Juventus ចុះ​កុងត្រា​យក​ Khedira ​ពី Real ផ្លូវ​ការ​ហើយ

  • 2015-06-10 16:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​ Juventus ​បាន​ចុះ​កិច្ចសន្យា​នាំ​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Sami Khedira ​ពី​ក្លិប​ Real Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន​ (free transfer) ​ផ្លូវ​ការ​ហើយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លិប​ជើង​ឯក​អ៊ីតាលី​ កាល​ពី​យប់​មិញ។

 

 

Khedira ​វ័យ​២៨​ឆ្នាំ ​បាន​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ ជាមួយ​ក្លិប​ជើង​ឯក​​រង​ UEFA Champions League ហើយ​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្លិប​នា​ទីក្រុង​ Turin អ៊ីតាលី​ ​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា។

 

​បន្ទាប់​ពី​​លេង​ឲ្យ​ Real រយៈពេល​៥​ឆ្នាំ ខ្សែ​បម្រើ​រូប​នេះ​បាន​ជួយ​​ឲ្យ​ក្លិប​​ឈ្នះ​ពាន​សំខាន់ៗ​ដូច​ជា La Liga ​១​ដង, Copa del Rey ​២​ដង និង​​លើក​ពាន UEFA Champions League ១​ដង កាល​ពី​ឆ្នាំ​មុន។

 

 

 

អតីត​ខ្សែ​បម្រើ​ VfB Stuttgart ​ក៏​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​​សរុប​​បាន ៥៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៥​គ្រាប់ ហើយ​ក៏​ជា​តួអង្គ​ដ៏​សំខាន់​មួយ​រូប​ ជួយ​ឲ្យ​អាល្លឺម៉ង់ លើក​ពាន​ FIFA World Cup ឆ្នាំ​២០១៤​ផង​ដែរ។

 

តាំង​ពី​ផ្ទេរ​ទៅ Real កាល​ឆ្នាំ​២០១០ Khedira បាន​បង្ហាញ​ខ្លួន​​ឲ្យ​ Real Madrid បាន​សរុប​ ១៦១​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​​បាន​ ៩​គ្រាប់៕

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Khedira នឹង​លេង​ល្អ​ ឬ​អត់​នៅ​ Juventus រដូវ​កាល​ក្រោយ?

 

-ចុចអាន៖ Ronaldo ជិត​​ចេញ​​ខ្សែ​ភាពយន្ត​​របស់​ខ្លួន ចុង​ឆ្នាំ​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទថ្មី