ជំងឺ​ផ្លូវ​ដង្ហើម​គ្មាន​ថ្នាំ​ព្យាបាល MERS រីក​រាលដាល​ដល់​ថៃ​ហើយ

  • 2015-06-19 15:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Bangkok Post ​បាន​ចុះ​ផ្សាយ​ថា ប្រទេស​ថៃ​ទើប​មាន​អ្នក​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម MERS ទី​មួយ បន្ទាប់​ពី​បុរស​ម្នាក់​ធ្វើ​ដំណើរ​មក​ពី​តំបន់​មជ្ឈិម​បូព៌ា។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក Rajata Rajatanavin ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​របស់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

 

លោក Rajatanavin បាន​និយាយ​ថា បុរស​ម្នាក់​មាន​ផ្ទុក​ជំងឺ​ផ្លូវ​ដង្ហើម MERS ពេល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ចូល​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា បុរស​រងគ្រោះ​វ័យ ៧៥​ឆ្នាំ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​នៅ​វិទ្យាស្ថាន​ជំងឺ​ឆ្លង Bamrasbaradura ក្នុង​ខេត្ត Nonthaburi។

 

បុរស​ឆ្លង​ជំងឺ MERS បាន​ធ្វើ​ដំណើរ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ​បី​នាក់​ទៀត ដែល​កំពុង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល។ ក្រៅ​ពី​នេះ មនុស្ស ៥៩​នាក់​ទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ ដូច​ជា​អ្នក​ដំណើរ​លើ​យន្តហោះ និង​អ្នក​បើក​តាក់ស៊ី ក៏​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដែរ។

 

​​​បន្ទាប់​ពី​មាន​ករណី​ទី​មួយ​នេះ ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ទី២៦ រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល MERS ដែល​រីក​រាលដាល​ដំបូង​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ​២០១២។ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រាប់​ប្រជាជន​កុំ​ឲ្យ​មានការ​ភ័យ​ស្លន់​ស្លោ ចំពោះ​ការ​រក​ឃើញ​ករណី​ឆ្លង​ដំបូង​ក្នុង​ប្រទេស​នេះ។

 

បច្ចុប្បន្ន ជំងឺ​ផ្លូវ​ដង្ហើម MERS កំពុង​រីក​រាលដាល​ខ្លាំង​នៅ​កូរ៉េខាងត្បូង បន្ទាប់​ពី​អ្នក​ជំនួញ​ម្នាក់​ធ្វើ​ដំណើរ​មក​ពី​តំបន់​មជ្ឈិម​បូព៌ា កាល​ពី​ចុង​ខែ​ឧសភា។ អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ បាន​កើន​ឡើង​ដល់ ២៤​នាក់ និង​មាន​អ្នក​ឆ្លង ១៦៦​នាក់​ផ្សេង​ទៀត។ ចំណែក​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏​ប្រកាស​ពី​អ្នក​ស្លាប់​ដោយ​ជំងឺ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​នេះ​​ផង​ដែរ៕

 

 

 

អាន​ព័ត៌មានជា​ច្រើន​ទៀត​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម MERS៖ សូម​ចុច​ទី​នេះ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ bangkokpost

អត្ថបទថ្មី