ខ្ញុំ​ចង់​ទិញ​ស្បែង​ជើង​​ម៉ាក​ល្បី​ថ្មី​មួយ​គូ ខ្ញុំ​ត្រូវ​សន្សំ​ប្រាក់​ខែ​ពីរ​ទៅ​៣​ខែ តែ​ពេល​នេះ​ខ្ញុំ​មិន​ចាំ​បាច់​ចំណាយ​ច្រើន​ទេ»។

 

ដោយឡែក​លោក បែ មករា អ្នក​ចាត់​ការ​របស់​ក្លិប​បឹងកេត​បាន​លើក​ឡើង​ថា នេះ​ជា​​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​ហ៊ុន​ឯកជន​ចាប់​អារម្មណ៍​នឹង​កីឡាករ​បាល់ទាត់​ខ្មែរ ហើយ​ចុះ​កុងត្រា​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ។ ការ​ចុះ​កុង​ត្រា​របស់ ឃួន ឡាបូរ៉ាវី​ជា​ចំណែក​មួយ​ដ៏​សំខាន់​​បង្ហាញ​ថា កីឡាករ​បាល់ទាត់​ខ្មែរ​មាន​តម្លៃ​ដែល​ជួយ​ជំរុញ​ទឹក​ចិត្ត​កីឡាករ​ខិត​ខំ​ប្រឹង​លេង​បាល់ទាត់​កាន់​តែ​ខ្លាំង​ឡើង។ ប្រសិន​បើ​មាន​ក្រុម​ហ៊ុន​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​នឹង​បាល់ទាត់​នោះ វិស័យ​បាល់ទាត់​នៅ​ស្រុក​ខ្មែរ​កាន់​តែ​ល្បីល្បាញ។

 

លោក​បាន​និយាយ​ថា ៖«​ការ​ចុះ​កុងត្រា​នេះ​ជួយ​ធ្វើ​ឲ្យ​កីឡាករ​កាន់​តែ​មាន​ទឹក​ចិត្ត និង​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យល់​ឃើញ​​ពី​តម្លៃ​កីឡា​បាល់ទាត់ ហើយ​នឹង​ប្រឹង​ប្រែង​លេង​កីឡា​ដើម្បី​ក្លាយ​ជា​កីឡា​ករ​អាជីព»។

 

ផលិត​ផល​កីឡា​ Puma​ ដែល​ជាប់​ចំណាត់​ថ្នាក់​ពិភព​លោកមួយ​​ក្នុង​ចំណោម​ផលិត​ផល​កីឡា​ម៉ាក​ល្បី​ៗ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​។ ផលិត​ផល​​កីឡា​ Puma មាន​៤​ប្រភេទ​​ផ្សេង​គ្នា​គឺ​ សម្ភារៈ​សម្រាប់​រត់​ប្រណាំង សម្ភារៈ​សម្រាប់​បាល់ទាត់​ សម្ភារៈ​សម្រាប់​​ដើរ​កម្សាន្ត (Life style) និង​សម្ភារៈ​សម្រាប់​ប្រណាំង​យានយន្ត។  សព្វ​ថ្ងៃ​​ Puma បាន​កំពុង​ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​កំពូល​នៅ​អង់គ្លេស​គឺ​ក្រុម​កាំភ្លើង​ធំ​ Arsenal និង​កីឡាករ​ល្បី​ៗ​ជា​​ច្រើន។ ក្រៅ​ពី​វិស័យ​បាល់ទាត់ Puma ក៏​ឧបត្ថម្ភ​ដល់​កំពូល​អ្នក​រត់​ប្រណាំង​លេខ​១​លើ​លោក​គឺ Usain Bolt៕

 

 ស្បែក​ជើង​ថ្មី​សន្លឹង​ដែល ឃួន ឡាបូរ៉ាវី ទទួល​បាន

 

អត្ថបទ៖ ជាន ចាន់រ៉ា