ភិន សុដាលីស ក្តាប់​បាន​តំណែង​ពិធីការិនី​ថ្មី​នៅ PNN

  • 2015-06-22 23:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភិន សុដាលីស ដែល​ក្ដាប់​បាន​តំណែង​តួឯក​ជា​​ច្រើន​រឿង​នៅ​ផលិតកម្ម​មហាហង្ស​របស់​ឪពុក​នាង លោក អិន សុភិន នោះ ថ្មីៗ​នេះ ដាលីស ទទួល​បាន​អាជីព​ជា​ពិធីការនី​ថ្មី​បន្ថែម​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ PNN ក្នុង​កម្ម​វិធី Teen Talk ។

 

 

ដាលីស បាន ​Sabay មុន​នឹង​ថា ៖ "ចាស​បង​ឆាប់​ៗខាង​មុខ​នេះ​ខ្ញុំ​នឹង​ត្រៀម​ចេញ​មុខ និង​ចាប់​អាជីព​ថ្មី​បន្ថែម​នៅ​ទូរទស្សន៍ PNN គឺ​ធ្វើ​ជា​ពិធី​ការិនី​ណា​បង"។ បើ​ទោះ​មិន​ទាន់​ដល់​ថ្ងៃ​ចាក់​ផ្សាយ ប៉ុន្តែ​កម្មវិធី​ខាង​លើ​នេះ បាន​ថត​ទុក​មួយ​ចំនួន​រួច​ហើយ។

 

ពាក់​ព័ន្ធ​នឹង​ការងារ​នេះ ភិន សុដាលីស បាន​ប្រាប់​ថា មាន​ការ​ពិបាក​ព្រោះ​មិន​ដែល​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក ៖"អូ​បង...ធ្លាប់​តែ​ជា​តារា​សម្ដែង​ឥឡូវ​មក​ធ្វើ​ជា​ពិធី​ការិនី​វិញ​ដូច​ជា​ពិបាក​ដែរ​បង​ព្រោះ​អ្វី​ៗ​មាន​លក្ខណៈ​ថ្មី​ហើយ​ត្រូវ​និយាយ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស៊ី​ចង្វាក់​ជាមួយ​ដៃ​គូ និង​ធ្វើឲ្យ​ទស្សនិកជន​បាន​យល់​ពី​អ្វី​ដែល​យើង​ចង់​ផ្តល់​ទៅ​ឲ្យ​ពួក​គាត់"។

 

ស្រី​ស្រស់ ដាលីស បន្ត៖ "ការ​និយាយ​របស់​ខ្ញុំ​មិន​ទាន់​ចេះ​លើក​ដាក់​សម្លេង​បាន​ល្អ​ទេ​និយាយ​ទៅ​ខ្ញុំ​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ហ្វឹកហាត់​និង​រៀន​សូត្រ​តាម​រៀម​ច្បង​មួយ​ចំនួន"។

 

ចំពោះ​ការ​ចាប់​ធ្វើ​ជា​ពិធី​ការិនី​ថ្មី​នេះ គឺ​ជា​ការ​ឥត​ព្រៀង​ទុក​ព្រោះ​ពេល​នោះ​ខាង​អ្នក​ដឹកនាំ​របស់​ទូរទស្សន៍ PNN កំពុង​តែ​រក​ពិធីការនី​ណា​មាន​វ័យ​ក្មេង​ហើយ​ស្អាត​សម​ជាមួយ​កម្មវិធី​ប៉ុន្តែ​រក​មិន​បាន​។ តែ​ចៃដន្យ ខណៈ​ពេល​មួយ​ក៏​បាន​​​ជួប​នឹង ដាលីស ទើប​ហៅ​រូប​នាង​ទៅ​សាក​ជាមួយ​នឹង​កាមេរ៉ា​និង​ចាប់​ផ្តើម​ធ្វើ​តេស្ដ​សម្លេង​ ក៏​ត្រូវ​អ្នក​ដឹក​នាំ​ទទួល​យក​បាន​តែ​ម្ដង។ នេះ​បើ​តាម​ ដាលីស បញ្ជាក់​។​

 

 

ថ្វី​ត្បិត​ថា​ នេះ​ជា​ការ​ថ្មី​សម្រាប់ ដាលីស ប៉ុន្តែ​នាង​មាន​ភាព​ជឿជាក់​នឹង​​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ ព្រោះ​កម្ម​វិធី​មាន​លក្ខណៈ​សប្បាយៗ​ត្រូវ​នឹង​នាង ជា​មនុស្ស​ចូល​ចិត្ត​សប្បាយ​ដែរ។

 

​ដាលីស កូន​ស្រី​របស់​ម្ចាស់​ផលិត​កម្ម​មហាហង្ស​ ត្រូវ​បាន​ទស្សនិកជន​សង្កេត​ឃើញ​ថា​ជា​តារា​ដែល​ក្តាប់​បាន​តំណែង​តួ​ឯក​ជា​ច្រើន​រឿង​​ដូចជា​ "ពេជ្រ​ក្នុង​បេះ​ដូង”, "ឆ្អែតចិត្ត”, "អច្ឆរិយ​ស្នេហ៍”, "អព្ភូត​ហេតុ​ស្នេហ៍" ,"រលក​បោក​ខ្សាច់" និង​រឿង"​អា​ព្រឿង​ងាប់ហើយ" ព្រម​ទាំង​លេច​មុខ​តាម​ឈុត​ខារ៉ាអូខេ​របស់​ផលិតកម្ម​ល្បីៗ​ជា​ច្រើន​ទៀត៕

 

អត្ថបទ៖ ថា ម៉ាលីដា